នៅពេលដែលសម្តេចប៉ាបយាងមកកាន់ស.រ.អា នាចុងខែនេះ ព្រះអង្គនឹងថ្លែងសុន្ទរកថាទៅកាន់សភាអាមេរិក និងទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ ព្រះអង្គក៏នឹងប្រកាសអំពីបរិសុទ្ធភាពនៃមេដឹកនាំសាសនាដ៏ចម្រូងចម្រាសម្នាក់ដែលទទួលអនិច្ចកម្ម។ ព្រះអង្គក៏នឹងថ្លែងទៅកាន់មហាជននៅក្នុងការប្រជុំមហាគ្រួសារពិភពលោកនៅក្នុងក្រុង Philadelphia ដែលត្រូវបានគេគិតទុកថា នឹងទាក់ទាញអ្នកចូលរួមដល់ទៅ១លាននាក់។ សម្តេចប៉ាបក៏នឹងយាងធ្វើទស្សនកិច្ចទៅកាន់សាលាកាតូលិកមួយនៅក្នុងសង្កាត់ East Harlem ក្នុងបុរីញូវយ៉កផងដែរ។
គេហទំព័ររបស់សាលា Our Lady Queen of Angels និយាយថា មនុស្សទាំងអស់នៅក្នុងសាលានេះ «គឺជាចំណុចដែលសម្តេចប៉ាប ផ្តោតការយកចិត្តទុកដាក់នៅក្នុងដំណើរទស្សនកិច្ចរបស់ព្រះអង្គ ដែលសហគមនេះជារឿយៗមិនមានឱកាសបញ្ចេញមតិដូចអ្នកដទៃនៅក្នុងសហគមន៍ជនអន្តោប្រវេសន៍នោះទេ»។ សាលាខាងលើនេះបានរៀបរាប់បញ្ជាក់ថា «សិស្សរបស់ខ្លួនមានចំនួន៧០ភាគរយជាជនដែលនិយាយភាសាអេស្ប៉ាញ និង២២ភាគរយជាជនជាតិអាមេរិកាំងកាត់អាហ្វ្រិក» ដែលក្នុងនោះ មានសិស្ស៦៩ភាគរយមានសមត្ថភាពសមស្របនឹងទទួលបានអាហារូបករណ៍ផ្អែកលើតម្រូវការ។
មេដឹកនាំវិហាររ៉ូមាំងកាតូលិករបស់ពិភពលោករូបនេះ នឹងយាងទៅដល់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃអង្គារ ទី២២ ខែកញ្ញា ហើយនឹងចាប់ផ្តើមដំណើរទស្សនកិច្ចដែលមានកម្មវិធីយ៉ាងច្រើនរបស់ព្រះអង្គនៅថ្ងៃបន្តបន្ទាប់ ដែលរួមមានដូចជា ជំនួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៅឯសេតវិមាន និងការប្រកាសបរិសុទ្ធភាពដល់លោក Junipero Serra ដែលជាបេសកជនទទួលមរណភាពនៅក្នុងសតវត្សរ៍ទី១៨។ ការប្រកាសបរិសុទ្ធភាពនេះនឹងត្រូវធ្វើឡើងនៅក្នុងការជួបជុំជាមួយមហាជននៅលើទីលានមួយនៅឯទីសក្ការបូជាជាតិនៃការចាប់បដិសន្ធិភាពបរិសុទ្ធដែលហៅជាភាសាអង់គ្លេសថា National Shrine of the Immaculate Conception។ កម្មវិធីនេះនឹងធ្វើឡើងជាភាសាអេស្ប៉ាញ ជាភាសាដើមរបស់សម្តេចប៉ាប Francis ដែលលោកជាអតីតអាចារ្យមួយរូបនៅក្នុងរដ្ឋធានីប៊ុយណូស៊ែ (Buenos Aires)។
មិនមែនបរិសុទ្ធសម្រាប់មនុស្សគ្រប់គ្នាទេ
មនុស្សមួយចំនួនមានចម្ងល់អំពីការជ្រើសរើសលោក Serra សម្រាប់ការប្រកាសបរិសុទ្ធភាពនេះ។ អ្នកនៅព្រះវិហារយល់ឃើញថា លោក Serra ជាបេសកជនផ្សព្វផ្សាយសាសនាគ្រិស្តមួយរូបដែលបានកសាងវិហារកាតូលិកជាច្រើននៅក្នុងរដ្ឋ California ដែលទង្វើនេះត្រូវបានគេស្គាល់ថា «ជាបេសកកម្ម»។ អ្នករិះគន់និយាយថា លោក Serra បានបំផ្លាញវប្បធម៌របស់ជនជាតិដើមអាមេរិកនៅក្នុងរដ្ឋ California ដោយបានកាត់ផ្តាច់ជនជាតិដើមពីភាសានិងវប្បធម៌ប្រពៃណីរបស់ពួកគេ និងបានចាប់អ្នកដែលផ្លាស់ប្តូរមកកាន់សាសនាគ្រិស្តធ្វើជាទាសករ ព្រមទាំងបាននាំយកជំងឺមកជាមួយដែលនាំឲ្យមានការស្លាប់ជនជាតិដើមអាមេរិកជាច្រើន។
នៅថ្ងៃទី២៤ ខែកញ្ញានេះ សម្តេចប៉ាបនឹងថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំរួមគ្នាមួយរបស់សភាអាមេរិក។ បន្ទាប់មក ព្រះអង្គនឹងជួបជាមួយមនុស្សដែលគ្មានផ្ទះសម្បែងនៅឯវិហារកាតូលិកមួយនៅទីប្រជុំជនក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ដំណើរទស្សនកិច្ចនៅទីស្នាក់ការកណ្តាលអ.ស.ប
នៅថ្ងៃបន្ទាប់ សម្តេចប៉ាប Francis នឹងស្ថិតនៅទីក្រុងញូវយ៉កដើម្បីធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់អ.ស.ប ព្រមទាំងថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតរបស់អង្គការពិភពលោកមួយនេះ។ គេរំពឹងថា ព្រះអង្គនឹងជួបពិភាក្សាជាមួយអ្នកការទូតអំពីវិបត្តិជនភៀសខ្លួននៅអឺរ៉ុបផងដែរ។ សម្តេចប៉ាបបានជំរុញសហគមន៍នានាគ្រប់គ្រងដោយជនកាតូលិកនៅអឺរ៉ុប ឲ្យទទួលយកជនភៀសខ្លួនឲ្យបានយ៉ាងហោចណាស់មួយគ្រួសារ។ នៅថ្ងៃសុក្រ សម្តេចប៉ាបនឹងចូលរួមពិធីអន្តរសាសនាមួយនៅកន្លែងរំលឹកវិញ្ញាណក្ខន្ធនៅ Ground Zero សម្រាប់ជនរងគ្រោះដោយការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ហើយនឹងធ្វើទស្សនកិច្ចទៅកាន់សាលា East Harlem ផងដែរ។ ព្រះអង្គក៏នឹងបញ្ចប់ទស្សនកិច្ចដោយមានការជួបជុំជាមួយមហាជននៅសួន Madison Square Garden ដែលអាចផ្ទុកមនុស្សបានដល់ទៅ២០.០០០នាក់។
នៅក្នុងក្រុង Philadelphia នៅថ្ងៃទី២៦ ខែកញ្ញា បន្ទាប់ពីការជួបជុំមហាជននៅវិហារ Saints Peter and Paul សម្តេចប៉ាបនឹងជួបជាមួយជនអន្តោប្រវេសន៍និយាយភាសាអេស្ប៉ាញនិងជនអន្តោប្រវេសន៍ដទៃទៀតនៅសាលឯករាជ្យ (Independence Hall)។ បន្ទាប់មក ព្រះអង្គនឹងជួបជាមួយទណ្ឌិតនៅមណ្ឌលអប់រំ Curran-Fromhold។
នៅមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅកាន់ស.រ.អា សម្តេចប៉ាបនឹងឈប់សំចតនៅក្នុងប្រទេសគុយបា ជាទីដែលគេរំពឹងទុកថា នឹងមានពិធីអបអរសាទរទស្សនកិច្ចរបស់ព្រះអង្គដោយការលើកលែងទោស និងដោះលែងទណ្ឌិតរាប់ពាន់នាក់។ បុរសនិងស្រ្តីចំនួន៣.៥២២នាក់ដែលនឹងត្រូវលើកលែងទោស រួមមានអ្នកដែលមានវ័យលើសពី៦០ឆ្នាំ និងតិចជាង២០ឆ្នាំដែលមិនធ្លាប់មានកំណត់ត្រាព្រហ្មទណ្ឌពីមុន អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងទណ្ឌិតដែលរយៈពេលជាប់ពន្ធនាគាររបស់ខ្លួនត្រូវដល់ទីបញ្ចប់នៅចុងឆ្នាំក្រោយ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ