ទោះបីជារដ្ឋាភិបាលដាក់ព្រៃឡង់ជាតំបន់ការពារធម្មជាតិក៏ដោយ តំបន់ព្រៃធម្មជាតិដែលនៅសល់ពីការកាប់ព្រៃមួយនេះ កំពុងបន្តរងការគំរាមកំហែងពីការបំផ្លិចបំផ្លាញដោយក្រុមឈ្មួញរកស៊ី ដែលរួមមានក្រុមទាហាន និងប៉ូលិសផងដែរ។ ក្រុមអ្នកការពារព្រៃឡង់ អះអាងថា ឈើប្រណិតៗ បានបាត់បង់ស្ទើរតែទាំងស្រុងពីតំបន់ព្រៃឡង់ ហើយនៅពេលនេះ ហើយឈ្មួញរកស៊ីបន្តកាប់ឈើដែលនៅសេសសល់ ដូចជាផ្តៀក និងឈើទាលជាដើម។
ក្រុមអ្នកការពារព្រៃឡង់នៃខេត្តចំនួនបួនក្នុងប្រទេសកម្ពុជាបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ថា ការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់ នៅតែបានបន្តកើតមាន ខណៈដែលមានការធូររលង់ក្នុងការអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើ។
ពួកគេថ្លែងថា ការប្រើប្រាស់គ្រឿងញៀន ក៏កំពុងកើនឡើងខ្លាំង នៅតាមតំបន់ដែលមានការកាប់បំផ្លាញព្រៃឈើ និងជួញដូរឈើផងដែរ ដោយសារតែឈ្មួញរកស៊ី បានទិញគ្រឿងញៀនឲ្យកម្មករស៊ីឈ្នួលកាប់និងដឹកឈើប្រើប្រាស់ នៅមុនការចាប់ផ្តើមដឹកជញ្ជូនឈើ។
អ្នកស្រី ខា ស្រស់ តំណាងអ្នកការពារព្រៃឡង់នៃបណ្តាញសហគមន៍ព្រៃឡង់ មកពីខេត្តស្ទឹងត្រែង ថ្លែងនៅក្នុងពិធីបញ្ចេញ «របាយការណ៍ឃ្លាំមើលលើកទី៥ ស្ថានភាពព្រៃឡង់បច្ចុប្បន្ន» ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញថា សកម្មភាពកាប់បំផ្លាញព្រៃឈើបានថយចុះ ក៏ប៉ុន្តែសកម្មភាពនេះ នឹងមិនអាចបញ្ឈប់បានទាំងស្រុងនោះទេ នៅខណៈដែលក្រុមឈ្មួញអ្នករកស៊ីឈើមួយចំនួន នៅបន្តសកម្មភាពរកស៊ីកាប់ឈើខុសច្បាប់នេះដដែល។
អ្នកស្រីបន្តថា ក្រុមឈ្មួញរកស៊ីព្រៃឈើ បានប្តូរសកម្មភាពកាប់ព្រៃឈើពីពេលថ្ងៃមកពេលយប់ ដើម្បីគេចពីការការឃ្លាំមើលរបស់ក្រុមបណ្តាញអ្នកការពារព្រៃឡង់។
«កាលពីមុន គេធ្វើថ្ងៃច៎ា ដល់ក្រុមយើងចេះតែរុករកៗ រហូតឥឡូវគេធ្វើយប់ ច៎ា។ តែក្នុងសកម្មភាពរបស់បណ្តាញយើងសូម្បីតែធ្វើយប់ ធ្វើថ្ងៃក្តី នៅតែយើងខំបន្តវេន តស៊ូ ព្រោះ ព្រៃគឺជាព្រៃអាយុជីវិតរបស់យើងខ្ញុំទាំងអស់គ្នា ដែលរស់នៅក្នុងតំបន់ព្រៃឡង់ នោះឯងច៎ា។ ជីវិតជនជាតិ បើមានព្រៃគឺមានជីវិត មានដីគឺមានជីវិត»។
ព្រៃឡង់គឺជាព្រៃដ៏ធំដែលនៅសេសសល់ចុងក្រោយក្នុងប្រទេសកម្ពុជាហើយដែលលាត សន្ធឹងនៅក្នុងខេត្តចំនួនបួន រួមមានខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និង ខេត្តស្ទឹងត្រែង និងជាព្រៃដែលក្រុមអ្នកការពារព្រៃឈើយល់ថា អាចនឹងរងការបាត់បង់ ប្រសិនបើរដ្ឋាភិបាលមិនបង្កើនការការពារឲ្យបានដិតដល់នោះទេ។
លោក ហឿន សុភាព តំណាងអ្នកការពារព្រៃឡង់នៃបណ្តាញព្រៃឡង់ ក្នុងខេត្តកំពង់ធំ បានថ្លែងថា សកម្មភាពកាប់បំផ្លាញឈើ នៅបន្តកើតមាននៅក្នុងខេត្តនេះដដែល។ លោកថា ទោះបីជាមានការបង្ក្រាបក្តី ក្រុមឈ្មួញរកស៊ីឈើដែលលោកយល់ថា មានការរួមចំណែកពីមន្ត្រីយោធា ប៉ូលិស នៅតែអាចដឹកឈើចេញទៅក្រុមហ៊ុន ឬកន្លែងអារឈើបានដដែល។ លោកពន្យល់ថា ក្រុមអ្នកបង្រ្កាប និងអ្នករកស៊ីព្រៃឈើ អាចជាក្រុមតែមួយ។
លោក សុភាព ថ្លែងបន្តថា ទន្ទឹមនឹងការកាប់បំផ្លាញព្រៃឈើដែលនៅបន្តកើតឡើង សកម្មភាពរានដីព្រៃយកធ្វើជាចម្ការ ក៏បានកើតឡើងផងដែរ។
«នៅក្នុងនោះគឺយើងឃើញប្រជាជនចំណាកស្រុក មកពីខេត្តផ្សេងៗ ដែលគាត់បានធ្វើការកាប់ បំផ្លាញព្រៃឈើធ្វើជាចម្ការ ហើយមួយទៀតយើងឃើញក្រុមបទល្មើសទាំងអស់ហ្នឹងគឺ តាំងទីលំនៅបែបអនាធិបតេយ្យដែលគ្មាន ការគ្រប់គ្រងឃុំ ដែលគ្មានការរៀបចំ ភូមិឃុំច្បាស់ត្រឹមត្រូវ ដែលយើងអាចហៅថា ជាលំនៅដ្ឋានអនាធិបតេយ្យដែលយើងបានឃើញអញ្ចឹង»។
លោកអះអាងថា តាមការចុះឃ្លាំមើលសកម្មភាពបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ក្រុមអ្នកការពារតំបន់ព្រៃមួយនេះ បានរកឃើញម៉ាស៊ីនរណាយន្តសម្រាប់អារឈើជាច្រើនគ្រឿង ព្រមជាមួយកាំភ្លើងខ្យល់ និងអាវុធកែច្នៃ។
លោកថា មន្ត្រីរាជការមួយចំនួនដែលជាមន្ត្រីប៉ូលិស មេភូមិ មេឃុំ ក៏បានចូលរួមក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ ខណៈដែលឈ្មួញមួយចំនួនដែលជាមន្ត្រីរាជការមានកាំភ្លើងវែងខ្លីប្រើប្រាស់ដើម្បីការពាររបររកស៊ីរបស់ពួកគេ។ លោកបន្ថែមថា ព្រៃឡង់នឹងរលាយបាត់បង់ បើគ្មានការពង្រឹងវិធានការច្បាប់ដើម្បីបញ្ចប់រាល់សកម្មភាពបំផ្លិចបំផ្លាញទាំងអស់នេះ។
របាយការណ៍ស្តីពីស្ថានភាពព្រៃឡង់នាពេលបច្ចុប្បន្ន ដែលជាការរៀបរៀងដោយក្រុមស្រាវជ្រាវ និងនិស្សិតមកពីសាកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាកបានរកឃើញថា ការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់នៅបន្តកើតមានដដែល ទោះបីជារដ្ឋាភិបាលបានដាក់ព្រៃឡង់ដែលលាតសន្ធឹងលើផ្ទៃដី ៤៣២.០០០ ហិកតាជាតំបន់ការពារធម្មជាតិក៏ដោយ។
កញ្ញា Majken Schmidt Sogaard ដែលជាអ្នកសិក្សាស្រាវជ្រាវក្នុងតំបន់ព្រៃឡង់ បានលើកឡើងនៅក្នុងការបង្ហាញរបាយការណ៍នោះថា ការរកឃើញដ៏សំខាន់មួយទៀតនោះគឺ មានការកើនឡើង១៤ ភាគរយនៃសេចក្តីរាយការណ៍នានាពាក់ព័ន្ធការរានព្រៃយកដី។
កញ្ញាបន្តថា នៅពេលដែលសកម្មភាព កាប់បំផ្លាញព្រៃឈើនេះ នៅបន្តកើតមានទៀតនោះ ការកសាងសមត្ថភាព និងការផ្តល់ធនធានដល់ក្រុមអ្នកការពារព្រៃឡង់ដើម្បីឃ្លំាមើល និងប្រមូលព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់នេះ ត្រូវតែបន្តអនុវត្តទៅថ្ងៃអនាគត។
«យើងត្រូវតែបន្តធ្វើកិច្ចការងារទាំងអស់នេះបន្តទៀត ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ បានបន្តកើតមាននៅក្នុងព្រៃឡង់»។
របាយការណ៍បានបញ្ជាក់ថា ក្រុមអ្នកដើរល្បាតពិនិត្យព្រៃឈើ បានប្រើប្រាស់កម្មវិធីដែលមានភា្ជប់ក្នុងស្មាតហ្វូន ដើម្បីជួយដល់ដំណើរការកត់ត្រាទិន្នន័យនៃសកម្មភាពកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដែលនៅសល់ក្នុងតំបន់ព្រៃឡង់។
ក្រុមអ្នកការពារព្រៃឡង់មិនត្រឹមតែបានធ្វើការរាយការណ៍ អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើ ការរកស៊ីកាប់ឈើខុសច្បាប់ ឧបករណ៍កាប់ឈើ និងឧបករណ៍ការពារអាជីវកម្មរបស់ឈ្មួញឈើប៉ុណ្ណោះនោះទេ ប៉ុន្តែពួកគេ ក៏បានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន ដែលអ្នករកស៊ីឈ្នួលដឹកឈើបានប្រើប្រាស់។
លោក ឯក សុវណ្ណ តំណាងអ្នកការពារព្រៃឡង់នៅខេត្តក្រចេះ បាននិយាយថា សកម្មភាពប្រើប្រាស់គ្រឿងញៀននេះ បានចាប់ផ្តើមនៅឆ្នាំ២០១២ ដោយលួចលាក់ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ការណ៍នេះហាក់ដូចជា ធ្វើឡើងដោយចំហរនៅក្នុងតំបន់ព្រៃឡង់។
«ដល់ឥឡូវស្ទើរ យូរៗទៅស្ទើរតែចំហតែម្តង ពីព្រោះគាត់អត់ខ្លាចទេ នៅពេលដែលប្រជាពលរដ្ឋឥឡូវជួនកាល អ្នកស្គាល់គ្នាល្មមៗ គឺគាត់ប្រាប់ហើយថា មានរបស់នេះ របស់នោះ ចឹងៗអ្ហា មាន គេមានគេហៅថាទំនិញ នៅក្នុងហ្នឹងគេប្រើថា មានរបស់ពិសេស ទំនិញហ្នឹង គឺគាត់ គឺមាននិយាយតៗគ្នាអញ្ចឹងបាទនៅក្នុងព្រៃឡង់»។
លោក សុវណ្ណ និយាយថា រដ្ឋាភិបាលគួរផ្តោតលើការបង្កើតមុខរបរបែបកសិកម្មដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃឡង់ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បោះបង់ចោលរបរកាប់ឈើ ឬលក់ដើមឈើក្នុងសហគមន៍ដូចជាដើមចម្បោះទៅឲ្យឈ្មួញ។ លោកបន្តថា រដ្ឋាភិបាលគួរធ្វើការគូសវាសផែនទី និងបោះបង្គោលកំណត់ឲ្យបានច្បាស់លាស់ពីដែនដីរបស់ព្រៃឡង់ ដើម្បីបំបាត់ឲ្យបានទាំងស្រុង ចំពោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នេះ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើកិច្ចជាច្រើន រួមមានការបង្កើនចំនួនអនុរក្សការពារព្រៃឈើ និងការបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ លោកទទួលស្គាល់ថា ការការបំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ នៅតែបន្តកើតមាន។
លោក សៅ សុភាព អះអាងថា ការធ្វើផែនទីកំណត់ភូមិសាស្ត្រព្រៃឡង់ មិនអាចបញ្ចប់បទលើ្មសទាំងនេះបាននោះទេ។
«រឿងផែនទី គឺជារឿងផែនទីបាទ ក៏ប៉ុន្តែអ្នកល្មើសមិនគោរពផែនទីទេបាទ។ ហើយអ្នកល្មើសបើសិនជាមានកម្លាំងការពារ ក៏នៅតែជួនកាលប៉ះពៀរគ្នា ពីព្រោះអ្នកល្មើស យើងដឹងស្រាប់ហើយថា មិនគិតអំពីច្បាប់ មិនគិតអំពីយើងសមត្ថកិច្ចទេ គឺគាត់ជាមនុស្សឆក់ឱកាសបាទ»។
លោក សៅ សុភាព បញ្ជាក់បន្ថែមថា បញ្ហាការប្រើប្រាស់គ្រឿងញៀន គឺជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវទទួលបន្ទុកដោះស្រាយ។
ក្រុមអ្នកការពារព្រៃឡង់មកពីខេត្តទាំងបួន បានឲ្យដឹងថា ក្រុមឈ្មួញរកស៊ីឈើសព្វថ្ងៃនេះ បានបន្តធ្វើសកម្មភាពកាប់ឈើ ប្រភេទ ឈើផ្តៀក ឈើទាល ចម្បោះ ភ្ចឹក និងចក្រំ។ ពួកគេថា ឈើប្រណិតៗដូចជា បេង នាងនួន និងគ្រញូង ស្ទើរតែលែងមានទៅហើយ។ យ៉ាងណាក៏ដោយ ពួកគេមិនអាចកំណត់គោលដៅនៃការលក់ឈើដែលបានកាប់នោះទេ ហើយក៏មិនអាចបញ្ជាក់បានថា តើមានការពាក់ព័ន្ធជាមួយនឹងសេដ្ឋីធំៗ ដែលមានបានពីការរកស៊ីឈើ ដូចជាលោកឧកញ៉ា ទ្រី ភាព នោះដែរ។
របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ និងនិស្សិតមកពីសាកលវិទ្យាល័យ Copenhagen បានឲ្យដឹងដែរថា ព្រៃឡង់គឺជាធនធានសេដ្ឋកិច្ច និងអេកូឡូស៊ីដ៏សំខាន់មួយ និងជាទ្រព្យសម្បត្តិមានតម្លៃរបស់ប្រទេសជាតិ ដែលរួមចំណែកដល់ការអភិវឌ្ឍជាតិបាន៕