កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានមានប្រសាសន៍ថា ក្រុមទាមទារបំបែករដ្ឋគាំទ្រដោយរុស្សីនៅតែបន្តបាញ់ផ្តក់លើកន្លែងនានាក្នុងប្រទេសអ៊ុយក្រែនដោយរំលោភបំពានលើបទឈប់បាញ់គ្នាកាលពីខែមុន។
លោក Poroshenko បានធ្វើការចោទប្រកាន់ដូចនេះនៅក្នុងការហៅតាមទូរសព្ទមួយជាមួយលោកអនុប្រធានាធិបតីស.រ.អា. Joe Biden។លោកបាននិយាយថាការបាញ់ផ្តក់បានកើតមានទ្បើងនៅជិតក្រុង Donetsk ដែលត្រួតត្រាដោយក្រុមទាមទារបំបែករដ្ឋនិងទីក្រុង Mariupol ដែលឋិតនៅក្រោមការត្រួតត្រារបស់រដ្ឋាភិបាលអ៊ុយក្រែន ក៏ប៉ុន្តែកំពុងឋិតនៅក្រោមការគម្រាមកំហែង។
លោក Poroshenko បានមានប្រសាសន៍ថា មានទាហានអ៊ុយក្រែនបានត្រូវរបួស។
កាសែតអ៊ុយក្រែន Segodnyaក៏បានរាយការណ៍ផងដែរថាការបាញ់ផ្តក់នៅជិតក្រុង Donetsk បាននាំឲ្យអ្នកថតរូបម្នាក់របស់ខ្លួនស្លាប់កាលពីថ្ងៃសៅរ៍។ លោក Serhiy Nikolayev បានស្លាប់នៅក្នុងការបាញ់តគ្នានៅក្នុងភូមិ Pisky។
បទឈប់បាញ់គ្នាទាមទារឲ្យភាគីទាំងពីរមិនត្រឹមតែឈប់បាញ់ផ្តក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវដកអាវុធធុនធ្ងន់ កងរថក្រោះនិងយានជំនិះយោធាឯទៀតៗចេញពីបន្ទាត់ជួរមុខ។
សេចក្តីរាយការណ៍ចេញពីប្រទេសអ៊ុយក្រែនបាននិយាយថា ក្រុមទាមទារបំបែករដ្ឋនៅតែបន្តដកអាវុធ។ ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍របស់អង្គការ OSCE មិនបានបញ្ជាក់ថា នោះជាការពិតនៅទ្បើយទេ៕