ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​បាន​កើត​ឡើង​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ជប៉ុន

ទាំង​នេះ​ជា​ផ្ទះ​ដួល​រលំ​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​ស្ថិត​នៅ​ក្នុង​ក្រុង Mashiki ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦។

មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២​នាក់បាន​ស្លាប់ ​និង​៤៥​នាក់​ផ្សេង​ទៀត​បាន​រងរបួស​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ជប៉ុន​កាល​ពី​ល្ងាចថ្ងៃ​ព្រហស្បតិ៍។

ជន​រងគ្រោះ​ទាំង​២​នាក់​នេះ​រស់នៅ​ក្នុង​ក្រុង Mashiki ដែល​ជា​ក្រុង​ដែល​រង​ការ​រញ្ជួយ​ដី​ខ្លាំង​បំផុតនៅ​ក្បែរ​ចំណុច​ស្នូល។ មុន​នេះ​ មន្ទីរពេទ្យ​កាកបាទ​ក្រហម Kumamoto ជប៉ុន​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ទទួល​ ឬ​ព្យាបាល​ជន​រងគ្រោះ​ចំនួន​៤៥​នាក់ ដែល​ក្នុង​នោះ​៥​នាក់​បានរង​របួស​ធ្ងន់។

ទីភ្នាក់ងារ​វាស់វែង​ភូមិសាស្រ្ត​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ដំបូង​ឡើយ ​ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦,២​ បន្ទាប់​មក​មាន​ការ​រញ្ជួយ​ដី​មួយ​ចំនួន​ទៀត​នៅ​ក្នុង​សង្កាត់ Kumamoto ដែល​ស្ថិត​នៅ​លើ​កោះ Kyushu របស់​ជប៉ុន។
មាន​លំនៅដ្ឋាន​យ៉ាង​ហោចណាស់​ចំនួន​១៩​ខ្នង​បាន​ដួល​រលំ ចាប់​តាំង​ពី​ការ​រញ្ជួយ​ដី​នោះ​មក។ ប៉ូលិស​និយាយ​ថា ពួកគេ​ភ័យ​ខ្លាច​ថា​នៅ​មាន​ជនរងគ្រោះ​ជាប់​នៅ​ក្នុង​លំនៅដ្ឋាន​ដែល​រលំទាំង​នោះ។​

លោក Yoshihide Suga ​រដ្ឋ​មន្រ្តីនៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ជប៉ុន​បាន​មាន​ប្រសាសន៍ថា «យើង​កំពុង​តែ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ចាត់​វិធានការជួយសង្រ្គោះ​ដល់​ជន​រងគ្រោះ​ជាបន្ទាន់។ ខ្ញុំ​បាន​ស្នើឲ្យ​ប្រជាជន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​កើត​គ្រោះ​មហន្តរាយ​នោះ​កុំ​ឲ្យ​ភិតភ័យ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។​

ចំណុច​ស្នូល​នៃ​ការ​រញ្ជួយ​ដី​ដំបូង​បង្អស់​មាន​ចម្ងាយ​១២០​គីឡូម៉ែត្រ​ពី​រោងចក្រ​ផលិត​នុយក្លេអ៊ែរ​ដែល​កំពុង​តែ​ប្រតិបត្តិការ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​មន្រ្តី​ម្នាក់​បាន​និយាយ​ថា រោងចក្រ​ផលិត​នុយក្លេអ៊ែរ​នោះ​កំពុង​តែ​ប្រតិបត្តិការ​ជា​ធម្មតា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ជប៉ុន​បាន​ចេញ​ផ្សាយ​ថា ​សេវា​រថភ្លើង​ល្បឿន​លឿន​ត្រូវ​បាន​ផ្អាក​ដំណើរការ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នោះ៕