បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត គឺព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង បានសម្ដែងការសាទរចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការដាក់បញ្ចូលព្រៃឡង់ទៅក្នុងតំបន់ការពារធម្មជាតិ ដោយពួកគេលើកឡើងថា ការណ៍នេះ«បង្ហាញឲ្យឃើញនូវសុឆន្ទៈដ៏មោះមុតរបស់រដ្ឋាភិបាល ក្នុងបុព្វហេតុការពារព្រៃឡង់ និងព្រៃឈើនៅតំបន់ផ្សេងទៀត»ក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់បណ្ដាញព្រៃឡង់ ដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
ការសម្ដែងការអបអរសាទរនេះ ធ្វើឡើងក្រោយពេលដែល ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃច័ន្ទ ដើម្បីប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ រួមទាំងបណ្ដាញសហគមន៍ព្រៃឡង់នេះផង មុនពេលដាក់តំបន់ព្រៃចំនួន៥កន្លែងជាតំបន់ការពារធម្មជាតិ។
តំបន់ព្រៃទាំង៥នោះរួមមាន ព្រៃឡង់ ព្រៃក្រវាញខាងត្បួង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ។
សេចក្តីថ្លែងការណ៍របស់បណ្តាញព្រៃឡង់នេះ ក៏ធ្វើឡើងចំថ្ងៃខួបឆ្នាំទី៤នៃការបាញ់សម្លាប់សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ គឺលោក ឈុត វុទ្ធី ដែលបានព្យាយាមការពារព្រៃឡង់យ៉ាងសកម្មពីការកាប់បំផ្លាញពីសំណាក់ឈ្មួញឈើ នៅពេលដែលលោកនៅមានជីវិតរស់នៅនោះ។
បណ្ដាញសហគមន៍ព្រៃឡង់បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អ្វីដែលពួកគេត្រេកអរ និងរំភើបនៅក្នុងចិត្តយ៉ាងខ្លាំងនោះ គឺការសម្រេចដាក់បញ្ចូលព្រៃឡង់ក្នុងខេត្តព្រះវិហារ ចូលក្នុងតំបន់ព្រៃការពារឡើងវិញ និងការយល់ព្រមអនុញ្ញាត ឲ្យសហគមន៍ព្រៃឡង់ដែលមានស្រាប់ មានសិទ្ធិចូលរួមការពារព្រៃឡង់នៅគ្រប់តំបន់ក្នុងព្រៃឡង់ ដូចអ្វីដែលពួកគេបានធ្វើកន្លងមក៕