លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅនឹងតំណាងទូតបរទេស ដែលលោកថាប្រើប្រាស់ស្តង់ដារពីរ និងលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងនោះមានករណីលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ផងដែរ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ទោះជាយ៉ាងណាលោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះប្រទេសចំៗនោះទេ។ លោកថ្លែងថាប្រទេសមួយនោះ មកនិយាយជាមួយលោកអំពីបញ្ហាផ្ទៃក្នុងប្រទេស ប៉ុន្តែមិនដែលទៅនិយាយជាមួយប្រទេសថៃ ដើម្បីឱ្យអតីតនាយករដ្ឋន្រ្តីថៃ លោក Thaksin Shinawatra និងប្អូនស្រីរបស់លោក គឺអ្នកស្រី Yingluck Shinawatra បានចូលប្រទេសថៃវិញឡើយ។
លោកថ្លែងថា៖ «ស្តង់ដារពីរ មកសង្កត់តែកម្ពុជាឱ្យធ្វើអញ្ចេះៗៗៗ ដល់ទៅជាមួយគេអ្នកខ្លះ អត់ហ៊ានដែរ។ បានខ្ញុំចង្អុលមុខពួកអ្នកឯងមកនិយាយតែជាមួយខ្ញុំទេ ឱ្យអ្នកនេះអីចេះ អ្នកនោះអីចុះ»។
លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងតំណាងទូតបរទេសមួយចំនួន ដែលលោកថាបានទៅសួរសុខទុក្ខលោក កឹម សុខា បើទោះលោកមិនបញ្ចេញឈ្មោះលោក កឹម សុខា ចំៗក៏ដោយ។ លោកថ្លែងថាពួកគេបានទៅជួបលោក កឹម សុខា ដល់ផ្ទះ និងនាំមកជួបក្នុងស្ថានទូត ក្នុងពេលដែលតុលាការកំពុងស៊ើបអង្កេតរឿងឃុបឃិតជាមួយបរទេស។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «បើសិនជាសាលក្រមហ្នឹង បើហ៊ុន សែន ចង់ធ្វើ ហ៊ុន សែន អាចធ្វើបាន។ តែហ៊ុន សែន មិនទុកចិត្តអ្នកឯង ព្រោះអ្នកឯងលេងខូច ចាប់ដៃជាន់ជើងខ្ញុំ។ អ្នកឯងមកធ្វើការជាមួយខ្ញុំ បន្ទាប់ទៅ អ្នកឯងទៅជួបអ្នកផ្សេង»។
លោក ហ៊ុន សែន ក៏ប្រតិកម្មទៅនឹងប្រទេសដែលលោកមិនបញ្ចេញឈ្មោះនោះថា៖ «រដ្ឋមន្រ្តីការបរទេសរបស់គេមកជួបជាមួយខ្ញុំ ចេញពីហ្នឹងទៅ ទៅជួបនៅណោះ។ ហើយអ្នកឯងធ្វើអញ្ចឹង? ហើយម៉េចមិនប្រាប់ក្រសួងការបរទេសកម្ពុជាផង មួយម៉ាត់ ហើយចាំបាច់ស្ងាត់? ស្ងាត់ទៅណារួច ស្មានតែគេហ្នឹង គេភ្លើ? គេគ្រប់គ្រងប្រទេសគេមួយដែរ»
លោក ហ៊ុន សែន បន្ថែមថារឿងផ្ទៃក្នុងរបស់កម្ពុជា ទុកឱ្យកម្ពុជាជាអ្នកដោះស្រាយ។
ការថ្លែងរបស់លោក ហ៊ុន សែន ទំនងសំដៅទៅទូតបរទេសមួយចំនួនក្នុងនោះក៏មានសហរដ្ឋអាមេរិក និងបារាំង ដែលលោក កឹម សុខា ធ្លាប់មានវត្តមាននៅក្នុងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្នុងពេលលោកកំពុងជាប់ក្តីក្តាំនៅតុលាការ។
កញ្ញា Stephanie Arzate អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រាប់វីអូអេថាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់អាមេរិកនៅកម្ពុជា និងជុំវិញពិភពលោក។ អ្នកស្រីបន្ដថាអាមេរិកមិនគាំទ្របុគ្គល ស្ថាប័ន ឬគណបក្សនយោបាយណាមួយឡើយ ហើយការជួបជាមួយបុគ្គលនានា ជាបែបបទ និងការអនុវត្តនៃការទូតរបស់អាមេរិក។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថាការកាត់ទោសដាក់ពន្ធនាគារលោក កឹម សុខា រយៈពេល២៧ឆ្នាំ គឺជាកង្វល់មួយ ហើយអយុត្តិធម៌សម្រាប់រូបលោក។
កាលពីថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២៣ លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថាលោកបានជួបជាមួយឯកអគ្គរដ្ឋទូត សាធារណរដ្ឋបារាំង នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាប្រាប់វីអូអេតាមសារអ៊ីម៉ែលថា៖ «ស្ថានទូតយល់ឃើញថា ខ្លួន មិនពាក់ព័ន្ធជាមួយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេ។ យើងគ្មានប្រតិកម្មអ្វី ផ្សេងឡើយ»។
អ្នកតាមដាននយោបាយអន្តរជាតិ លោកប្រាប់វីអូអេថាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក មានសភាពរកាំរកូសជាមួយគ្នាតាំងពីយូរមកហើយ ជាពិសេសចាប់តាំងពីកម្ពុជាមានបញ្ហានយោបាយក្នុងស្រុក។ លោកបន្ថែមថាកត្តាចំនួនពីរដែលកំណត់ជោគវាសនានៃទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ គឺនយោបាយក្នុងស្រុកនិងឥទ្ធិពលចិននៅកម្ពុជា។
លោកបញ្ជាក់ថា៖«បញ្ហានយោបាយផ្ទៃក្នុងរបស់កម្ពុជា វាបានជាកត្តាដើមចមមួយដែលធ្វើឱ្យមានការឆ្លើយតបពីសហរដ្ឋអាមេរិកទាក់ទងនឹងការធ្វើទុក្ខបុកម្នេញទៅលើអ្នកនយោបាយមកពីគណបក្សក្រៅរដ្ឋាភិបាល ជាពិសេសគណបក្សប្រឆាំងដូចជាសកម្មជនមួយចំនួនផងដែរ។ មួយទៀតទាក់ទងនឹងកត្តាចិន ដោយសារវត្តមានចិននៅកម្ពុជា ជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកមិនសូវសប្បាយចិត្តទៅលើឥទ្ធិពលចិននៅកម្ពុជា។ ដូច្នេះកត្តាពីរនេះ វាចងដែលធ្វើឱ្យល្អក់កករក្នុងទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក»។
បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ កម្ពុជាត្រូវតែស្តារនយោបាយក្នុងស្រុករបស់ខ្លួនឱ្យល្អប្រសើរ និងត្រូវធ្វើឱ្យមានតុល្យភាពនៅក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេសមហាអំណាច។
លោកថ្លែងថា៖«ដូច្នេះកត្តាទី១គឺកម្ពុជាត្រូវដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនឱ្យមានភាពល្អប្រសើរ។ ទី២កម្ពុជាត្រូវតែបង្ហាញអំពីការធ្វើតម្លាភាព ឬក៏តុល្យភាពនៅក្នងទំនាក់ទំនងរវាងបណ្តាប្រទេសកម្ពុជា និងចិន ក៏ដូចជាសហរដ្ឋអាមេរិកក៏ដូចជាបណ្តាប្រទេសមហាអំណាចទៀតផង។នេះគឺជាអ្វីដែលកម្ពុជាអាចធ្វើបាន។ ក្រៅពីនេះ ក៏មានសហរដ្ឋអាមេរិកផងដែរ សហរដ្ឋអាមេរិកត្រូវតែស្វែងយល់ពីចំណុចផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជាទាំងផលប្រយោជន៍ សេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយផងដែរ»។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែធ្វើនយោបាយ ដោយយកសហរដ្ឋអាមេរិកធ្វើជាសត្រូវ ដែលលោកចាត់ទុកថានេះជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីចំណេញប្រយោជន៍នយោបាយ។ បើតាមអ្នកវិភាគរូបនេះ រដ្ឋាភិបាលកម្ពុជាតែងតែអះអាងថាខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត្យ ប៉ុន្តែការអនុវត្តជាក់ស្តែងលម្អៀងទៅរកចិន។
លោកថ្លែងថា៖ «នៅក្នុងវិទ្យាសាស្ត្រនយោបាយគេថាចាប់យកសត្រូវនយោបាយ កំណត់សត្រូវនយោបាយហើយដើម្បីទាក់ទាញការចាប់អារម្មណ៍ទៅបង្ហាញទៅពលរដ្ឋថាសូម្បីតែអាមេរិកក៏ខ្លួនហ៊ានឈ្លោះជាមួយដែរ សូម្បីតែអាមេរិកក៏ខ្លួនហ៊ានតតាំងជាមួយដែរដើម្បីទាក់ទាញការគាំទ្រ។ ចំណុចនេះខ្ញុំសង្កេតឃើញថាវាហាក់ដូចជាស្រដៀងទៅនឹងចុងសម័យសង្គមរាស្ត្រនិយមហើយប្រហែលជាអាចឆ្លុះបញ្ចាំងថាវាអាចជាកាលៈទេសៈមួយនៃចុងសម័យការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក សេង សារី បន្ថែមថា៖ «អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំវាយតម្លៃថាទំនាក់ទំនងយើងមើលក្នុងកម្រិតរវាងប្រទេសនិងប្រទេស ខ្ញុំថាកម្ពុជានិងសហរដ្ឋអាមេរិក មិនមានផលបះពាល់ឬក៏ការធ្លាក់ចុះនៃទំនាក់ទំនងការទូតទេ។ ក៏ប៉ុន្តែបើយើងមើលក្នុងកម្រិតសហរដ្ឋអាមេរិកជាមួយនឹងរដ្ឋាភិបាល មានន័យថាជាមួយលោកនាយករដ្ឋមន្ត្រីនិយាយដោយចំទៅគឺមិនសូវជាប្រសើរឡើងទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការបង្ហាញអំពីទំនាក់ទំនងក្រៅផ្លូវការ។ យើងឃើញថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងប្រវត្តិសាស្ត្រក៏ធ្លាប់ទៅធ្វើទស្សនកិច្ចក្នុងស្ថានទូតអាមេរិកអំឡុងពេលបុណ្យណូអែលជាដើម»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលធ្លាប់អះអាងថាកម្ពុជារាប់អានប្រទេសទាំងអស់ស្មើគ្នា និងមិនយកប្រទេសណាមួយជាសត្រូវឡើយ៕
កំណត់សម្គាល់៖ អត្ថបទនេះត្រូវបានកែសម្រួល ដើម្បីបញ្ជាក់ពីខ្លឹមសារនៃអត្ថាធិប្បាយរបស់ស្ថានទូតបារាំង តាមការស្នើសុំរបស់ស្ថានទូតបារាំងមកវីអូអខេមរភាសា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។