ប្រជាសហគមន៍ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារដែលជាតំបន់អភិរក្សមួយ បានលើកឡើងអំពីក្តីបារម្ភនៃការកាប់បំផ្លាញព្រៃឈើ ដោយអំពាវនាវឱ្យអាជ្ញាធរផ្តល់សេរីភាពពេញលេញដល់ប្រជាពលរដ្ឋក្នុងការចូលរួមល្បាតព្រៃឈើ។
លោក សៅ សារី អាយុ ៦២ ឆ្នាំ សមាជិកសហគមន៍ព្រៃព្រះរកាម្នាក់ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បទល្មើសកាប់ទន្ទ្រានព្រៃឈើចេះតែបន្តកើតមាន ខណៈប្រជាសហគមន៍មិនត្រូវបានអនុញ្ញាតឱ្យចូលទៅល្បាតការពារព្រៃឈើ។ លោកបន្ថែមថា អាជ្ញាធរក៏បានគាបសង្កត់ គំរាមកំហែង និងគំរាមចាប់ដាក់ពន្ធនាគារផងដែរ នៅពេលប្រជាពលរដ្ឋចង់ចូលទៅល្បាតព្រៃ។
លោកថ្លែងថា៖ «គេប្រមាថចាប់ដាក់គុក បើនៅតែបន្តធ្វើតទៅមុខទៀត ជាប់គុក ជាប់គុក អត់ដឹងទេ។ អ្នកខាងក្រសួងបរិស្ថានដែលនៅតាមមូលដ្ឋាន មន្ត្រីរាជការភូមិឃុំប៉ូលិសឃើញថា គំរាមបងប្អូនដែលនៅតាមមូលដ្ឋានហ្នឹង»។
បើតាមប្រជាសហគមន៍រូបនេះ បើទោះបីមានការហាមឃាត់ប្រជាសហគមន៍មិនឱ្យចូលការពារព្រៃឈើក្តី ក៏ប្រជាពលរដ្ឋនៅតែព្យាយាមចូលទៅតាមផ្លូវផ្សេងទៀត។
លោក សៅ សារី ថ្លែងបន្ថែមថា នៅពេលមួយគ្រាដែលលោកបានចូលទៅល្បាតព្រៃ លោកបានប្រទះឃើញអ្នកកាប់ឈើ ហើយលោកបានសួរនាំ រហូតដល់មានការឆ្លើយថា អាជ្ញាធរបានការពារពួកគេពីក្រោយការកាប់បំផ្លាញព្រៃឈើនេះ។
លោកថ្លែងថា៖ «បងកាប់ឈើនេះ មិនខ្លាចគេចាប់ចងទេ? អ្នកកាប់ឈើឆ្លើយថាខ្ញុំមិនខ្លាចទេ ព្រោះខ្ញុំបានជួលមន្រ្តីបរិស្ថានហើយមួយខែ ២០០០ […] ខ្ញុំមិនខ្លាចទេ បើមានសហគមន៍ចូលមក ខ្ញុំតេទៅបរិស្ថាន ដើម្បីឱ្យបរិស្ថាន គេជួយមកយើងខ្ញុំ»។
កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ បណ្តាញសហគមន៍ព្រៃព្រះរកា និងបណ្តាញសហគមន៍ព្រៃឈើខេត្តព្រះវិហារបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវដល់រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បើកលំហសិទ្ធិសេរីភាពដល់ពលរដ្ឋនៅតាមមូលដ្ឋាន និងសកម្មជនបរិស្ថាន ជាពិសេសជនជាតិដើមភាគតិច អាចចូលតាមដាននិងការពារព្រៃឈើ ធនធានធម្មជាតិក្នុងដែនតំបន់ព្រៃព្រះរកា ឱ្យបានទូលំទូលាយ។
ពួកគេក៏ស្នើសុំក្រុមការងារគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងធនធានធម្មជាតិ បន្តដាក់ចេញនូវផែនការបន្ត ដើម្បីរៀបចំកម្លាំងចុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍។
សមាជិកសហគមន៍ព្រៃព្រះរកាម្នាក់ទៀត អ្នកស្រី ជន ឃឹម រស់នៅក្នុងស្រុកឆែបខេត្តព្រះវិហារ ឱ្យដឹងដែរថា បទល្មើសព្រៃឈើកើនឡើងខ្លាំង នៅឆ្នាំ ២០២៣ នេះ ដោយសារមានអ្នកកាប់រុករានដីធ្វើចម្ការជាច្រើន ខណៈមានការហាមឃាត់មិនឱ្យប្រជាសហគមន៍ចូលទៅល្បាតព្រៃឈើ។
អ្នកស្រីថ្លែងថា៖ «ខាងមន្ត្រីគាត់ថា គាត់អត់ឱ្យខ្ញុំចុះទៅទេ [...] បើល្បាតគាត់មិនថាទេ តែមុននឹងទៅណា ឱ្យស្នើទៅគាត់ តែស្នើហើយ ក៏គាត់អត់ឱ្យចុះ»។
អ្នកស្រីក៏បានបង្ហាញការព្រួយបារម្ភបាត់បង់ព្រៃឈើ ដែលនឹងធ្វើឱ្យប៉ះពាល់អាកាសធាតុ ដែលបង្កឱ្យមានភាពរាំងស្ងួតខ្លាំង ហើយវាក៏ធ្វើឱ្យប្រជាពលរដ្ឋដែលអាស្រ័យផលនៅក្នុងព្រៃព្រះរកានេះ បាត់បង់ប្រាក់ចំណូលទាំងស្រុងផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមសំណូមពរដល់ក្រសួង មន្ត្រីបរិស្ថាន ឱ្យខ្ញុំចូលការពារឱ្យបានទូលាយ កុំឱ្យមានការចង្អៀត ហាមអី សូមឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានច្រើន ឱ្យគាត់ជួយការពារ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ បាននៅឡើយទេ។
បើតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ ដែនជម្រកសត្វព្រៃព្រះរកា មានទំហំជាង ៩ម៉ឺនហិកតា ហើយត្រូវបានទទួលស្គាល់ជាតំបន់ដែលត្រូវគ្រប់គ្រង ការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕
ភ្នំពេញ —