សម្តេចប៉ាប​ហ្វ្រង់​ស៊ីស​ព្រមាន​ប្រជាជន​គុយបា​ពី​គ្រោះថ្នាក់នៃ​​មនោគម​វិជ្ជា

សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស​បាន​មកដល់​ Revolution Plaza ដើម្បី​ជួប​ជាមួយនឹង​មហាជន​នៅ​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបានាថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៥។

សម្តេចប៉ាបហ្វ្រង់ស៊ីស (Francis) ​បាន​ប្រារព្ធពិធី​សូត្រធម៌​ទៅ​កាន់​មហាជន​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុងក្រុងឡាហាវ៉ាន​ដោយ​ព្រះអង្គ​បាន​ព្រមាន​ប្រជារាស្ត្រ​គុយបា​អំពី​គ្រោះថ្នាក់​នៃ​មនោគមវិជ្ជា។

ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​នៅ​ពេញទីលាន​បដិវត្តន៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ក្រុង​ឡាហាវ៉ាន​ សម្តេចប៉ាប​បាន​មាន​ព្រះបន្ទូល​នៅ​ក្នុង​ការ​សម្តែង​ទេសនា​របស់​ព្រះអង្គថា​«សេវាកម្ម​មិនមែន​ជា​មនោគមវិជ្ជាទេ​ ពីព្រោះ​យើង​មិន​បម្រើ​គំនិត​ទេ​ យើង​បម្រើ​ប្រជារាស្ត្រ។​ លោក​អ្នក​មិន​ត្រូវ​មិន​អើពើ​ដល់ក្រុម​មនុស្ស​ឯទៀត​សម្រាប់​ផែនការ​ដែលអាច​ជា​ការ​ប្រលោម​ទេ​ ក៏​ប៉ុន្តែ​មិន​ត្រូវ​ខ្វល់ខ្វាយ​អំពី​មុខមាត់​របស់​មនុស្សដែល​នៅ​ជិត​លោកអ្នក»។

ព្រះរាជ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប Francis កំណត់​ពេល​ដែល​មាន​ការ​ផ្លាស់ប្តូរ​មួយ​សម្រាប់​អង្គការ​ព្រះវិហារ​គ្រឹស្តសាសនាកាតូលិក​នៅ​ក្នុង​ប្រទេស​គុយបា ដែល​បាន​ត្រូវ​ចាត់ទុក​ថា​ជា ​ការ​បន្ទាប់បន្សំ​ជា​ច្រើន​ឆ្នាំមក​ហើយ​នៅ​ក្រោម​ការត្រួតត្រា​កុម្មុយនិស្ត​របស់​លោក​ Fidel Castro ក៏​ប៉ុន្តែ​បាន​រើប​ឡើងវិញ​បន្តិចម្តងៗ​ជា​កម្លាំង​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​ជា​កោះ​នេះ​ក្នុង​តំបន់​សមុទ្រ​ការ៉ាអ៊ីព។

សម្តេច​ប៉ាប​មិន​បាន​មាន​ព្រះបន្ទូល​ដោយ​ផ្ទាល់​អំពី​ការ​គ្រប់គ្រង​ជា​ច្រើន​ទសវត្សរ៍​នៃគណបក្ស​កុម្មុយនិស្ត​ទេ ក៏​ប៉ុន្តែ​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ប្រាប់​ហ្វូង​មនុស្ស​ថា«ក្រុម​អ្នក​កាន់គ្រឹស្តសាសនា​បាន​ត្រូវ​អំពាវនាវ​ជា​ទៀងទាត់​ឲ្យ​ទុក​ការ​ប៉ង​ប្រាថ្នា​ផ្ទាល់​ខ្លួន​ និង​ការ​ស្វែង​រក​អំណាច​របស់​ពួកគេ​ដោយ​ឡែក​ ហើយ​ត្រូវ​ជួយ​ក្រុម​ជន​ដែល​ងាយ​រងគ្រោះ​បំផុត»។

បន្ទាប់​ពី​ពិធី​សូត្រធម៌នេះ​ សម្តេចប៉ាប​ Francisមាន​កំណត់​នឹង​ជួប​ជា​ផ្លូវ​ឯកជន​ជាមួយ​លោក​ប្រធានាធិបតី​គុយបា Raul Castro ហើយ​ព្រះអង្គ​ប្រហែល​ជា​យាង​ទៅ​សួរសុខ​ទុក្ខ​បងប្រុស​លោក Raul Castro ​ដែល​មាន​ជំងឺ និង​ជា​អ្នកកាន់តំណែង​មុន​លោក​គឺ​លោក Fidel Castro ដែលមាន​អាយុ៨៩ឆ្នាំ។​ នៅ​ពេល​បន្ទាប់​មក​ព្រះអង្គ​នឹង​សូត្រធម៌​នៅ​ពេល​ល្ងាច​ជាមួយ​ក្រុម​បព្វជិត និងមន្ត្រី​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​ក្រុម​នៅ​មុន​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ក្រុម​យុវជន​មួយ​ក្រុម​នៅ​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​មួយ៕