ប្រធាន​គ.ជ.ប​ពន្យល់​ម្ចាស់​ឆ្នោត​ពី​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ មុន​ថ្ងៃ​បោះឆ្នោត​សភា

រូបឯកសារ៖ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​លោក ​ស៊ិក ​ប៊ុនហុក ​បង្ហាញ​ហិប​ឆ្នោត​ដែល​ជា​ជំនួយ​របស់​រដ្ឋា​ភិបាល​​ជប៉ុន​ដល់​ក្រុម​អ្នក​សារ​ព័ត៌មាន ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​មួយ​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃទី២៥ ​ខែកុម្ភៈ ​ឆ្នាំ២០១៨។

មុន​នៅ​ថ្ងៃ​បោះឆ្នោត​ចូល​មក​ដល់​នោះ​ លោក​ ស៊ិក ប៊ុន​ហុក ​ប្រធាន​គ.ជ.ប​និង​ក្រុម​មន្ត្រី​លោក​បាន​ខិតខំ​បង្កើន​ការ​យល់​ដឹង​ពី​ដំណើរការ​បោះឆ្នោត រួម​មាន​ទាំង​ការ​បង្កើន​ការ​យល់​ដឹងពីប្រព័ន្ធ​បោះឆ្នោត​របស់​កម្ពុជាសម្រាប់​ជ្រើសតាំង​តំណាង​រាស្ត្រ។

លោក​ ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​បាន​បន្ត​បញ្រ្ជាប​ការ​យល់​ដឹង​ពី​ដំណើរការ​បោះឆ្នោត​សភា​ក្នុង​អាណត្តិ​ទី​ប្រាំមួយ ដោយ​លើក​នេះ លោក​បាន​ប្រាប់​អ្នក​ពាក់​ព័ន្ធក្នុង​ដំណើរការ​បោះឆ្នោត​ឲ្យ​ដឹងពីជម្រើស​កម្ពុជា​ដែល​បាន​យក​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​និង​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​គ.ជ.ប។

សេចក្តី​ប្រកាស​របស់​គ.ជ.ប​ ដែល​ VOA បាន​ទទួល​កាល​ពី​ថ្ងៃ​អង្គារ​ ឲ្យ​ដឹង​ថា​ ប្រធាន​គជប​ លោក​ ស៊ិក ប៊ុនហុកបន្ត​យុទ្ធនាការ​ បញ្ជ្រាប​ ការ​យល់​ដឹង​ពី​ការ​បោះឆ្នោត​បន្ត​ ទៀត​នៅ​ខេត្ត​ បាត់ដំបង។​ ក្នុង​ជំនួប​ជាមួយ​សិស្ស​និស្សិត​ គរុសិស្ស​ គរុនិស្សិត​និង​សាស្ត្រាចារ្យ​ចំនួន​ ១៧០០នាក់ ​នៅ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃទី ១១ ខែ​មិថុនា​ ប្រធាន​គជប​ ដែល​ជា​អតីត​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា​ បាន​ពន្យល់​ពី​ប្រព័ន្ធបោះឆ្នោត​២​គឺ​ប្រព័ន្ធ​ឯកត្តនាម​និង​ប្រព័ន្ធ​សមាមាត្រ។

សេចក្តី​ប្រកាស​បាន​លើកឡើង​ពី​ប្រព័ន្ធ​បោះឆ្នោត​ពីរ ​ដោយ​យោង​តាម​ប្រសាសន៍​របស់​លោក​ ស៊ិក​ ប៊ុនហុក​ តាម​ន័យ​ដើម​ថា៖

«ក្នុង​សកលលោក​គេ​ច្រើន​ប្រើ​ប្រព័ន្ធបោះឆ្នោត​២ គឺ​ប្រព័ន្ធ​ឯកត្តនាម​ និង​ប្រព័ន្ធ​សមាមាត្រ។ ប្រព័ន្ធ​ឯកត្តនាម ច្រើន​បង្កើត​រដ្ឋាភិបាលចេញ​ពី​គណបក្ស​នយោបាយ​តែ​មួយ​ ហើយ​ប្រព័ន្ធ​នេះ​ មាន​លក្ខណៈ​សាមញ្ញ​ ងាយស្រួល​ទាំង​ទ្រឹស្តី​ និង​ការ​អនុវត្ត​សម្រាប់​អ្នក​បោះឆ្នោត​ ប៉ុន្តែ​ប្រព័ន្ធ​នេះ​ បើ​ជ្រើស​យក​មក​អនុវត្ត​ ច្រើន​ជួយ​ដល់​គណបក្ស​នយោបាយ​ណា​ដែល​ខ្លាំង​ ហើយ​ធំ​ជាង។ ប្រព័ន្ធ​សមាមាត្រ​ គឺ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ របស់​ប្រជាពលរដ្ឋ​ត្រឹម​ត្រូវ​បាន​ច្រើន​ជាង​ប្រព័ន្ធ​ឯកត្តនាម​ពី​ព្រោះ​ឆន្ទៈ​អ្នកបោះ​ឆ្នោត​ចេញ​ជា​ចំនួន​អាសនៈ​ នៅ​ក្នុង​រដ្ឋសភា។ ប្រព័ន្ធ​នេះ​ ផ្តល់​លទ្ធភាពច្រើន​ ដល់​ក្រុម​ភាគ​តិច​ និង​ស្ត្រី​ឲ្យ​មាន​ភាព​តំណាង​របស់​ខ្លួន​នៅក្នុង​រដ្ឋសភា​ ឬ​ក្រុមប្រឹក្សា​ ហើយ​ច្រើន​បង្កើត​បាន​រដ្ឋាភិបាល​ចម្រុះ​ញឹកញាប់​ជាង​ប្រព័ន្ធ​ឯកត្តនាម»។​

លោក​ ហង្ស ពុទ្ធា​ អ្នកនាំ​ពាក្យ​របស់​គ.ជ.ប​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ច្បាប់​ប្រទេស​កម្ពុជា​បាន​តម្រូវ​ឲ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​សមាមាត្រ​ដែល​បើក​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ​

​លោក​ថ្លែង​ថា៖​

«ខ្ញុំ​សូម​ជម្រាប​ថា​ ឯកឧត្តម​ប្រធាន​គ.ជ.ប​ លោក​អត់​បាន​បញ្ជាក់​ថា​ លោក​ពេញ​ចិត្ត​នឹងប្រព័ន្ធ​បោះ​ឆ្នោត​ បែប​ណា​ទេ​ណា។ ប៉ុន្តែ​ច្បាប់​តម្រូវ​ឲ្យ​រៀបចំ​ ការ​បោះឆ្នោត​តាម​បែប​សមាមាត្រ។ អីចឹង​ គាត់​គ្រាន់តែ​ធ្វើការ​វិភាគ​ជូន​ជា​សាធារណៈ​ថា ប្រព័ន្ធ​ឯកត្តនាម​ហ្នឹង​វា​យ៉ាងម៉េច ​ប្រព័ន្ធ​សមាមាត្រ​ហ្នឹង​វាយ៉ាង​ម៉េច។ ហើយ​ក្នុង​នោះ​ គាត់​បាន​បញ្ជាក់​ហើយ​ ដូច​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ហ្នឹង​ណ៎ា​ ថា​ប្រព័ន្ធ​សមាមាត្រ​នេះ​ វា​ផ្តល់​ឲ្យ​នៅ​ ប្រទេស​ភាគច្រើន​ ដែល​ប្រកាន់​យក​តាម​របៀប​នេះ​ បាន​រាជរដ្ឋាភិបាល​មួយ​ដែល​មាន​លក្ខណៈ​ចម្រុះ​ជាង»។​

យោងតាម​សេចក្តី​ប្រកាស​ដដែល​របស់​គ.ជ.ប ​ចុះ​ថ្ងៃ​ទី១២ ខែ​មិថុនាក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​នីតិវិធី សម្រាប់​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ​ផង​ដែរ។​ គ.ជ.ប បាន​លើកឡើង​ថា​ បើ​ក្រសួងមហាផ្ទៃ​បាន​លុប​ឈ្មោះ​គណបក្ស​ណា​ហើយ​ មាន​ន័យ​ថា​ គណបក្ស​នយោបាយ​នោះ​ មិន​អាច​ចុះ​បញ្ជី​ឈរ​ឈ្មោះ​នៅ​គ.ជ.ប​ បាន​ឡើយ។​

អ្នក​ជំនាញ​ការ​ខាង​បោះឆ្នោត​ នៅ​កម្ពុជា​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ចំពោះ​ថាតើ​កម្ពុជា​អាច​ជ្រើស​រើស​យក​ប្រព័ន្ធ​ឯកត្តនាម​ មក​ជំនួស​ឲ្យ​ប្រព័ន្ធ​សមាមាត្រ​បាន​ដែរ​ឬ​ទេ។​ លោក​ កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​(Comfrel)​យល់​ថា​ ប្រព័ន្ធ​សមាមាត្រ​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​គណបក្ស​ធំៗ ហើយ​អាច​ផ្តល់​លទ្ធ​ភាពដល់​គណបក្ស​នយោបាយ​គ្រប់​គ្រង​តំណាង​រាស្រ្ត​ផង​ដែរ។​

កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៨នេះ​ មន្ត្រី​នាំ​ពាក្យ​គ.ជ.ប​មួយ​រូប​គឺ​លោក​ ឌឹម សុវណ្ណារុំ បាន​ទៅបញ្ជ្រាប​ការ​យល់​ដឹង​ស្តីពី​ដំណើរ​ការ​បោះ​ឆ្នោត​សម្រាប់​នីតិ​កាល​ទី៦​នៅ​ឯ​ខេត្ត​តាកែវ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់អង្គភាព​ព័ត៌មាន​ក្នុងស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។​

ការ​បញ្ជ្រាប​ការ​យល់​ដឹងពីដំណើរ​ការ​បោះឆ្នោត​នា​ពេល​នោះ​ កើត​មាន​ឡើង បន្ទាប់​ពី​អ្នកស្រី​ រ៉ូណា ស្មីត​ (Rhona Smith) អ្នក​រាយការណ៍​ពិសេស​របស់​អ.ស.ប.​នៅ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាស​មួយ​ ដោយ​បាន​និយាយ​ចំៗ​ថា​ ការ​បោះឆ្នោត​ខែ​កក្កដា​ ដែល​បាន​គ្រោង​ទុក​នោះ​ គឺ​ជា​ការ​បោក​បញ្ជោត​ឆន្ទៈ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែរ​ជា​ម្ចាស់​ឆ្នោត​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​អនុញ្ញត​ឲ្យគណបក្ស​សង្គ្រោះជាតិ​ចូលរួមក្នុង​ការ​បោះឆ្នោត​នោះទេ។​

ទោះបីមានការ​រិះគន់​ខ្លាំងពីអ្នកស្រី​ស្មីត​ យ៉ាង​នេះក្តី​ ក៏ប្រធាន​ និង​ក្រុម​មន្រ្តី​គ.ជ.ប​ បាន​បន្ត​កិច្ច​ខិត​ខំ​ក្នុងការ​បញ្ជ្រាប​ការយល់​ដឹង​ពី​ដំណើរការបោះឆ្នោត។​ គ.ជ.ប​ បាន​កំណត់​យក​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​នេះ ជា​ថ្ងៃ​បោះ​ឆ្នោត​ ដែល​នឹង​មាន​គណបក្ស​ចំនួន​២០​ចូលរួម៕