សាលាក្តី​ខ្មែរក្រហម​ចាប់ផ្តើម​សវនាការ​រឿង​ខ្វែង​គំនិត​គ្នា​ថា​តើ​ត្រូ​វកាត់​ទោស​លោក​អោ អាន​ ឬ​ទម្លាក់​បទ​ចោទ

រូបឯកសារ៖ ជន​សង្ស័យ ​អោ អាន​​ ហៅ​តា អាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤។ (​រូបថតផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក ​អោ អាន​ ជា​អតីត​មេបញ្ជាការ​រង​ភូមិ​ភាគ​មជ្ឈឹម​ គ្រប់គ្រង​គុក មន្ទីរ​សន្តិសុខ​ និង​កន្លែង​កាប់​សម្លាប់​ជាច្រើន ​ក្នុងតំបន់​ ៤១ ​៤២ ​និង​ ៤៣។

អង្គបុរេ​ជំនុំ​ជម្រះ​នៃ​សាលាក្តី​ខ្មែរក្រហម​ ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ បាន​ចាប់​ផ្តើម​សវនាការ​នៅ​ថ្ងៃនេះ​ ដើម្បី​ពិនិត្យ​មើល​ថា​តើ​សំណុំ​រឿង ​០០៤ ​វគ្គ ២​របស់​លោក ​អោ អាន ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម​ ត្រូវ​នាំ​ខ្លួន​ទៅកាត់​ទោស​ឬ ក៏​ត្រូវ​ទម្លាក់​ចោល​បទចោទ​ប្រកាន់។

បើ​តាម​សេចក្កី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​បាន​ឲ្យដឹង​នៅ​ថ្ងៃនេះ​ថា​ សវនាការ​របស់​អង្គបុរេ​ដើម្បី​ស្តាប់​អំណះ​អំណាង​ ឬ​ទទ្ហ្បីករណ៍​ពី​ភាគី​នានា​ក្នុង​សំណុំ​រឿង ​០០២ វគ្គ២​នេះ​ នឹង​បន្ត​ដំណើរ​ការ​រយៈ​ពេល​បីថ្ងៃ​ ចាប់ពី​ថ្ងៃពុធ​ទី១៩ ​ខែ​មិថុនា។​ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ​និង​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ បាន​ចោទ​ប្រកាន់​លោក​អោ អាន​ ពីបទ​ឧក្រិដ្ឋកម្ម​នានា ​រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម ហើយ​ថា ជន​ជាប់​ចោទ​នេះ​ត្រូវ​នាំខ្លួន​ទៅ​កាត់​ទោស។

ក៏ប៉ុន្តែ ​សហ​ចៅក្រម​កម្ពុជា​ និង​សហព្រះរាជ​អាជ្ញា​កម្ពុជា​ជំទាស់​ដោយ​យោង​ថា​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ ហើយ​ថា​លោក ​អោ អាន ​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ​និង​ជា​មេដឹកនាំ​ខ្ពស់​បំផុត។​ ភាគី​អន្តរជាតិ​និង​ភាគី​ជាតិ ​បាន​ខ្វែង​គំនិត​គ្នា ​ហើយ​ការណ៍​នេះ​តម្រូវ​ឲ្យអង្គ​បុរេ​ជំនុំជម្រះ ​ដែល​មាន​ចៅក្រម​កម្ពុជា​បីរូប​ទល់ ​នឹង​ភាគី​អន្តរជាតិ ​២រូប​នោះ ​សម្រេច​លើ​សំណុំ​រឿង​នេះ ​ក្រោយ​ពី​ភាគី​ចៅក្រម​អន្តរជាតិ​បាន​ចោទ​ប្រកាន់​កាលពី​ខែ​សីហា​ ឆ្នាំ​២០១៨ ​ថា ត្រូវ​នាំ​លោក​ អោ អាន​ ទៅកាត់​ទោស។​

លោក ​អោ អាន​ ជា​អតីត​មេបញ្ជាការ​រង​ភូមិ​ភាគ​មជ្ឈឹម​ គ្រប់គ្រង​គុក មន្ទីរ​សន្តិសុខ​ និង​កន្លែង​កាប់​សម្លាប់​ជាច្រើន ​ក្នុងតំបន់​ ៤១ ​៤២ ​និង​ ៤៣។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ ដំណាក់​កាល​បន្តបន្ទាប់​នៃ​សវនាការ​ត្រូវ​បាន​ធ្វើឡើង​ជា​អសាធារណៈ​ ដែល​សហ​ព្រះរាជអាជ្ញា​ជាតិ​ និង​ អន្តរជាតិ​ បាន​បង្ហាញ​អំពី​ទទ្ហ្បីករណ៍​នៃ​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្លួន។​

សំណុំ​រឿង​បន្ថែម ​០០៣ និង​០០៤ ​ត្រូវ​រង​នូវ​ការ​រិះគន់​អំពី​ការជ្រៀត​ជ្រែក​នយោបាយ​ ​នៅ​ពេល​មន្ត្រី​កំពូលៗ​របស់​ប្រទេស ​រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រកាស​ជារឿយៗ​កន្លង​មក​ពី​ការ​មិន​ឲ្យ​បន្ត​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព និង​ការ​បង្រួប​បង្រួម​ជាតិ​ ក៏​ប៉ុន្តែ​សហ​ចៅក្រម​អន្តរជាតិ​ផ្តោត​លើ​យុត្តិធម៌ និង​នីតិរដ្ឋ៕