ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួងព័ត៌មាន​លុប​ចោល​អាជ្ញាបណ្ណ​សារព័ត៌មាន​មួយ​ទៀត​នៅ​ខេត្ត​កំពង់​ឆ្នាំង


ទំព័រហ្វេសប៊ុករបស់ «រិទ្ធិសែនព័ត៌មាន» និយាយពី «ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងស្រាវជ្រាវឲ្យដល់ ឬសគល់ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ» ត្រូវបានផ្សាយផ្ទាល់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ (រូបភាពដកស្រង់ពីហ្វេសប៊ុក)
ទំព័រហ្វេសប៊ុករបស់ «រិទ្ធិសែនព័ត៌មាន» និយាយពី «ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងស្រាវជ្រាវឲ្យដល់ ឬសគល់ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ» ត្រូវបានផ្សាយផ្ទាល់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ (រូបភាពដកស្រង់ពីហ្វេសប៊ុក)

ក្រសួងព័ត៌មាន​បាន​សម្រេចលុបចោល​អាជ្ញាបណ្ណ​របស់វិទ្យុ​ល្បីឈ្មោះមួយ ​នៅខេត្ត​កំពង់ឆ្នាំង ឈ្មោះ «រិទ្ធិសែន» និង​អាជ្ញាបណ្ណ​គេហទំព័រ​របស់វិទ្យុនេះ​ផងដែរ។ នេះបើ​យោងតាម​ប្រកាស​មួយច្បាប់ ចុះ​ថ្ងៃ​ទី​១២ ខែ​ឧសភា ​ឆ្នាំ​២០២០​ ដោយរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។

បើ​តាម​ប្រកាស​នោះ ក្រសួង​លុប​ចោល​ប្រកាស​ដែល​អនុញ្ញាត​ឲ្យ​លោក សុខ ឧត្តម បើក​ស្ថានីយវិទ្យុ​FM99.75MHz នៅ​ខេត្តកំពង់ឆ្នាំង ​និង​គេហ​ទំព័រ​ឈ្មោះ​ «រិទ្ធិសែន» ដោយ​អះអាង​ថា​ ម្ចាស់​អាជ្ញាបណ្ណ​សារព័ត៌មាន​មួយ​នេះ​ «បានផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ការពិត ញុះញង់​ឲ្យកើត​មាន​អំពើ​ហិង្សា បង្ក​ការរើសអើង​ពូជសាសន៍ បង្ក​អសន្តិសុខ និង​ចលាចល​សង្គម ដែល​ជា​ការរលោភ​បំពាន​លើ​វិជ្ជាជីវៈ និង​កិច្ច​សន្យា​ដែល​សាមីខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួងព័ត៌មាន»។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​អាជ្ញាធរ​បាន​ណែនាំ​សារព័ត៌មាន​មួយ​នេះ​ជាច្រើន​ដង​ហើយ ​មុន​នឹង​ចាត់វិធានការ​ចុង​ក្រោយ​នេះ។

«យើង​បាន​ពិនិត្យ​មើល​ការ​ផ្សព្វផ្សាយ​របស់​គាត់​ រហូត​ដល់​យើង​មាន​ការ​អប់រំ​គាត់​នៅ​ថ្នាក់​ខេត្ត​តាម​មន្ទីរ​ព័ត៌មាន​ហ្នឹង​ បាន​អញ្ជើញ​គាត់​មក​ធ្វើ​ការ​អប់រំ​ជាច្រើន​លើក​ច្រើន​សារ​ហើយ​ដែរ ​មុន​នឹង​យើង​សម្រេច​ចិត្ត​ដក​អាជ្ញាបណ្ណ​ហ្នឹង»។

ប៉ុន្តែ អ្នក​នាំពាក្យ​រូប​នេះ មិន​បាន​បញ្ជាក់​ថា តើ​សកម្មភាព​ឬ​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ដែល​សារព័ត៌មាន​នេះ​បាន​ផ្សព្វផ្សាយ ដែល​ជា​បុព្វហេតុ​នៃ​ការ​ដក​អាជ្ញាបណ្ណ​នេះ​ទេ។

VOA មិនអាចសុំការអត្ថាធិប្បាយពីលោក សុខ ឧត្តម ម្ចាស់អាជ្ញាបណ្ណបាននៅឡើយទេ នៅថ្ងៃពុធនេះ។

ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន រិទ្ធិសែន ដែលផ្សាយផ្ទាល់នៅថ្ងៃទី១៣ ខែឧសភា បង្ហាញពីការពិភាក្សាមួយនិយាយអំពី «ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងស្រាវជ្រាវឲ្យដល់ឬសគល់ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៤៩៤ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩ តើភាគីខាងណាជាអ្នកល្មើសឲ្យប្រាកដ»។

ចំណែក​ព័ត៌មាន​ផ្សេងៗ​ដែល​ពួកគេ​បាន​ផ្សាយ​កន្លង​ទៅ ដូច​ជា«សំណង់​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម​សង់​រួច ៧០% ចំ​កណ្ដាល​ក្រុង​កំពង់ឆ្នាំង ស​ង់ចំ​ពី​លើ​ស្ពានថ្ម​ពីផ្សារលើទៅផ្សារក្រោម​ស្ថិត​នៅ​ភូមិ​ផ្សារ​លើ​ឃុំ​ផ្សារ​ឆ្នាំង​ក្រុង​កំពង់​ឆ្នាំង។ អាជ្ញាធរ​ខេត្ត​និង​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​មិន​ដឹង»។

លោក ម៉ម ឈឿម ប្រធាន​មន្ទីរព័ត៌មាន​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​ថា កន្លង​ទៅ មន្រ្តី​ខាង​មន្ទីរ​ធ្លាប់​ហៅ​ម្ចាស់​វិទ្យុ​នោះ​មក​ណែនាំ​អំពី «​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍» ដែល​លោកថា «អសីលធម៌​» ដែល​ភាគ​ច្រើន​ជា​ការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​វិទ្យុ​រិទ្ធិសែន។ ប៉ុន្តែ​លោក​ថា ​លោក​មិន​បាន​ស្នើ​ឲ្យ​បិទ​វិទ្យុ​នេះ​ទៅ​ក្រសួង​ព័ត៌មាន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «កន្លង​មក​យើង​ធ្លាប់​បាន​ហៅ​ណែនាំ​ដែរ​តើ​អំពី​គាត់​ប្រើ​ពាក្យ​អសុរោះ ខ្ញុំ​បាន​ហៅ​មក​ដែរ ណែនាំ​គាត់​ដែរ នៅ​ក្នុង​គេហ​ទំព័រ ក៏​ដូ​ច​ជា​ព័ត៌មាន យើង​បាន​ប្រាប់​គាត់​ដែរ។ ហើយ​ក៏​បាន​ឲ្យ​ជំនាញ ហៅ​គាត់​មក​ណែនាំ​ដែរ មិន​មែន​អត់​ទេ។ លោក​មិន​អាច​បញ្ជាក់​ប្រាប់​ថា ​ពាក្យ​អសីលធម៌នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ ដោយ​លោកឲ្យមើលការ​ផ្សព្វផ្សាយ​តាមហ្វេសប៊ុក​របស់​គេហទំព័រនោះ។

កាលពី​ខែ​មេសា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បានសម្រេចលុប​ចោល​អាជ្ញាបណ្ណ​ដែល​ផ្តល់​ឲ្យ​លោក សុវណ្ណ សុខា បើកដំណើរ​ការផ្សាយ​គេហ ទំព័រ www.tvfb.com.kh និង​គេហទំព័រ www.tvfb.news ក្រោម​ហេតុផល​ថា «ម្ចាស់អាជ្ញាបណ្ណ​បានផ្សព្វផ្សាយ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់​បង្កឲ្យប៉ះពាល់​ដល់សន្តិសុខ​សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​សង្គម»។

ការ​ដក​អាជ្ញាបណ្ណ​ពេល​នោះ ធ្វើ​ឡើង​ក្រោយ​ពី​លោក សុវណ្ណ រិទ្ធី ជា​និពន្ធ​នាយក ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន ​ដោយ​ដក​ស្រង់​សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG