គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកម្រិត ៧,៨ រិចទ័រ ដែលបានកើតឡើងនៅថ្ងៃចន្ទនេះ បានសម្លាប់មនុស្សជាង១.៥០០ នាក់នៅក្នុងប្រទេសតួកគីនិងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី និងបានបណ្ដាលឱ្យមានការស្វែងរកអ្នកនៅរស់រានមានជីវិតក្រោមគំនរអគារបាក់បែក។
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសតួកគីមានអ្នកស្លាប់យ៉ាងតិច ៩១២ នាក់ និងប្រហែល ៥.៤០០ នាក់បានរងរបួស។ លោកបានថ្លែងថា លោកមិនអាចទស្សន៍ទាយថា តើចំនួនទាំងនោះនឹងកើនឡើងខ្ពស់ប៉ុណ្ណានោះទេ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ហើយយ៉ាងហោចណាស់អគារចំនួន២៨០០បានដួលរលំ។
មន្ត្រីសុខាភិបាលស៊ីរីបាននិយាយថា មនុស្សយ៉ាងតិច ២៣៩ នាក់ត្រូវបានស្លាប់ដោយសារគ្រោះរញ្ជួយដីនេះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ចំណែកឯក្រុមអ្នកជួយសង្គ្រោះបានបញ្ជាក់ថា មនុស្សយ៉ាងតិច ១០០ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។
រដ្ឋាភិបាលរបស់លោក Erdogan បានប្រកាសភាពអាសន្នកម្រិតទី ៤ ដែលនេះមានន័យថាជាការស្នើសុំការជួយជ្រោមជ្រែងពីអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីលោក Suleyman Soylu បាននិយាយថា មានរលករញ្ជួយដីតូចតាចក្រោយមកទៀតចំនួនជាង ២០ ដង។ លោកថា គ្រោះរញ្ជួយដីនេះបានប៉ះពាល់ដល់ខេត្តយ៉ាងតិច ១០ នៅក្នុងប្រទេសតួកគី និងថាលោកនិងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀតបានធ្វើដំណើរទៅតំបន់ដែលរងការប៉ះពាល់ទាំងនោះ។
ចំណុចកណ្ដាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅជិតទីក្រុង Gaziantep ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មនិងផលិតកម្មសំខាន់មួយនៅជិតព្រំដែនរវាងប្រទេសតួកគីនិងស៊ីរី។ គ្រោះរញ្ជួយដីនេះបានបំផ្លាញប្រាសាទប្រវត្តិសាស្ត្រ Antep និងអគារប្រវត្តិសាស្ត្រផ្សេងៗជាច្រើនទៀតនៅក្នុងតំបន់នោះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។