ការផ្ទុះ​យ៉ាង​ខ្លាំង​មួយ​បាន​ធ្វើ​ឲ្យរង្គើ​រដ្ឋធានី​បេរូត និងបាន​សម្លាប់​មនុស្ស​​និងបង្ករបួស​រាប់ពាន់នាក់

ផ្សែងផុលចេញពីកន្លែងរងការផ្ទុះមួយនៅក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

លោក Hassan Diab នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​លីបង់​បាន​ប្រកាស​នៅថ្ងៃ​ពុធ​នេះ​ជា​ថ្ងៃកាន់ទុក្ខ​រយៈពេល​មួយ​ថ្ងៃ​នៅក្នុង​ប្រទេស​លីបង់ ​បន្ទាប់ពីការ​ផ្ទុះ​ដ៏ខ្លាំងមួយ​ដែល​បាន​បំផ្លាញ​កំពង់ផែក្នុងរដ្ឋធានីបេរូត។ កាកបាទ​ក្រហម​លីបង់​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ព្រឹក​នេះថា មនុស្ស​ជាង១រយនាក់​បាន​ស្លាប់​ហើយយ៉ាង​ហោច​ណាស់​ក៏ជាង​៤ពាន់​នាក់​ដែរ​បាន​រងរបួស។

មន្ត្រី​បាន​និយាយ​ថា ពួកគេ​រំពឹងថា ចំនួន​ជនរងគ្រោះ​នឹងកើនឡើង នៅពេល​ដែលក្រុមជួយ​សង្គ្រោះបាន​ស្វែង​រក​មនុស្ស​ក្នុង​កម្ទេច​បាក់បែក​នៃអាគារ​រងការ​ខូចខាត​និង​មនុស្ស​ស្វែងរក​ក្រុម​គ្រួសារ​និង​មិត្តភក្តិដែល​បាត់ខ្លួន។

មូលហេតុ​ពិតប្រាកដ​នៃការផ្ទុះ​កាលពី​ថ្ងៃ​អង្គារមិនទាន់​ដឹងច្បាស់​នៅឡើយ​ទេ ក៏ប៉ុន្តែពួក​មន្រ្តីលីបង់​បានផ្តោត​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​និយាយថា ​ជា​សារធាតុ​អាម៉ូនីញ៉ូម​នីត្រាត​ ដែល​ត្រូវ​បានគេ​ស្តុកទុក​នៅក្នុង​ឃ្លាំង​នៅ​កំពង់ផែ​៦ឆ្នាំ​មក​ហើយ។

ការផ្ទុះ​នោះបាន​កើតមាន​ឡើង​កាលពីល្ងាច​ថ្ងៃ​អង្គារ​បានធ្វើ​ឲ្យមាន​ផ្សែង​ខ្មួលខ្មាញ់​យ៉ាងធំហើរ​ចូល​ក្នុងមេឃ​ហើយ​កម្លាំង​រំជួយ​នោះ​បាន​ធ្វើ​ឲ្យ​បែកបាក់​បង្អួច​និង​ទ្វា​រផ្ទះ​ដែល​ស្ថិត​នៅឆ្ងាយ​ពី​កំពង់ផែ រថយន្ត​ក្រឡាប់​និងខូចខាត​អាគារ​មួយ​ចំនួន។

បន្ទាប់មក មន្ទីរពេទ្យ​បាន​ផ្ទុក​ទៅដោយ​មនុស្ស​ដែល​ស្វះស្វែង​រក​ការព្យាបាល។ ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុងទីក្រុង​បេរូតបាន​ជំរុញ​ឲ្យ​មនុស្ស​ស្ថិត​នៅ​ក្នុង​ផ្ទះ​បណ្តាល​មកពីសេចក្តី​រាយការណ៍ថា មាន​ឧស្ម័ន​ជាតិ​ពុល​ចេញពីការផ្ទុះ​នោះ។

មេដឹកនាំ​ក្នុង​មូលដ្ឋានបាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត​ដ៏ឆាប់រហ័ស​ដោយបានសន្យាថា អ្នក​ទទួល​ខុសត្រូវ​ទាំងនោះនឹង​ត្រូវ​ទទួល​ខុសត្រូវ។

លោក Michel Aoun ប្រធានាធិបតី​នៃ​ប្រទេស​លីបង់ដែល​បាន​កោះប្រជុំ​គណៈរដ្ឋ​មន្រ្តី​ក្នុងគ្រាអាសន្ននៅថ្ងៃ​ពុធ​នេះបាន​និយាយ​ថា អ្នក​ទទួល​ខុសត្រូវ​នឹង​ប្រឈម​ការ​ដាក់​ទោសដ៏​ខ្លាំង​បំផុត។

សហគមន៍​អន្តរជាតិ​បាន​ធ្វើការ​ឆ្លើយតប​ដោយ​ការចូលរួម​រំលែកទុក្ខចំពោះ​អ្នក​ដែល​ស្លាប់​និង​ស្នើផ្តល់​ការជួយ​ដល់​ពលរដ្ឋ​ក្នុង​រដ្ឋធានីបេរូតដោយ​ការជួយ​ស្តារ​ទីក្រុង​នេះ​ឡើង​វិញ៕