ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro និយាយថាលោកបានបញ្ជារឱ្យបិទច្រកចូលទៅកាន់បណ្តាញសង្គម X ក្នុងប្រទេសវ៉េណេស៊ុយអេឡាចំនួន១០ថ្ងៃដោយចោទម្ចាស់បណ្តាញសង្គមនេះគឺលោក Elon Musk ថា ប្រើបណ្តាញនេះ ដើម្បីផ្សព្វផ្សាយសម្អប់ ក្រោយពីការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះក្នុងប្រទេសនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកកាសែត Associated Press ក្នុងរដ្ឋធានីការ៉ាកាស បានរកឃើញថាត្រឹមយប់ថ្ងៃព្រហស្បតិ៍ សារបង្ហោះតាមបណ្តាញ X លែងដើរ នៅលើបណ្តាញទូរសព្ទឯកជនចំនួន២និងបណ្តាញទូរសព្ទរដ្ឋ Movilnet។
លោក Maduro បាននិយាយក្នុងពេលថ្លែងសុន្ទរកថាមួយក្រោយពីមានការដើរហែរ ក្បួនរបស់ក្រុមគាំទ្ររដ្ឋាភិបាលថា«លោក Elon Musk ជាម្ចាស់បណ្តាញ X ហើយបានរំលោភវិធាននានារបស់បណ្តាញសង្គមខ្លួនឯងផ្ទាល់»។ លោក Maduro ចោទថាលោក Musk «ញុះញង់ឱ្យមានសម្អប់»។
លោក Maduro ក៏បានចោទបណ្តាញសង្គមនេះថាត្រូវបានប្រើប្រាស់ដោយពួកប្រឆាំងដើម្បីបង្កើតភាពវឹកវរនយោបាយ។
ប្រធានាធិបតីវ៉េណាស៊ុយអេឡាបាននិយាយថាលោកបានចុះហត្ថលេខាលើសេចក្តី សម្រេចមួយ«ដែលស្នើឡើងដោយគណៈកម្មការទូរគមនាគមន៍ជាតិ CONATEL ដែលបានសម្រេចដកបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter មិនឱ្យចរាចរនៅក្នុងប្រទេសវ៉េណាស៊ុយអេឡារយៈពេល១០ថ្ងៃដើម្បីឲ្យបណ្តាញសង្គមនេះ
បង្ហាញឯកសារ»។ តែលោក Maduro មិនបានផ្តល់សេចក្តីលម្អិតអំពីដំណើរការនៃចំណាត់ការប្រឆាំងបណ្តាញសង្គមនេះទេ។
ការិយាល័យទំនាក់ទំនងជាមួយសារព័ត៌មាមរបស់បណ្តាញ X មិនបានឆ្លើយតបភ្លាមៗចំពោះសារអេឡិកត្រូនិកផ្ញើពីទីភ្នាក់ងារព័ត៌មាន AP ដើម្បីស្នើសុំអត្ថាធិប្បាយទេ៕