អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ គឺលោក សុខ ឧត្តម ដែលត្រូវបានចាប់ និងឃុំខ្លួនកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាននេះ ដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ក៏បានទាមទារឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើរូបលោក សុខ ឧត្តម ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ លោក Daniel Bastard នាយកអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ្រិក បាននិយាយថា៖
«យើងក៏ជំរុញឲ្យអាជ្ញាធរកម្ពុជាផ្តល់អាជ្ញាបណ្ណដល់វិទ្យុរិទ្ធីសែន វិញផងដែរ ដោយសារវិទ្យុនោះគ្រាន់តែផ្តល់សេចក្តីរាយការណ៍ព័ត៌មានឯករាជ្យ និងគួរឲ្យទុកចិត្តបានដល់អ្នកស្តាប់របស់ខ្លួនតែប៉ុណ្ណោះ»។
កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរបានចាប់ខ្លួនលោក សុខ ឧត្តម អ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំងពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានរាយការណ៍អំពីជម្លោះដីធ្លីរវាងសហគមន៍កសិករមូលដ្ឋាន និងមន្ត្រីមានអំណាច។
មុនការចាប់ខ្លួនអ្នកកាសែតរូបនេះ ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណផ្សាយព័ត៌មានរបស់ស្ថានីយវិទ្យុរិទ្ធីសែន និងគេហទំព័ររបស់វិទ្យុនេះ ដែលមានលោក សុខ ឧត្តម ជាម្ចាស់ផងដែរ។
កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក សុវណ្ណ រិទ្ធី ម្ចាស់គេហទំព័រ TVFB ក៏ត្រូវបានចាប់ខ្លួន ហើយអាជ្ញាបណ្ណរបស់លោកក៏ត្រូវបានលុបចោល បន្ទាប់ពីលោកបានបង្ហោះតាមទំព័រហ្វេសប៊ុកនូវសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងជាសាធារណៈអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិកូវីដ១៩។
យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានជាង ១០ នាក់ត្រូវបានអាជ្ញាធរកោះហៅ និងសាកសួរនៅត្រឹមដើមឆ្នាំ ២០២០ នេះ ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគេ។ នេះបើផ្អែកតាមក្រុមអង្គការសង្គមស៊ីវិល និងអង្គការឃ្លាំមើលសេរីភាពសារព័ត៌មាននៅកម្ពុជា។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា ស្ថិតក្នុងលេខរៀងទី ១៤៤ លើ ១៨០ លើពិភពលោកក្នុងឆ្នាំ ២០២០ នេះ៕