ដោយឃើញមានកងកម្លាំងសន្ដិសុខចិនធ្វើសមយុទ្ធយោធានៅតាមបណ្ដោយព្រំដែនជាមួយនឹងក្រុងហុងកុង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនឹងចិនអាចនឹងត្រូវបានពន្យាពេល រហូតដល់ប្រទេសចិនឈានដល់ការព្រមព្រៀងលើដំណោះស្រាយលក្ខណៈមនុស្សធម៌មួយជាមួយនឹងអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។
លោកត្រាំក៏បានលើកឡើងថា លោកអាចនឹងក្លាយជាអ្នកសម្របសម្រួលដោយផ្ទាល់ដើម្បីឲ្យមានកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងអ្នកប្រឆាំងទាំងនោះ។ លោកត្រាំបានបង្ហោះសារលើបណ្ដាញសង្គម Twitter កាលពីយប់ថ្ងៃពុធ ដោយនិយាយអួតអំពីរដ្ឋបាលរបស់លោកក្នុងការប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
បន្ទាប់ពីសរសេរថា ក្រុមហ៊ុនរាប់ពាន់កំពុងតែចាកចេញពីប្រទេសចិន លោកប្រធានាធិបតីក៏បាននិយាយថា «ពិតណាស់ចិនចង់ឲ្យមានកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែឲ្យចិនដោះស្រាយដោយមនុស្សធម៌ជាមួយនឹងហុងកុងសិនទៅ!»។
ក្រោយមកលោកត្រាំបាននិយាយថា លោក ស៊ី ជីនពីង ដែលជាសមភាគីចិនរបស់លោក «ពិតជាគោរពប្រជាជនរបស់ខ្លួនណាស់» ហើយថា លោក«គ្មានមន្ទិលសង្ស័យទេថា ប្រសិនបើលោកប្រធានាធិបតី ស៊ីចង់ដោះស្រាយបញ្ហានៅទីក្រុងហុងកុងឲ្យបានលឿននិងប្រកបដោយមនុស្សធម៌នោះ លោកអាចធ្វើបាន។ តើចង់ឲ្យមានជំនួបដោយផ្ទាល់មួយទេ?»៕