លោក​អូបាម៉ា ផ្តោត​លើ​គម្រោង​រយៈ​ពេល​យូរ​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ថ្លែង​ ​នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​​នៅ​សេតវិមាន។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា ​បានប្រសាសន៍​ថា ​ពេល​ដែល​លោក ចូល​កាន់​តំណែងប្រធានា​ធិបតី​ពី​រឆ្នាំ​ចុងក្រោយរបស់​លោក ហើយ​ដោយ​មាន​សេដ្ឋ​កិច្ចកាន់​តែ​ខ្លាំង​ឡើង​ៗជាង​ពេល​ណា​ទាំង​អស់ចាប់​តាំង​ពីចូលកាន់​អំណាច​ក្នុង​ឆ្នាំ​២០០៩​មក​ ​លោក ​អាច​ផ្តោតលើ​អ្វី​ដែល​លោកហៅ​ថា ​គម្រោង​រយៈ​ពេល​យូរ​នៅ​ក្នុង​កិច្ច​ការ​ក្នុងស្រុក​និង​ក្រៅ​ប្រទេស។ ​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុសាធារណៈ​របស់​សហរដ្ឋ​អាមេរិក ​លោក​អូបាម៉ា ​ក៏​បាន​មាន​ប្រសាសន៍​ដែរថា ​លោក ​នឹង​មិន​ច្រាន​ចោលពី​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ហើយ​និយាយ​យោង​ដល់​ប្រទេសភូមា​និង​ប្រទេស​ទុយណេស៊ី​ជាឧទាហរណ៍​ដែល​លទ្ធិ​ប្រជា​ធិបតេយ្យ ​មាន​ឱកាស​ធ្វើ​ឲ្យ​មាន​ការ​ជឿនលឿន។

ក្នុង​កំណត់​សម្គាល់​ទៅ​កាន់ការផ្សាយ​របស់​វិទ្យុ NPR ​ដែល​ជាអង្គការបណ្តាញ​ផ្សាយ​ព័ត៌មាន​សាធារណ​របស់​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ ​លោក​អូបាម៉ា ​មាន​ប្រសាសន៍​ថា ចំណាត់​ការ​និតិប្រតិបត្តិ​របស់​លោក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះស្តីពី​អន្តោប្រវេសន៍​និង​ប្រទេស​គុយបា ​ជា​លទ្ធ​ផល​នៃ​ការងារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។​លោក​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​ទៀត​ថា លោក ​បានប្រមើល​ទុក​ជាមុននៅ​ឆ្នាំ​២០១៤ថា ​ជាឆ្នាំបំបែក​ភាព​ទាល់​ច្រកហើយ​បន្ទាប់​ពី​រយៈ​ពេល​៦ឆ្នាំ​នៅ​ក្នុង​ការ​កាន់​ដំណែង​ហើយ​នឹង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​មាន​ភាព​ប្រសើរ​ឡើង នៅ​ទី​បញ្ចប់​លោក​ប្រធានា​ធិបតី​ ​មាន​ឱកាស​ដោះ​ស្រាយ​បញ្ហា​លំបាក​ខ្លះ។

«ក៏ប៉ុន្តែ ​នៅ​ចុងឆ្នាំ​២០១៤ ​ខ្ញុំ ​អាច​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​ហើយ​និយាយ​ថា ​យើង ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាពដ៏​ល្អមួយ​នៅពេលសព្វថ្ងៃ​នេះដូច​ដែល​យើង មាន​ក្នុង​រយៈ​ពេល​កន្លង​មក​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច ដែល​ភាពដឹកនាំ​របស់​អាមេរិក ​ត្រូវ​គេ​ត្រូវ​ការកាន់​តែច្រើន​ឡើងនៅ​ជុំ​វិញ​ពិភពលោកជាងកាល​ពី​ពេល​មុន​ហើយ​នេះ​គួរឲ្យ​សប្បាយ​ចិត្ត ពីព្រោះ​តែ​មាន​ការ​ងារ​ជា​ច្រើន​ដែល​យើង ​បាន​ធ្វើ​កន្លងមក​នៅ​ពេល​ឥឡូវនេះ​កំពុង​ចាប់​ផ្តើម​ឲ្យ​ផ្លែផ្កា។​ហើយ ​បន្ទាប់មក វា ​បាន​ផ្តល់​ឱកាសឲ្យ​ខ្ញុំ​ចាប់​ផ្តើម​ផ្តោត​លើបញ្ហាដ៏​លំបាក​ផ្សេង​ៗ​ទៀត​ដែល​ខ្ញុំ ​ជានិច្ច​កាលគ្មាន​ពេល​វេលា​ឬសមត្ថភាពធ្វើ​កាលពីដំបូង​នៅក្នុង​ការ​កាន់​តំណែងរបស់​ខ្ញុំជា​ប្រធានា​ធិបតី​នោះ។

លោក​ប្រធានា​ធិបតី​អូបាម៉ា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​លោក ឥឡូវនេះ ​ចង់​ផ្តោត​លើ​គម្រោង​រយៈ​ពេល​យូរ​ដូចជា​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់ ​ទទួល​ផល​ប្រយោជន៍​ពីសេដ្ឋ​កិច្ច​កំពុង​ប្រសើរ​ឡើង ​ហើយ​នឹង​ផ្តោត​លើផ្នែក​អន្តរជាតិ។

«ទោះបី​យើង ​កំពុង​ដោះស្រាយ​ជាមួយ​ពួករដ្ឋ​អ៊ី​ស្លាម ISIL និង​កំពុង​ព្យាយាម​រុញ​ច្រានពួកនោះ​ឲ្យ​ត្រឡប់​ទៅ​ក្រោយ​វិញក៏ដោយ​ ​ហើយ​នៅ​ទី​បញ្ចប់ ផ្តួល​ពួកគេ ទោះបីយើង កំពុង​ធ្វើ​ការ​ដកកងទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​របៀប​ទទួល​ខុសត្រូវ​ ចំណាត់​ការ​ដូចជា​កិច្ច​ផ្តួច​ផ្តើម​ខាង​ការទូតជាមួយប្រទេស​គុយបា ​ជាកិច្ច​ការ​មួយ​ដែល​ខ្ញុំ ​ចង់​ធ្វើ​ជាបន្ត មួយ​ផ្នែកពី​ព្រោះ​ ​វា ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ឡើង​សម្រាប់​ប្រធានា​ធិបតី​ធ្វើ​នៅ​ពេល​បញ្ចប់អាណត្តិ​របស់​លោក​ជាង​ពេល​ទើប​ចូល​កាន់​ដំណែង​»។

នៅពេល​សួរថា ​តើលោក ​មាន​ការ​ប្រមើលទុក​ជាមុន​ពីការ​បើក​ស្ថាន​ទូត​នៅ​ក្នុង​រដ្ឋ​ធានីTehran ​ខណៈ​ដែលលោក​ ធ្វើ​ឲ្យ​មាន​ចំណង​ទាក់​ទង​ខាង​ការទូតឡើង​វិញ​ជាមួយប្រទេស​គុយបាដែរ​ឬទេ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ប្រសាសន៍​ថា​ ​ប្រទេសទាំង​២ ​មាន​លក្ខណៈ​ខុសគ្នា។លោក ​និយាយ​ទៀត​ថា ​បន្ទាប់​ពី​៥០​ឆ្នាំ​នៃ​គោល​នយោបាយ​ដដែល ​វា​ ​ជា​ពេល​វេលា​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជាមួយ​ប្រទេសដ៏តូច​មួយ​នេះ​ដែល​មិន​បាន​ធ្វើ​ការ​គំរាម​កំហែង​ដុំកំភួន​នោះ។លោកប្រធា​នា​ធិបតី ​បាន​ហៅអ៊ី​រ៉ង់​ជា​ប្រទេស​ធំ ​មាន​ការ​ស្មុគ្រស្មាញ​ដោយ​មាន​ប្រវត្តិ​ជារដ្ឋ​គាំទ្រ​ភេរវកម្មដែល​មាន​ភាព​ប្រទូសប្ររាយ​ដល់​អ៊ី​ស្រាអែលហើយ​កំពុង​ព្យាយាម​អភិវឌ្ឍន៍​អាវុធ​នុយក្លែអ៊ែ។

លោក​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ទំនាក់​ទំនង​ប្រសើរ​ឡើង​ជា​មួយរដ្ឋាភិបាល​ទីក្រុងTehran​នឹង​អាស្រ័យ​លើ​កិច្ច​ព្រម​ព្រៀងនុយក្លែអ៊ែដែល​អាចផ្ទៀង​ផ្ទាត់​បាន។លោក​ប្រធានា​ធិបតី​ ​មាន​ប្រសាសន៍​ទៀត​ថា ​ទៅ អនាគត​ការ​ដាក់​ទ័ណ្ឌកម្ម​សេដ្ឋ​កិច្ច​ អាច​ត្រូវ​ដក​ចេញ ​អ៊ី​រ៉ង់ ​អាច​ត្រូវ​បញ្ចូលក្នុង​សហគមន៍​អន្តរ​ជាតិហើយ​ការណ៍​នេះ ​នឹង​ចាត់ទុក​ថា​ជាមូលដ្ឋាន​ដើម្បី​ធ្វើ​ឲ្យប្រសើ​រឡើង​នូវ​ទំនាក់​ទំនង​នេះ។​

សហរដ្ឋ​អាមេរិក​ ​គ្មាន​ទំនាក់​ទំនង​ខាង​ការទូតជាមួយ​អ៊ី​រ៉ង់​ចាប់​តាំង​ពី​ឆ្នាំ​១៩៨០​មក ​បន្ទាប់​ពី​ពួក​សកម្ម​ជនអ៊ី​រ៉ង់ ​បាន​កាន់​កាប់ស្ថាន​ទូ​ត​សហរដ្ឋ​អាមេរិកហើយ​បាន​ចាប់​បុគ្គលិកស្ថាន​ទូត​ធ្វើ​ជា​ចំណាប់​ខ្មាំង។​សហរដ្ឋ​អាមេរិកនិង​ប្រទេស​៥​ផ្សេងទៀត ​មាន​អង់​គ្លេស ​ចិន ​បារាំង ​រុស្ស៊ី ​អាល្លឺម៉ង់ ​បាន​ធ្វើ​ការ​ចរចា​កម្មវិធី​នុយក្លែអ៊ែអ៊ីរ៉ង់​សន្តិភាពនិង​ស៊ី​វិល​មួយ។អ៊ីរ៉ង់ ​បាន​បដិសេធ​ជាយូរយា​ណាស់​មក​ហើយថា ​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន ​គ្មាន​គោល​បំណង​ខាង​យោ​ធា​ទេ។

ថ្វី​បើឈោង​ដល់​កិច្ច​ព្រម​ព្រៀងបណ្តោះ​អាសន្ន​មួយ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣ក៏ដោយ​ ​ភាគីទាំង២ ​មិន​បាន​ឈោង​ដល់​កិច្ច​ព្រម​ព្រៀង​ធំទូលាយ​មួយ​ហើយ​បាន​បន្ត​ការ​ចរចារ​ដោយ​មានកាលបរិច្ឆេទរហូត​ដល់​ចុង​ខែមិថុនា​ ​ឆ្នាំ​ក្រោយ។

ចំពោះ​ការ​ធ្វើ​ឲ្យ​ជឿន​លឿននូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស អភិបាល​កិច្ច​ល្អ​ហើយ​នឹង​នីតិ​រដ្ឋ​ ​លោក​ប្រធានា​ធិបតី​អូបាម៉ា ចង្អុល​បង្ហាញ​ដល់​ប្រទេស​មីយ៉ាន​ម៉ាឬ​ភូមា​និង​ប្រទេស​ទុយនីស៊ី​ដែល​នៅ​ទី​នោះ​ កំពុង​តែមាន​ការ​ផ្លាស់​ប្តូរ។​លោក​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រទេសទាំង​នោះ ​ជា​ប្រទេសដែល​សហរដ្ឋ​អាមេរិក ​អាចមានឱកាស​ហើយអាច​ធ្វើ​អ្វីៗដែល​ខ្លួន អាច​ដើម្បី​ជួយ។

ក៏ប៉ុន្តែ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ស្ថាប​នា​ជាតិ​នៅ​ក្នុង​ប្រទេស​លីប៊ី​ ស៊ីរីនិង​ប្រ​ទេស​អ៊ីរ៉ាក់ ​លោក​ប្រធានា​ធិបតីអូបាម៉ា ​និយាយសំដៅ​ដល់​ប្រទេស​ទាំង​នោះ​ថា​ជា​គម្រោង​របស់​មនុស្ស​ជំនាន់​ក្រោយរបស់​ប្រទេស​ទាំងនោះ ​ដែល​នៅ​ទី​នោះ​សហរដ្ឋ​អាមេរិក​ ​អាច​ជួយ ក៏ប៉ុន្តែ ​មិន​អាចធ្វើគម្រោង​នោះ​សម្រាប់​ប្រទេស​ទាំង​នោះ​ទេ។

ចំពោះ​ប្រទេស​រុស្ស៊ី​ហើយ​នឹងសកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ​លោក ​ប្រធានា​ធិបតី ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គំនាប​ខាង​សេដ្ឋ​កិច្ច​ជាបន្ត កំពុង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រុស្ស៊ី​ទទួល​រង​ផល​ប៉ះ​ពាល់​ហើយ​នឹង​ឲ្យ​មាន​ការ​លំបាក​ខ្លាំង​ឡើង​ដើម្បី​ចាត់​ចែង​។

លោក​ប្រធានា​ធិបតី​អូបាម៉ា ក៏​មាន​ប្រសាសន៍​ដែរថា ​បន្ទាប់​ពី​សង្គ្រាមដែល​ចុះ​សោហ៊ុយ​ច្រើនក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់ ​លោកប្រធានា​ធិបតី ចង់​ផ្តោត​លើ​ធន​ធាន​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​ដើម្បី​ស្ថាបនា​សាលារៀន ផ្លូវថ្នល់​ វិទ្យាសាស្រ្តនិង​ការ​ស្រាវ​ជ្រាវ​សំខាន់​ៗ​ឡើង​វិញ៕

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន