យោងតាមគណៈកម្មការទន្លេមេគង្គទឹកភ្លៀង ក្នុងអំឡុងខែឧសភានិងមិថុនា មានប្រមាណ ៧០ភាគរយ តិចជាងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
នេះជាមូលហេតុធ្វើឱ្យខកចិត្តពលរដ្ឋ ដែលពឹងផ្អែកលើប្រព័ន្ធទឹកទន្លេដែលពេលមានទឹកជំនន់ពេញ តំបន់នេះ មានទំហំធំជាងប្រទេសប៊ែលហ្សិក។ អ្នកនេសាទតាមរដូវបានអាស្រ័យផលពីទឹកទន្លេនេះច្រើនទសវត្សមកហើយ ហើយពួកគេខកចិត្តចំពោះការសាងសង់ទំនប់វារីអគ្គិសនី និងអ្វីដែលកំពុងកើតឡើងតាមដងទន្លេមេគង្គ។
លោក ម៉ាន់ លីហី ជាអ្នកនេសាទនៅជ្រោយចង្វារ។
«មូលហេតុដែលត្រីខ្សត់ហ្នឹងទឹកវាអត់ទៀងទាត់ ដូចពីដើម។ តាំងពីធ្វើទំនប់វារីអគ្គិសនីនៅលើមក … ស្ទឹងត្រែងមកហ្នឹង ត្រីហ្នឹងក៏វាខ្សត់ តាមហ្នឹងដែរ។ ដល់ទឹកវាអត់ទៀងទាត់ ត្រីក៏អត់ដូចពីដើមដែរ។ ជួនណាក្នុងមួយខែហ្នឹង ទឹកឡើងចុះៗពីបីដងអ៊ីចឹងទៅ…បីបួនដឹង ក៏មានដែរ។ ដល់ពេលទឹកចាល់ នៅឯលើ គេបើកមកទឹក វាឡើងទៅ! រួចភ្លៀងឥឡូវ ក៏អត់ទៀងទាត់ដែរ … អត់។ រដូវភៀងហើយ ក៏អត់មានភ្លៀង»។
រដូវភ្លៀងនៅអាស៊ីអាគ្នេយ៍បណ្តាលមកពីខ្យល់មូសុង ពីមហាសមុទ្រឥណ្ឌា។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថា កំណើនសីតុណ្ហភាពនៅមហាសមុទ្រឥណ្ឌា កំពុងផ្លាស់ប្តូរលំនាំអាកាសធាតុ ។វាអាចបណ្តាលឱ្យរាំងស្ងួតខ្លាំង ហើយកាន់តែអាក្រក់ទៅៗ ដោយសារផែនការសាងសង់ទំនប់ចំនួន ១៤០ នៅក្នុងប្រទេសចិន និងឡាវ។
លោក យ៉ាន ជាជនជាតិចាម ដែលបាននាំគ្រួសារត្រឡប់មកកម្ពុជាវិញ ក្រោយពីរស់នៅប្រទេសវៀតណាម អំឡុងសម័យប៉ុល ពត។ លោកបានរស់នៅលើទូក ហើយរកស៊ីនេសាទត្រី ៣៥ ឆ្នាំមកហើយ។ លោកនិយាយថា ចំនួនត្រីបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ហើយលោកឈប់នេសាទត្រីទៀតហើយ។
លោក យ៉ាន ថ្លែងថា៖ «ដល់អត់មានត្រីទៅ ខ្ញុំនេះត្រូវប្រកបរបរលក់ត្រីវិញ។ ទៅលើកត្រី ពីយឿមក។ យប់ម៉ោងពីរ បើកទៅយឿត្រី…ទៅលើកត្រីគេមក…យកមកលក់វិញ គ្រាន់តែចំណេញក្បាលកាក់មួយគ.ក្រ. ១ពាន់ ២ពាន់រៀល អីអ៊ីចឹងទៅណា៎។ លក់មួយព្រឹក ពីម៉ោង៦ ដល់ម៉ោង១១ បានចុះទូក។ ចុះទូកងូត ទឹកថ្វាយបង្គំទៅ។ ហើយយើងបានសម្រាកតែពីរម៉ោងទៅម៉ោង…ដល់ម៉ោងបីប្រពន្ធទៅលក់ទៀត ដល់ម៉ោង ៨យប់ បានមកទូក។ អ៊ីចឹងហើយបានថាយ៉ាប់ណាស់ បងអើយ! យើងធ្វើត្រីនេះ ពិបាកដែរ»។
ស្រ្តីនៅជ្រោយចង្វានេះរស់នៅលើទូក តាំងពីនាងកើតកាលពី ២៥ ឆ្នាំមុន។ នាងថា នាងមិនដែលឃើញទឹករាក់អ៊ីចឹងទេ ហើយនាងមិនអាចនេសាទត្រីទៀតទេ។
នាង រស់ សាតស្មី និយាយថា៖ «ចា៎ វាកើនឡើង ទី១។ ទី២ វារាងល្អក់បន្តិច។ ចា៎វាល្អក់ទៅ…ខែហ្នឹងរកត្រីបានតិចតួច…និយាយរួមទៅ សន្សឹមៗរហូត ទៅ ណា៎។ តែមួយរយៈមុន រកត្រីអត់បាន អត់អី សោះ! តែមិនដឹងយ៉ាងម៉េចគេ ថាបាត់ទំនប់។ ទឹកឡើងរហូតដល់ណ៎ដល់នោះដល់សង្កសីនោះ..ពាក់កណ្តាលនឹងណ៎ចា៎។ …ឆ្នាំមុនណា៎»។
ស្ថានភាពរបស់ពួកគេ គឺអាក្រក់ហើយទំនងជានឹងមិនផ្លាស់ប្តូរទេ លុះត្រាលែងមានភាពរាំងស្ងួត ដែលឥឡូវនេះចូលដល់ឆ្នាំទីពីរហើយនោះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ