លោក ត្រាំ ស្នើ​ឱ្យ​ចាប់​ផ្ដើម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ដើម្បី​«‍បញ្ចេញ​ព័ត៌មាន​ពិត​ខ្លះ»

រូបឯកសារ៖ អ្ន​ក​កាសែត​ Abby Phillip សួរ​សំណួរ​ទៅ​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​សេត​វិមាន។

ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ ​បាន​មាន​ប្រសាសន៍​តម្រង់​ទៅ​រក​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ​CNN​ នៅ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​លោក​បាន​ស្នើ​ឱ្យ​ចាប់​ផ្ដើម​«‍បណ្ដាញ​ផ្សព្វ​ផ្សាយ​ផ្ទាល់​របស់​យើង»​ ដើម្បី​តទល់​នឹង​ការ​ផ្សព្វ​ផ្សាយ​ជា​សកល​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដ៏​ធំ​មហិមា​គឺ ​CNN​ និង​ព័ត៌មាន​«‍ក្លែង​ក្លាយ»​របស់​បណ្ដាញ​នេះ។

លោក ត្រាំ ក៏​បាន​និយាយ​អំពី​ស្ថាប័ន​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) ​និងវិទ្យុ​អឺរ៉ុប​សេរី (Radio Free Europe)​ ក្នុង​ន័យ​ជា​អតីត​កាល​ផង​ដែរ ​ទោះ​បី​ជា​ស្ថាប័ន​ទាំង​ពីរ​ដែល​ផ្ដល់​មូលនិធិ​ដោយ​រដ្ឋាភិបាល​អាមេរិកាំង ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទៅ​កាន់​អ្នក​ស្ដាប់​និង​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​ប្រមាណ​២៧៥​លាន​នាក់​ក្នុង​មួយ​សប្ដាហ៍​ក៏​ដោយ។

ខណៈ​ដែល​រអ៊ូ​រទាំ​អំពី​បណ្ដាញ​ផ្សាយ​ព័ត៌មាន ​CNN​ ដែល​លោក​ប្រធានាធិបតី​តែងតែ​តម្រង់​គោលដៅ​ទៅ​រក​ជា​ញឹកញយ​នោះ លោក​ ត្រាំ បាន​ថ្លែង​ទៅ​កាន់​អ្នក​ស្ដាប់​របស់​លោក​នៅ​ចំ​កណ្ដាលរដ្ឋ​ហ្វ្លរីដា​ថា៖ «‍យើង​ធ្លាប់​មាន​វិទ្យុ​អឺរ៉ុប​សេរី និង​សំឡេង​សហរដ្ឋ​អាមេរិក ហើយ​យើង​ធ្វើ​ដូច្នេះ​ដើម្បី​កសាង​ប្រទេស​របស់​យើង​ឱ្យ​រីក​ចម្រើន ប៉ុន្តែ​ឥឡូវ វា​មិន​អញ្ចឹង​សោះ»។

លោក​ ត្រាំ ថ្លែង​បន្ត​ទៀត​ថា៖​ «‍យើង​គួរ​តែ​ចាប់​ផ្តើម​បណ្តាញ​របស់​យើង​ផ្ទាល់ ​ហើយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពិត​ខ្លះ ​ពីព្រោះ​ថា​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នោះ​[CNN] គឺ​យ៉ាប់​មែន​ទែន។ បណ្ដាញ​ទាំង​នោះ​មិន​ល្អ​សោះសម្រាប់​ប្រទេស​របស់​យើង»។

គេ​នៅ​មិន​ទាន់​ប្រាកដ​ទេ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​លោក​ប្រធានាធិបតី​ និយាយ​អំពី​ស្ថាប័ន​ព័ត៌មាន​ទាំង​ពីរ​ក្នុង​ន័យ​អតីត​កាល។ ប៉ុន្តែ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន ​VOA​ ប្រចាំ​នៅ​សេតវិមាន ​សួរ​លោក​ប្រធានាធិបតី​ជា​ញឹក​ញាប់​អំពី​គោល​នយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក។ តួយ៉ាង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេល​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី អ្នក​ឆ្លើយឆ្លង​ព័ត៌មាន ​VOA ម្នាក់​ប្រចាំ​នៅ​សេតវិមាន​ បាន​សួរ​អំពី​លទ្ធភាព​នៃ​ការ​វិល​ត្រឡប់​របស់​អាមេរិក​ទៅ​រក​ការ​ចរចា​ជាមួយ​ក្រុម​តាលីបង់។

​លោក​ប្រធានាធិបតី ត្រាំ បាន​ផ្ដល់​បទសម្ភាសន៍​ជា​វីដេអូ​ជាមួយ ​VOA​ ពីរ​ដង​រួច​មក​ហើយ ហើយ​មន្ត្រី​សេតវិមាន​ក៏​តែង​តែ​ធ្វើ​អត្ថាធិប្បាយ​ជា​ញឹក​ញយ​ជាមួយ​អ្នក​យក​ព័ត៌មាន​ VOA​ ដែរ។​

នាយិកា​ VOA​ ​អ្នក​ស្រី ​Amanda Bennett ​បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «‍VOA​ ជានិច្ចកាល​តែង​តែ​មាន​មោទនភាព​ចំពោះ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ផ្សាយ​ដំណឹង​និង​ព័ត៌មាន​មាន​លក្ខណៈ​សត្យានុម័ត​ដែល​គួរ​ឱ្យ​ជឿ​ជាក់​បាន ​ទៅ​កាន់​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ដែល​មិនទទួល​បាន​ព័ត៌មាន​បែប​នេះ»។

អ្នក​ស្រី​ Amanda ​បន្ត​ទៀត​ថា៖ «‍VOA ក៏​ផ្សាយ​រឿង​របស់​អាមេរិក​ទៅ​កាន់​ទស្សនិកជន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ»៕