ការរាប់សន្លឹកផ្លូវការដ៏រហ័សមួយ ដែលត្រូវបានចេញផ្សាយកាលពីព្រឹកថ្ងៃចន្ទបង្ហាញថា បេក្ខជនគណបក្សកាន់អំណាចអ្នកស្រី Claudia Sheinbaum ឈ្នះការបោះឆ្នោតប្រធានាធិបតីម៉ិកស៊ិក និងក្លាយជាប្រធានាធិបតីស្ត្រីលើកដំបូងរបស់ប្រទេសនេះ។
ប្រធានវិទ្យាស្ថានជាតិរៀបចំការបោះឆ្នោតម៉ិកស៊ិកនិយាយថា គំរូស្ថិតិដែលតំណាងឱ្យលទ្ធផលមកពីទូទាំងប្រទេសបង្ហាញថា អ្នកស្រី Sheinbaum ដែលជាអតីតអភិបាលក្រុងម៉ិកស៊ីកូ ឈ្នះឆ្នោតដោយទទួលបានសំឡេងគាំទ្ររវាងពី ៥៨.៣ភាគរយ ដល់ ៦០.៧ភាគរយនៃចំនួនសន្លឹកឆ្នោតសរុបទាំងអស់។
គូប្រជែងកំពូលរបស់អ្នកស្រី គឺសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំងនិងជាស្ត្រីអ្នកជំនួញមួយរូប គឺអ្នកស្រី Xóchitl Gálvez បានទទួលសំឡេងឆ្នោតគាំទ្ររវាង ២៦,៦ ភាគរយដល់ ២៨,៦ ភាគរយ។ ចំណែកបេក្ខជននិយមកណ្តាល លោក Jorge Álvarez Máynez បានទទួលសំឡេងគាំទ្ររវាងពី ៩,៩ ភាគរយដល់ ១០,៨ ភាគរយ។
ការរាប់សន្លឹកឆ្នោតដ៏រហ័សមួយក៏បង្ហាញផងដែរថា គណបក្ស Morena របស់អ្នកស្រី Sheinbaum ឈ្នះសំឡេងភាគច្រើនដាច់ក្នុងសភាទាំងពីរថ្នាក់របស់ប្រទេសម៉ិកស៊ិក។
ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីការរាប់សន្លឹកឆ្នោតដ៏រហ័សត្រូវបានប្រកាសមក អ្នកស្រី Sheinbaum និយាយថា អ្នកស្រីមានមានការដឹងគុណជាខ្លាំង ដែលនេះជាលើកទី ១ ហើយក្នុងប្រវត្តិសាស្ត្រ ២០០ ឆ្នាំនៃប្រទេសម៉ិកស៊ិក ដែលមានប្រធានាធិបតីជាស្ត្រីមួយរូប។
អ្នកស្រីបានសន្យាថា នឹងស្ថាបនាប្រទេសម៉ិកស៊ិកមួយដែលមានភាពសម្បូរុងរឿងនិងយុត្តិធម៌ ដែលទទួលខុសត្រូវលើឆ្នាំសារពើពន្ធ គ្មានអំពើពុករលួយនិងគ្មាននិទណ្ឌភាព។ អ្នកវិទ្យាសាស្ត្របរិយាកាសរូបនេះនិយាយថា រដ្ឋាភិបាលនឹងធ្វើការលើអធិបតេយ្យភាពថាមពល និងថាមពលដែលអាចផលិតបានដោយខ្លួន។
អ្នកស្រី Sheinbaum ក៏បាននិយាយផងដែរថា ប្រទេសម៉ិកស៊ិកនឹងមានទំនាក់ទំនងជាមិត្តភាពជាមួយសហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Associated Press, Agence France-Presse និងReuters។