នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងពីបំណងប្រាថ្នារបស់លោក ក្នុងការដកសញ្ជាតិអាមេរិកាំងរបស់ចៅលោកម្នាក់ ដែលលោកអះអាងថា បានចាប់កំណើតក្នុងទឹកដីសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ថ្លែងថា លោកមិនចង់ឃើញចៅរបស់លោក ក្លាយជាទាហានជាប់កាតព្វកិច្ចអាមេរិកាំង ដើម្បីត្រៀមធ្វើសង្គ្រាមនោះឡើយ។ លោកនាយករដ្ឋមន្ត្រី ក៏ព្រមានបង្ក្រាបក្រុមណា ដែលប៉ុនប៉ងធ្វើបាតុកម្ម ក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៨ខាងមុខផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសប្រាប់ក្រុមប្រតិភូកីឡាកម្ពុជា ដែលត្រៀមចេញទៅប្រកួតកីឡា SEA Gamesលើកទី២៩នៅប្រទេសម៉ាឡេស៊ី (Malaysia) នាថ្ងៃព្រហ្បតិ៍នេះថា លោកកំពុងរិះរកមធ្យោបាយ ដកសញ្ជាតិជាពលរដ្ឋអាមេរិកាំងពីចៅរបស់លោកម្នាក់ ដោយលោកបារម្ភថា សហរដ្ឋអាមេរិកនឹងបញ្ចូលចៅរបស់លោកទៅក្នុងកងទ័ពអាមេរិក ក្នុងនាមជាទាហានជាប់កាតព្វកិច្ច។
ថ្លែងទៅកាន់ក្រុមកីឡាករ និងគ្រូបង្វឹកជាង ២០០នាក់ ក្នុងពិធីជួបជុំមួយ រៀបចំឡើងនៅវិមានសន្តិភាពក្នុងក្រុងភ្នំពេញ លោកហ៊ុន សែន អះអាងថា លោកមានចៅម្នាក់បានកើតនៅលើទឹកដីរបស់សហរដ្ឋអាមេរិក នៅគ្រាដែលឪពុកម្តាយរបស់ចៅលោករូបនោះ កំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិក។ លោកថា ប្រសិនបើចៅរបស់លោកបន្តកាន់សញ្ជាតិអាមេរិកាំងទៀតនោះ អាមេរិកនឹងបញ្ចូលចៅរបស់លោកក្នុងជួរកងទ័ពអាមេរិក ដែលនឹងអាចប្រកាសធ្វើសង្គ្រាមជាមួយប្រទេសណាមួយ។
«អាឡូវខ្ញុំកំពុងរកវិធីធ្វើម៉េច ឲ្យចៅរបស់ខ្ញុំដកសញ្ជាតិ ពីអាមេរិកចេញឲ្យបាន ព្រោះក្រែងលោអាមេរិក ត្រូវធ្វើសង្គ្រាមជាមួយគេ តម្រូវឲ្យចៅរបស់ខ្ញុំ ទៅធ្វើទាហានអាមេរិក កាតព្វកិច្ចអាមេរិក អាហ្នឹងតែដល់អាយុ ទៅធ្វើទាហានកាតព្វកិច្ច អត់ទេខ្ញុំមិនព្រម។ គ្រាន់តែថា ពេលហ្នឹងប្តីប្រពន្ធគេ ទៅរៀនបន្តនៅអាមេរិក វាកើតនៅអាមេរិក វាចូលសញ្ជាតិ វាជាប់សញ្ជាតិអាមេរិក ដកសញ្ជាតិអាមេរិកចេញមក»។
ដោយមិនបញ្ចេញឈ្មោះឬភេទរបស់ចៅខ្លួន លោក ហ៊ុន សែន ថ្លែងបន្តថា៖
«មិនចាំបាច់អាមេរិកទារដកទេ អាមេរិកទារធ្វើទាហានរួចហើយ តាមមកចាប់ចៅឯង ដល់ស្រុកខ្មែរទៀត អាគាត់នេះ ចាប់តាំង ប្រធានាធិបតី Duterte គាត់មិននិយាយប៉ុន្មានថ្ងៃមុនហ្នឹង។ គាត់ថាអាមេរិក ទៅចាប់ដល់អាដេញប្រធានាធិបតីប៉ាណាម៉ាណ៎ យកមកដាក់គុក ទៅចាប់ប្រធានាធិបតីប្រទេសគេយកមកដាក់គុក។ អញ្ចឹងទម្រាំដល់ចៅយើង ដែលជាជាតិអាមេរិក ស្រាប់វាដល់ពេលអាយុ១៨ ១៩ ត្រូវធ្វើទាហានកាតព្វកិច្ច ដើម្បីនឹងទៅវាយប្រទេសគេ ឈ្លានពានប្រទេសគេ វាមិនងាប់»។
ទោះជានាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានបង្ហាញការមិនពេញចិត្តសញ្ជាតិអាមេរិកាំងក្តី ក៏កូនប្រុសច្បងរបស់លោក គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានាយសេនាធិការរងកងយុទ្ធពលខេមរភូមិន្ទ ត្រូវគេដឹងថា បានបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ គឺពីរឆ្នាំក្រោយរដ្ឋប្រហារយោធានៅកណ្តាលក្រុងភ្នំពេញ ដែលបានកើតឡើងកាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៧។
ការបង្ហាញចេតនារបស់លោក ហ៊ុន សែន ដូច្នេះ ធ្វើឡើង ក្រោយពេលលោកវាយប្រហារដោយពាក្យសម្តីធ្ងន់ៗ ប្រឆាំងនឹងសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានអាមេរិកាំង CNN ដែលបានផ្សាយអំពីការជួញដូរផ្លូវភេទក្មេងស្រីក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ុន សែនក៏បានព្រមានសហរដ្ឋអាមេរិកចំៗថា ប្រទេសមហាអំណាចមួយនេះ ត្រូវឈប់បង្ករឿងដល់កម្ពុជា ប្រសិនបើមិនចង់ប្រឈមនឹងការធ្វើបាតុកម្មនៅមុខស្ថានទូតរបស់ខ្លួននៅកម្ពុជានោះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ចាន់ វិបុល បានប្រាប់ VOA ថា បញ្ហាដកសញ្ជាតិ ដែលលោកនាយករដ្ឋមន្ត្រី បានលើកឡើងនោះ គឺជាសិទ្ធិបុគ្គល ដែលនឹងមិនធ្វើឲ្យចំណងទាក់ទងកម្ពុជា អាមេរិកជួបរឿងរកាំរកូសនោះទេ។
«អានេះ ជាការសម្រេចចិត្តរបស់បុគ្គលទេ ខ្ញុំយល់ថា មិនមែនជាការសម្រេចចិត្តតំណាងឲ្យរដ្ឋមួយទេបាទ។ អញ្ចឹងជាការសម្រេចចិត្តរបស់ក្រុមគ្រួសាររបស់បុគ្គល ជាកាតព្វកិច្ចរបស់គាត់ ហើយជាសិទ្ធិរបស់គាត់ បើសិនបើគាត់ចង់ដកសញ្ជាតិ គាត់មិនចង់ជាសញ្ជាតិជនជាតិណាមួយទេ គាត់មានសិទ្ធិស្នើសុំ ហើយខ្ញុំគិតថា មិនប៉ះពាល់ទៅដល់ ទំនាក់ទំនងការទូត ឬក៏ពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ទេ ទាក់ទងករណីប្រសិនបើព័ត៌មានបែបនេះបាទ»។
ទាក់ទិននឹងការវាយប្រហារដោយពាក្យសម្តីធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទួនៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះទៅលើសហរដ្ឋអាមេរិក លោក ចាន់ វិបុល យល់ថា ជាតាក់តិកនយោបាយការបរទេសរបស់លោក ហ៊ុន សែន ដែលមានការពិបាកក្នុងការធ្វើសេចក្តីសន្និដ្ឋាន។ យ៉ាងណាមិញ លោកមានប្រសាសន៍ថា ប្រមុខរដ្ឋាភិបាលគួររកវិធីសាស្ត្រធ្វើសុខុដមនីយកម្មការទូត ជាជាងការប្រឈមមុខដាក់គ្នា ដែលអាចបង្កគ្រោះមហន្តរាយដល់កិច្ចអភិវឌ្ឍប្រទេសជាតិ។
«ប៉ុន្តែគ្រាន់អ្វីដែលយើងចង់ ធ្វើសេចក្តីបរិយាយនោះគឺ ទាក់ទងទៅនឹងការបង្កឲ្យមាន ភាពសុខសាន្តរវាង កិច្ចការការទូតទេ មានន័យថា យើងចង់ស្នើសុំឲ្យរដ្ឋាភិបាល មានការទំនាក់ទំនងល្អ ជាមួយ ស្ថាប័ន និងប្រទេសដទៃ ជាពិសេសប្រទេសណាដែលលើកកម្ពស់ទៅលើការគោរពសិទ្ធិមនុស្ស ប្រទេសណាដែលលើកកម្ពស់ទៅលើការគោរពនីតិរដ្ឋ ហើយនិងការធានាឲ្យបាននូវអភិបាលកិច្ចល្អមួយតាមបែបលទ្ធិប្រជាធិបតេយ្យ អញ្ចឹងគឺយើងចង់ឃើញបែបហ្នុងទៅវិញទេបាទ។ យើងមិនព្យាយាមធ្វើការសម្រេចហេតុអីបានជាគាត់មានប្រតិកម្មបែបហ្នឹងនៅឡើយទេ»។
លោកArend Zwatjes មន្ត្រីនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មិនទាន់ឆ្លើយទៅនឹងសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក ឬ Email ទាក់ទិនការថ្លែងរបស់លោក ហ៊ុន សែន រហូតមកទល់នឹងល្ងាចថ្ងៃព្រហស្បតិ៍នះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះ និងជានាយករដ្ឋមន្ត្រីស្ថិតក្នុងអំណាចយូរជាងបង្អស់ក្នុងតំបន់អាស៊ាន បានព្រមានក្រុមណាដែលប៉ុនប៉ងធ្វើព្យុះភ្លៀង ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដូចអ្វីដែលបានកើតឡើង ក្រោយការបោះឆ្នោត កាលពីបួនឆ្នាំមុន។
នាថ្ងៃព្រហស្បតិ៍នេះដែរ លោក ហ៊ុន សែន បានថ្លែងការពារការធ្វើវិសោធនកម្មលើកទីពីរនៃច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសផងដែរ។ លោកថា វិសោធនកម្មនេះ នឹងជួបទប់ស្កាត់សកម្មភាពនយោបាយនានា ដែលអាចនាំភាពវឹកវរដល់សង្គម។ លោកក៏បានព្រមានក្រុមអង្គការស៊ីវិលមួយចំនួន មិនឲ្យធ្វើសកម្មភាព ដែលមានការជាប់ទាក់ទងនឹងផលប្រយោជន៍ខាងនយោបាយ។ លោកសង្កត់ធ្ងន់ ប្រសិនបើអង្គការទាំងនោះនៅតែគឃ្លើន អាជ្ញាធរនឹងចាត់វិធានការបិទចោលស្រុងសកម្មភាពរបស់អង្គការទាំងនោះ។
លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ៖
«ការដាក់ច្បាប់អំពីគណបក្សនយោបាយ អំពីគណបក្សនយោបាយ ដើម្បីអី ដើម្បីបញ្ចៀសការហូរឈាម សុំនិយាយឲ្យត្រង់នៅកន្លែងនេះ។ បើអត់មានច្បាប់ ធ្វើអនាធិបតេយ្យ គ្រប់គ្រងលេងកើត តើអ្វីវានឹងកើត។ នៅចាំបានទេ? ឆ្នាំ ៩៧វាយគ្នានៅក្នុងទីក្រុងភ្នំពេញ ដែលមិនមានទម្លាប់វាយគ្នាបែបនេះទេ នៅក្នុងអតីតកាល។ ប៉ុន្តែអំពើអត់ច្បាប់នោះ វាបាននាំមក នូវការវាយប្រហារគ្នា នៅកណ្តាលទីក្រុងភ្នំពេញតែម្តង»។
លោក ហ៊ុន សែន បានថ្លែងសំដៅដល់ក្រុមអង្គការសង្គមស៊ីវិលយ៉ាងដូច្នេះ៖
«អញ្ចឹងទេ សុំពួកភ្នាក់ងារបរទេស និងស៊ីលុយបរទេសទាំងប៉ុន្មាន ដកខ្លួនថយ។ យើងខ្ញុំបានក្តាប់ជាប់អស់លោកហើយ អស់លោកធ្វើ អង្គការរបស់លោកអាចត្រូវរំលាយចោល តាមរយៈច្បាប់បក្សនយោបាយ។ បើសិនជាព្រហើនបំពានច្បាប់ បក្សនេះក៏រងជាមួយនឹងការរំលាយដែរ»។
ក្រោយការបោះឆ្នោតឃុំ-សង្កាត់ធ្វើឡើងកាលពីថ្ងៃទី៤ ខែមិថុនាកន្លងទៅ បន្ទប់ស្ថានការណ៍ដែលត្រូវបានបង្កើតឡើងដោយអង្គការសង្គមស៊ីវិលមួយក្រុម បានឲ្យដឹងថា ការខ្វះឯករាជ្យភាពរបស់មន្ត្រីតុលាការ ការលម្អៀងនយោបាយនៃមន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ ដែលដាក់សម្ពាធដល់សេរីភាពបញ្ចេញមតិ ការគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង និងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល បានញ៉ាំងឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោតឃុំ-សង្កាត់ស្ថិតនៅក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះយុត្តិធម៌ពេញលេញ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល ដែលជាប្រតិបត្តិករមួយរបស់បន្ទប់ស្ថានការណ៍ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើប្រតិ បត្តិការបន្ទប់ស្ថានការណ៍នាពេលកន្លងមក មិនទាន់អាចបញ្ជាក់បានថា ខ្លួននឹងបង្កើតបន្ទប់ឃ្លាំមើលដំណើរការបោះឆ្នោតនាពេលខាងមុខទៀត ឬយ៉ាងណានោះឡើយ ដោយត្រូវរង់ចាំការជួបប្រជុំជាមួយក្រុមមន្ត្រីរបស់ក្រសួងមហាផ្ទៃ។ យ៉ាងណាក្តី លោក យឿង សុធារ៉ា ថ្លែងថា អង្គការ ខុមហ្វ្រែលនឹងបន្តដាក់ពង្រាយអ្នកអង្កេតការណ៍នៅក្នុងការបោះឆ្នោតនានា ហើយថា សារនយោបាយរបស់មេដឹកនាំរដ្ឋាភិបាលកម្ពុជា មានចរិតគំរាមកំហែងខាងនយោបាយ។
លោក យឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល៖
«តែទោះជាយ៉ាងណា ខ្ញុំយល់ឃើញថា ការលើកឡើងនេះ ជាសញ្ញាណមួយនៃការ គំរាមកំហែង ជាសញ្ញាណមួយនៃការបំភិតបំភ័យដល់ អង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការឃ្លាំមើលការបោះឆ្នោត ដែលជាសិទ្ធិស្របច្បាប់ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជា មានចែងផងដែរនៅក្នុងច្បាប់បោះឆ្នោត ស្តីអំពីតួនាទី របស់អង្គការសង្គមស៊ីវិល ស្តីអំពីការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងជីវភាពនយោបាយ ក្នុងសកម្មភាពនយោបាយ ក្នុងអង្គការសង្គមផ្សេងៗ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាមួយនឹងរាជរដ្ឋាភិបាល»។
ក្នុងការថ្លែងសារនយោបាយរបស់លោកទៅកាន់ប្រតិភូកីឡាកម្ពុជា នាថ្ងៃព្រហស្បតិ៍ដដែលនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានគាំទ្រ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចដែលបានព្រមានវាយសំពងអ្នកតវ៉ាលទ្ធផលឆ្នោតដោយប្រើ «ដំបងឬស្សី» ផងដែរ៕