របាយការណ៍ថ្មីមួយរបស់សមាគមសារព័ត៌មានខេមបូចា ស្តីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពាក់ព័ន្ធនឹងការបំភិតបំភ័យ និងការយាយីមកលើអ្នកសារព័ត៌មាន នៅមុនការបោះឆ្នោតថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ។
របាយការណ៍ដែលចេញផ្សាយ កាលពីថ្ងៃទី ១៧ ខែកក្កដា បានចងក្រងព្រឹត្តិការណ៍នានា ដែលកើតឡើងចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៣។
របាយការណ៍បានលើកឡើងថា ឧប្បត្តិហេតុចំនួន ៧ ករណីកើតឡើងទៅលើអ្នកសារព័ត៌មានយ៉ាងតិច ៩ នាក់ ក្នុងនោះរួមមានការចាប់ឃុំខ្លួនបណ្តោះអាសន្នអ្នកសារព័ត៌មានអនឡាញម្នាក់។ បន្ថែមពីនេះ អ្នកសារព័ត៌មានរបស់ខេមបូចាម្នាក់រងការគំរាមពាក្យសម្តីពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការលើកឡើងថា អ្នកសារព័ត៌មានចង់ចូលពន្ធនាគារ ក្រោយមានការសួរសំណួរទៅអ្នកនាំពាក្យកាលពីចុងខែឧសភា។ សំណួររបស់អ្នកសារព័ត៌មានខេមបូចា ទាក់ទងនឹងលិខិតដើមដែលក្រសួងមហាផ្ទៃមិនអាចបញ្ជាក់ឱ្យគណបក្សភ្លើងទៀន ដើម្បីអាចចូលរួមការបោះឆ្នោតបាន។
របាយការណ៍បញ្ជាក់ក្នុងន័យដើមថា៖ «ការយាយីមកលើអ្នកសារព័ត៌មានក្នុងទម្រង់ផ្សេងៗ រាប់ចាប់ពីការយាយីផ្នែករូបរាងកាយ ការបៀតបៀនតាមប្រព័ន្ធអនឡាញ និងសុវត្ថិភាពផ្លូវច្បាប់ ត្រូវតែបញ្ចប់»។
របាយការណ៍បន្ថែមថា៖ «យើងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់ការយាយីអ្នកសារព័ត៌មានគ្រប់រូបភាពនិងគោរពសេរីភាពក្នុងការបញ្ចេញមតិ។ យើងជំរុញឱ្យអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងយកច្បាប់ព្រហ្មទណ្ឌមកអនុវត្ត ដើម្បីដាក់ទោសទណ្ឌអ្នកសារព័ត៌មាន»។
លោក ឃួន ណារីម អ្នកសារព័ត៌មានរបស់ខេមបូចាដែលរងការគំរាមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ ហើយត្រូវបានកត់ត្រាក្នុងរបាយការណ៍នោះ ចាត់ទុកករណីដែលកើតមកលើរូបលោកជាការប្រើប្រាស់ពាក្យសម្តីបែបស្អប់ខ្ពើម។ លោកថា វាក៏ជាការរឹតត្បិតសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានផងដែរ។
ទោះបីជារងការព្រមានក៏ដូចជាការយាយី អ្នកសារព័ត៌មានរូបនេះនៅតែបន្តដំណើរឆ្ពោះទៅមុខក្នុងអាជីពជាអ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «ជាធម្មតា ការភ័យខ្លាចនរណាក៏មានដែរ ប៉ុន្តែយើងជាអ្នកសារព័ត៌មានអាជីព យើងនៅតែបន្តវិជ្ជាជីវៈរបស់យើងដដែល ដោយប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ប្រភពមុនធ្វើការផ្សព្វផ្សាយព័ត៌មានមួយ ជាពិសេសការផ្ទៀងផ្ទាត់ឱ្យបានច្បាស់ជាងមុន»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាលោកមិនបានចាប់អារម្មណ៍រឿងថាលោកគំរាមដាក់ពន្ធនាគារអ្វីឡើយ។ លោកបញ្ជាក់ថា លោកគ្រាន់តែបង្រៀន និងផ្តល់ដំបូន្មានពាក់ព័ន្ធនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានប៉ុណ្ណោះ។
លោកថ្លែងថា៖ «ប៉ុន្តែថាស្អីគំរាមដាក់ពន្ធនាគារអី ពូក៏មិនចាប់អារម្មណ៍ដែរ។ ប៉ុន្តែពាក្យទូន្មាន ប្រៀនប្រដៅ ណែនាំ អាហ្នឹងពូមាន»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់វីអូអេថា របាយការណ៍នេះផ្តោតលើតែភាពអវិជ្ជមាននៃវិស័យព័ត៌មានតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ការកត់ត្រា និងទិន្នន័យរបស់គាត់[របាយការណ៍របស់ខេមបូចា]នេះ គឺគាត់ផ្អែកតែលើព័ត៌មានដែលគាត់ទទួលបានតែពីភាគីម្ខាង ដោយមិនធ្វើការសិក្សាស្រាវជ្រាវវាយតម្លៃ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធនៅក្នុងករណី ឬទិន្នន័យដែលគាត់ប្រមូលបានទេ»។
សេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាបន្តសិ្ថតក្នុងស្ថានភាពអាក្រក់ នៅឆ្នាំ ២០២៣ នេះ ដោយសារការកើនឡើងនៃការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ នេះបើតាមសន្ទស្សន៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ដែលចេញផ្សាយជាសាធារណៈ កាលពីខែឧសភា ឆ្នាំ ២០២៣។ កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី ១៤៧ ក្នុងចំណោម ១៨០ ប្រទេសនៅឆ្នាំ ២០២៣ ដែលថយពីលេខរៀងទី ១៤២ កាលពីឆ្នាំមុន។
ព័ត៌មានទាក់ទង៖ រដ្ឋាភិបាលបិទគេហទំព័រសារព័ត៌មានមួយចំនួន នៅមុនការបោះឆ្នោតកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតក្នុងប្រទេសកម្ពុជារាំងខ្ទប់គេហទំព័រសារព័ត៌មានមួយចំនួន ក្នុងនោះមានសារព័ត៌មានអាស៊ីសេរី សារព័ត៌មាន The Cambodia Daily និងគេហទំព័រកំណត់ត្រា ដែលជាបណ្តុំព័ត៌មានរបស់សារព័ត៌មានវីអូឌី ដែលត្រូវបានរដ្ឋាភិបាលបិទដំណើរការកាលពីខែកុម្ភៈ។ រដ្ឋាភិបាលបញ្ជាក់ថា សារព័ត៌មានទាំងនោះ «ធ្វើឱ្យមានការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល និងមិនបានបំពេញលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនៅក្រសួងព័ត៌មាន»។
លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ត្រូវបានរឹតត្បិត ហើយក៏រងការគំរាមកំហែងមួយដែលប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅមុនការបោះឆ្នោតខាងមុខ។
លោកបញ្ជាក់ថា៖ «បើនៅក្នុងករណី ដែលប្រព័ន្ធផ្សព្វផ្សាយ ឬក៏ការផ្សព្វផ្សាយប្រព័ន្ធផ្តល់ព័ត៌មាននោះមានការទទួលរងនូវផលប៉ះទង្គិច វានឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ដំណើរការ[បោះឆ្នោត] ហើយនិងតម្លាភាពក្នុងការបោះឆ្នោតដែរ ពីព្រោះយើងដឹងហើយថា ការប៉ះទង្គិចទៅដល់លំហូរនៃការទទួលបាននូវព័ត៌មានរបស់អ្នកបោះឆ្នោត គឺជារឿងមួយដែលគួរតែមានការជៀសវាងបាទ»។
អ្នកជំនាញរូបនេះជំរុញឱ្យរដ្ឋាភិបាលគួរតែពិនិត្យឡើងវិញចំពោះបញ្ហានៃការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាឡើងវិញ ដើម្បីឱ្យការទទួលបានព័ត៌មានមានលក្ខណៈគ្រប់ជ្រុងជ្រោយ ជាពិសេសនៅមុនពេលជិតបោះឆ្នោត។
កាលពីខែកុម្ភៈ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណរបស់វីអូឌី តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្តល់ជំនួយ ១០ ម៉ឺនដុល្លារដល់ប្រទេសតួកគី សម្រាប់គ្រោះរញ្ជួយដី។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ស្ថាប័នវីអូឌី«រំលោភយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយមិនព្រមធ្វើការកែសម្រួលតាមបទប្បញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»៕