កាលពីថ្ងៃទី ២១ ខែធ្នូកន្លងទៅនេះ សម្ដេចសង្ឃកាតូលិកប៉ាបហ្រ្វង់ស៊ីសបានអំពាវនាវឲ្យអ្នកដែលបានបំពានផ្លូវភេទលើកុមារ ចូលសារភាព។
សម្ដេចសង្ឃកាតូលិកប៉ាបហ្វ្រង់ស៊ីស បានមានបន្ទូលថា កន្លងមក ព្រះវិហារគ្រិស្តសាសនាកាតូលិកបានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់ដើម្បីកាត់បន្ថយអំពើអាក្រក់នៃការបំពានផ្លូវភេទនេះ។
ប៉ុន្តែ នៅក្នុងការថ្លែងរបស់ព្រះអង្គទៅកាន់តុលាការកាតូលិកនៃវិមានវ៉ាទីកង់នៅមុនថ្ងៃ Christmas ឆ្នាំ ២០១៨ ចូលមកដល់ ព្រះអង្គបានទទួលស្គាល់ថា នៅមានបព្វជិតមួយចំនួនដែលនៅបន្ត «បំពានលើជនងាយរងគ្រោះ កេងចំណេញពីលើតួនាទី និងអំណាចរបស់ខ្លួននៅក្នុងការបញ្ចុះបញ្ចូលមនុស្សដែលជឿលើខ្លួន»។
សម្ដេចប៉ាបហ្រ្វង់ស៊ីសបានបន្ថែមថា បព្វជិតទាំងនេះ «ធ្វើទង្វើដ៏គួរឲ្យស្អប់ខ្ពើម ប៉ុន្តែនៅតែបន្តកិច្ចការសាសនារបស់ពួកគេធ្វើដូចជាគ្មានរឿងអ្វីបានកើតឡើងអញ្ចឹង។ ពួកគេមិនខ្លាចព្រះជាម្ចាស់ ឬក៏មិនខ្លាចការវាយតម្លៃរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្តែ មានតែពេលដែលរកឃើញការពិតទេ ដែលអ្នកទាំងនោះខ្លាច»។
សម្ដេចប៉ាបហ្វ្រង់ស៊ីលបានមានបន្ទូលថា បព្វជិតទាំងនេះបង្កើតរឿងអាស្រូវ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះដល់បេសកកម្មសង្គ្រោះសត្វលោករបស់ព្រះវិហារគ្រិស្តសាសនាកាតូលិក។
សម្ដេចប៉ាបហ្វ្រង់ស៊ីសមានបន្ទូលដូច្នេះថា៖ «ចំពោះអ្នកដែលបំពានលើអនីតិជន ខ្ញុំចង់និយាយថា ត្រូវផ្សឹក និងប្រគល់ខ្លួនឲ្យតុលាការកាត់ទោស និងត្រៀមខ្លួនដើម្បីឲ្យព្រះជាម្ចាស់កាត់ទោស»។
សង្ឃនាយកនានានៃវិហារគ្រិស្តសាសនាកាតូលិក ដែលបានចូលរួមនៅក្នុងពិធីជួបជុំជាប្រពៃណីនៅសាល Clementine នៅវិមានវ៉ាទីកង់នេះ បានស្ដាប់ការលើកឡើងរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីសយ៉ាងយកចិត្តទុកដាក់។
សម្ដេចប៉ាបហ្រ្វង់ស៊ីសបានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃខាងមុខ ព្រះវិហារគ្រិស្តសាសនាកាតូលិកនឹងមិនអនុញ្ញាតឲ្យមានការលាក់បាំងតាមវិធីណាមួយនូវការចោទប្រកាន់ដូចនេះនោះទេ។ ព្រះអង្គក៏បានថ្លែងអំណរគុណដល់ប្រព័ន្ធផ្សព្វផ្សាយផងដែរថាបានជួយផ្សព្វផ្សាយអំពីអំពើឧក្រិដ្ឋទាំងនេះ។
សម្ដេចប៉ាបហ្វ្រង់ស៊ីសមានបន្ទូលថា៖ «សូមបញ្ជាក់ឲ្យបានច្បាស់ថា ដោយសារតែប្រឈមជាមួយនឹងទង្វើដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ ព្រះវិហារគ្រិស្តសាសនាកាតូលិកនឹងប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ដែលចាំបាច់ដើម្បីនាំអ្នកដែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនេះមកកាត់ទោស។ ព្រះវិហារគ្រិស្តសាសនាកាតូលិកនឹងមិនដែលលាក់លៀម ឬក៏មិនចាត់វិធានការម៉ឺងម៉ាត់ចំពោះករណីណាមួយនោះទេ»។
សម្ដេចប៉ាបហ្រ្វង់ស៊ីសបានទទួលស្គាល់ថា កាលពីអតីតកាលក៏មានការប្រព្រឹត្តិខុសឆ្គងដូចនេះខ្លះដែរ ប៉ុន្តែព្រះអង្គបានសន្យាថា នឹងយកឱកាសនេះដើម្បីកាត់បន្ថយបញ្ហានេះចេញពីព្រះវិហារគ្រិស្តសាសនាកាតូលិក និងចេញពីសង្គម។
សម្ដេចប៉ាបហ្វ្រង់ស៊ីសបានអំពាវនាវឲ្យមានការប្រជុំវិសាមញ្ញមួយអំពីវិបត្តិបំពានផ្លូវភេទនេះ ដែលនឹងធ្វើឡើងពីថ្ងៃទី ២១ ដល់ទី ២៤ ខែកុម្ភៈខាងមុខនេះនៅវិមានវ៉ាទីកង់។ កិច្ចប្រជុំដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមសង្ឃនាយកពិភពលោក និងអ្នកជំនាញនានានេះ មានគោលបំណងបង្កើត «ការឆ្លើយតបដ៏ទូលំទូលាយ និងជារួមមួយចំពោះវិបត្តិបំពានផ្លូវភេទនេះ» និងចំពោះការលាក់បាំងនៃរឿងនេះនៅក្នុងព្រះវិហារគ្រិស្តសាសនាកាតូលិក។
សម្ដេចប៉ាបហ្វ្រង់ស៊ីសបានរងការរិះគន់រឿងដែលព្រះអង្គដោះស្រាយបញ្ហាអាស្រូវបំពានផ្លូវភេទនេះនៅក្នុងព្រះវិហារ Chilean ហើយព្រះអង្គបានទទួលស្គាល់ថា ព្រះអង្គបាន «ប្រព្រឹត្តិកំហុសដ៏ធ្ងន់ធ្ងរ» នៅក្នុងការវាយតម្លៃលើករណីនេះ៕
ប្រែសម្រួលដោយ ភី សុភាដា