តម្លៃ​ថាមពល​កើនឡើង ខណៈ​សម្ពាធ​លើ​ការចំណាយ​ក្នុង​ការរស់នៅ​មាន​កាន់តែ​ខ្លាំង​ឡើង​នៅ​អូស្រ្តាលី

  • Phil Mercer

រូបឯកសារ៖ បុរស​ម្នាក់​ដើរ​ទិញ​ឥវ៉ាន់​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០២៣។ តម្លៃ​អាហារ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កើន​ឡើង​ជាង ៧% ក្នុង​រយៈពេល​មួយ​ឆ្នាំ​មក​នេះ។

ទិន្នន័យ​ថ្មី​ពី​ការិយាល័យ​ស្ថិតិ​អូស្រ្តាលី​បង្ហាញ​ថា ពលរដ្ឋមួយ​ចំនួន​កំពុង​ធ្វើការងារ​ពីរ ​ឬ​ច្រើន​ជាង​នេះ ស្របពេល​ដែល​គ្រួសារ​នានា​កំពុង​ព្យាយាម​ទប់ទល់​ការកើន​ឡើង​នៃ​ការចំណាយ​ក្នុង​ការ​រស់នៅ។ អតិផរណា​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​បំផុត ហើយ​ពលរដ្ឋ​អូស្រ្តាលី​កំពុង​បង់​ថ្លៃ​ខ្ពស់​បំផុត​ជាង​គេ​នៅ​លើ​ពិភពលោក​សម្រាប់​ចំណាយ​លើ​ផ្នែក​ថាមពលប្រើប្រាស់។

«ពលរដ្ឋ​អូស្ត្រាលី​នឹង​ត្រូវ​ប្រឈម​នឹង​តម្លៃ​ឧស្ម័ន​និង​អគ្គិសនី​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ពេល​មិនយូរ​ប៉ុន្មាន​នា​ពេល​ខាង​មុខនេះ»។

ព័ត៌មាន​ខាងលើនេះ វា​ជា​ព័ត៌មាន​មួយ​ដែល​ពលរដ្ឋ​អូស្រ្តាលី​ជា​ច្រើន​មិន​ចង់​ឮ។ ការឡើងថ្លៃ​ខ្ពស់​នៅ​ក្នុង​តម្លៃ​ថាមពលប្រើប្រាស់​កំពុង​ធ្វើ​ឱ្យ​វិបត្តិ​នៃ​ការចំណាយ​ក្នុង​ការ​រស់នៅកាន់​តែ​អាក្រក់​ឡើង។ នៅ​តំបន់​ខ្លះ​នៅ​ក្នុង​ប្រទេស តម្លៃ​បាន​កើនឡើង​រហូត​ដល់២៥ភាគរយ។

តម្លៃ​ថាមពល​នៅ​អូស្រ្តាលី​កើត​ឡើង​ដោយ​កត្តា​មួយ​ចំនួន។ អតិផរណា​ខ្ពស់​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង។ ហើយ​មាន​ការ​ដំឡើង​ដ៏​ថ្លៃ​លើ​ខ្សែ​អគ្គិសនី​ដែល​ចាស់ៗនិង​បណ្តាញ​ប្រព័ន្ធ​ចែកចាយ​ថាមពល​ផង​ដែរ។ បន្ទាប់​មក អស្ថិរភាព​នៃ​ទីផ្សារ​ថាមពលសាកលលោក​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​រុស្ស៊ី​នៅ​អ៊ុយក្រែន។

នៅ​ទីក្រុង​ស៊ីដនី គេហដ្ឋាន​គួរ​ជា​កន្លែង​ផ្តល់​ភាពកក់ក្តៅ​ក្នុង​រដូវ​រងា​សម្រាប់​អ្នកស្រី Diana Olmos ដែល​ជា​ជនចំណាកស្រុក​មកពី​ប្រទេស​កូឡុំប៊ី ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់​បណ្តាញ​ផ្សាយ​ក្នុង​ស្រុក​ថា ​ថ្លៃ​ចំណាយ​កំពុង​កើន​ឡើងបានធ្វើ​ឱ្យ​អ្នកស្រី​ស្ទើរតែ​លែង​មាន​លទ្ធភាព​បង់ថ្លៃ​អគ្គិសនី។ អ្នកស្រី​ថ្លែង​ថា៖ «តម្លៃ​អគ្គិសនីកើនឡើង​ពី២០ទៅ២៥​ភាគរយ។ ខ្ញុំ​មិន​អាច​បង់​ថ្លៃ​ទាំង​នោះ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថាតើ​យើង​អាច​ទ្រាំទ្រ​រស់នៅ​បាននា​ពេល​នេះ​យ៉ាង​ដូចម្តេច ដោយ​មាន​ការ​ចំណាយ​រស់នៅ​ខ្ពស់ ថ្លៃ​អគ្គិសនី​កើនឡើង​យ៉ាង​ខ្លាំង ហើយ​អាកាសធាតុ​ធ្ងន់ធ្ងរ​ណាស់»។

ពលរដ្ឋ​អូស្រ្តាលី​ជិត​មួយ​លាន​នាក់ ឬ​ប្រមាណ៧ភាគរយ​នៃ​កម្លាំង​ពលកម្ម​មាន​ការងារ​ពីរ​ ឬ​ច្រើន​ជាង​នេះ។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ដោយ​ការិយាល័យ​ស្ថិតិ។

លោក Gary Mortimer ជា​សាស្រ្តាចារ្យ​ផ្នែក​ទីផ្សារ​និង​ចរិត​អ្នក​ប្រើប្រាស់​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​រដ្ឋ Queensland បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​អូស្ត្រាលី ABC ថា​ មនុស្ស​ជា​ច្រើនកំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ ខណៈ​មនុស្ស​ផ្សេងទៀត​កំពុង​កេងចំណេញ​ពីកម្រិត​ទាបនៃ​អត្រា​គ្មាន​ការងារ​ធ្វើ។ លោក​ថ្លែង​ថា៖ «ហេតុផល​ចម្បង​គឺ​សោហ៊ុយ​ក្នុង​ការ​រស់នៅ ហើយ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ស្វែងរក​ការងារ​ទីពីរ​ធ្វើ​បន្ថែម​ទៀត​ ប៉ុន្តែ​ក៏​មានក្រុម​មនុស្សដទៃទៀត​ពាក់ព័ន្ធ​ផងដែរ។ ខ្ញុំ​ចង់​មាន​ន័យ​ថា​ច្បាស់​ណាស់​មាន​ក្រុម​ដែល​កំពុង​ឆ្លៀត​ប្រយោជន៍​អំពី​រឿង​នេះ​យើង​មាន​អត្រាអ្នក​គ្មាន​ការងារ​ធ្វើ​តែ៣,៥​ ភាគរយ។ យើង​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់»។

តម្លៃ​អាហារ​នៅ​អូស្រ្តាលី​បាន​កើនឡើង​ជាង៧​ភាគរយក្នុងរយៈពេល​មួយឆ្នាំ​មកនេះ។ តម្លៃ​ធានា​រ៉ាប់រង​ក៏​បាន​កើនឡើង​ផងដែរ។

តម្លៃ​អចលនៈទ្រព្យ​ក៏​បាន​កើន​ឡើង​ផងដែរ។ ធនាគារ​កណ្តាល​បាន​ដំឡើង​អត្រា​ការ ប្រាក់​១២​លើក ចាប់តាំង​ពី​ខែ​ឧសភា ឆ្នាំ​២០២២មក ខណៈដែល​ធនាគារ​ព្យាយាម​រក្សា​កម្រិត​អតិផរណា​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន៦ភាគរយ​នៅ​អូស្រ្តាលី ដូច​ប្រទេស​នូវែលសេឡង់​ក្បែរ​ខាង​ផង​ដែរ។ នៅ​ក្នុង​សហរដ្ឋអាមេរិក អតិផរណាដែល​ជាទូទៅ​មាន៤ភាគរយ​ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំង​ពី​ឆ្នាំ២០២១ ដែល​ការធ្លាក់ចុះ​មួយភាគធំ​ដោយសារ​ការ​ធ្លាក់ចុះ​ថ្លៃ​ប្រេងឥន្ធនៈ។

ប៉ុន្តែ​អតិផរណា​នៅ​អូស្រ្តាលី​មាន​កម្រិត​ទាប​ជាង​នៅ​ចក្រភព​អង់គ្លេស ដោយ​អត្រា​អតិផរណា​ធ្លាក់​ចុះ​មក ៧,៩ ភាគរយ​នៅ​ខែ​មិថុនាពី​ចំនួន៨,៧ភាគរយ​នៅ​ខែ​ឧសភា។

ទោះយ៉ាងណាក្តី សម្រាប់​ពលរដ្ឋ​អូស្រ្តាលី​ជា​ច្រើន ពួកគេ​នៅ​តែ​ប្រឈម​នឹងការ​លំបាក​ក្នុង​ជីវភាព​របស់​ខ្លួន៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា