ក្រុម​វាយ​ប្រហារ​វិមាន​ប្រធានាធិបតី​ហ្គំ​ប៊ី​ត្រូវ​បាន​តាម​ប្រមាញ់​

លោក​ប្រធានាធិបតី​ យះយ៉ា ចាំម៊ែ ​(Yahya Jammeh) ​បានទម្លាក់​កំហុស​លើ ក្រុមភេរវករ​ក្រៅប្រទេស​ចំពោះការ​វាយប្រហារ​កាលពី​ដើមសប្តាហ៍​នេះ។

កងទ័ព​ស្មោះស្ម័គ្រនឹង​ប្រធានាធិបតី​ប្រទេស ​ហ្គំប៊ី ​(Gambia) ​កំពុង​ឆែកឆេរ​តាមផ្ទះ​ក្នុងរដ្ឋធានី​ បាន់ជុល ​(Banjul)​ ដើម្បី​ស្រាវជ្រាវ​រកក្រុម​ប្រឆាំង ដែល​ទទួល​ខុសត្រូវ​លើការ​វាយប្រហារ​ប្រដាប់​អាវុធ​លើវិមាន​ប្រធានា​ធិបតី​។

លោក​ប្រធានាធិបតី​ យះយ៉ា ចាំម៊ែ ​(Yahya Jammeh) ​បានទម្លាក់​កំហុស​លើ ក្រុមភេរវករ​ក្រៅប្រទេស​ចំពោះការ​វាយប្រហារ​កាលពី​ដើមសប្តាហ៍​នេះ។

លោកបានថ្លែង​ថា៖ «នេះមិនមែន​ជារដ្ឋប្រហារ​ទេ​ តែជាការ​វាយប្រហារ​ដោយ​ក្រុម​ភេរវករ​មួយ​ក្រុម គាំទ្រ​ដោយ​ក្រុមមាន​អំណាច​ដែលខ្ញុំ​មិនបញ្ចេញ​ឈ្មោះ​ពេលនេះ​ទេ​។​ តែជាការ​ពិតណាស់​យើងដឹង​ពីទីកន្លែង​នៃក្រុម​ប្រឆាំង​ទាំង​នោះ»។

លោក​ប្រធានាធិបតី​ដែលបាន​បង្ហាញ​អ្នកកាសែត​នូវគ្រឿង​សព្វាវុធខ្លះ​ដែល​ត្រូវ​រឹបអូស​បាន កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស​ ​នៅពេល​ដែល​ហេតុការណ៍​នោះ​បាន​កើត​ឡើង​កាល​ពីថ្ងៃ​អង្គារ៍​។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP ​បានដក​ស្រង់​សំដី​មន្ត្រី​ស៊ើប​ការណ៍​សម្ងាត់​ប្រទេស​ ហ្គំប៊ី​មក​បញ្ជាក់ថា​ មានក្រុម​អ្នកនយោបាយ​ប្រឆាំងនឹង​ប្រធានា​ធិបតី ចាំម៊ែ ​ជាង១០នាក់​ត្រូវ​ចាប់ខ្លួន​ និងសួរចម្លើយ​ក្នុង​គុក។ ​តែ​រដ្ឋាភិបាល​មិនទាន់ បាន​បញ្ជាក់​អំពីការ​ចាប់ខ្លួន​នោះ​ទេ៕