នេះជាសាររបស់សម្តេចប៉ាបទៅកាន់ពលរដ្ឋមីយ៉ាន់ម៉ា នៅពេលព្រះអង្គត្រៀមយាងទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសរបស់ពួកគេ។
«ខណៈដែលខ្ញុំត្រៀមទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ខ្ញុំចង់ផ្ញើសារសម្តែងការស្វាគមន៍ និងមិត្តភាពទៅដល់មនុស្សគ្រប់គ្នា។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នា។ ខ្ញុំមកប្រកាសពីសាររបស់ព្រះយេស៊ូគ្រិស្ត អំពីការផ្សះផ្សា សន្តិភាព និងការអត់ឱន»។
ដំណើរទស្សនកិច្ចដំបូងរបស់សម្តេចប៉ាបទៅកាន់ប្រទេសមីយ៉ាន់ម៉ាកើតឡើង ៦ខែក្រោយពីចំណងការទូតពេញលេញនានាមានភាពរកាំរកូសនៅក្នុងខែឧសភា នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយរបស់លោកស្រី អង់សាន ស៊ូជី ដែលបានទទួលរងសម្ពាធពីអន្តរជាតិទាក់ទងនឹងស្ថានភាពរបស់ជនជាតិភាគតិចអំបូររ៉ូហ៊ីងយ៉ា។
ពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមជាងពាក់កណ្តាលបានរត់ចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងរដ្ឋ Rakhine កាលពីប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការវាយប្រហារក្នុងខែសីហាដោយក្រុមបះបោររ៉ូហ៊ីងយ៉ា និងការបង្ក្រាបដ៏ឃោរឃៅរបស់យោធា។
ជនភៀសខ្លួនដែលរស់នៅក្នុងជំរំក្នុងប្រទេសជិតខាងគឺប្រទេសបង់ក្លាដែស បានចោទយោធាមីយ៉ាន់ម៉ាពីការរំលោភ ការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញភូមិ។ យោធាបានបដិសេធការចោទប្រកាន់ទាំងអស់នេះ។
អ្នកជំនាញបានព្រមានថា សម្តេចប៉ាបកំពុងយាងចូលទៅក្នុងសមរភូមិការទូតមួយ។
លោកRICHARD HORSEY ដែលជាអ្នកវិភាគនយោបាយម្នាក់បាននិយាយថា៖
«មនុស្សភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនជឿលើការរៀបរាប់របស់អន្តរជាតិពីការរំលោភបំពានលើពួករ៉ូហ៊ីងយ៉ា និងចំនួនជនភៀសខ្លួនដែលខ្ញុំកំពុងមើលឃើញនៅក្នុងប្រទេសបង់ក្លាដែសនោះទេ។ បញ្ហានេះមិនត្រូវបានគេទទួលស្គាល់ថា ជាការពិតនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ ដូច្នេះខ្ញុំគិតថា ប្រសិនបើសម្តេចប៉ាបយាងមក ហើយពិភាក្សាស៊ីជម្រៅលើបញ្ហានេះ វានឹងបង្កឲ្យមានភាពតានតឹង ហើយភាពតានតឹងនេះនឹងបង្កឲ្យមានការខឹងសម្បារជាសាធារណៈ»។
សម្តេចប៉ាប Francis នឹងជួបជាមួយនឹងលោកស្រីអង់សាន ស៊ូជី ម្តងទៀត ហើយនឹងជួបជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាដាច់ដោយឡែកពីគ្នា។
សម្តេចប៉ាបដែលធ្វើការរិះគន់ដោយមិនប្រណីនោះ មានការប្រុងប្រយ័ត្នមិនប្រើសូម្បីតែពាក្យ «រ៉ូហ៊ីងយ៉ា» ខណៈដែលប្រទេសមីយ៉ាន់ម៉ាមិនទទួលស្គាល់ក្រុមជនជាតិភាគតិចនេះថាជាក្រុមស្របច្បាប់នោះ។
លោក MARK FARMANER នាយកអង្គការ THE BURMA CAMPAIGN បាននិយាយថា៖
«ប្រសិនបើព្រះអង្គប្រើប្រាស់ពាក្យ រ៉ូហ៊ីងយ៉ា ពុទ្ធសាសនិកមួយចំនួនដែលមានភាពជ្រុលនិយមអាចនឹងធ្វើការតវ៉ាអំពីរឿងនេះ។ អ្នកកាន់សាសនាកាតូលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានការបារម្ភពីបញ្ហានេះណាស់ ដោយសារតែពួកគេខ្លាចថា ក្រុមជ្រុលនិយមទាំងនោះនឹងយកពួកគេធ្វើជាគោលដៅ»។
សម្តេចប៉ាបនឹងយាងជួបជាមួយនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសបង់ក្លាដែស ដែលមនុស្សរាប់ពាន់នាក់កំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួន។
ប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមទទួលយកជនភៀសខ្លួនមួយចំនួនមកវិញ ដរាបណាពួកគេអាចបញ្ជាក់ពីអាសយដ្ឋានរបស់ពួកគេបាន ប៉ុន្តែព័ត៌មានលម្អិតនៅមិនទាន់ច្បាស់នៅឡើយទេ។
ខណៈដែលអ្នកកាន់សាសនាកាតូលិកនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំពុងរង់ចាំការយាងមកដល់របស់ព្រះអង្គនៅមុខព្រះវិហារ ពួកគេធ្វើការអធិដ្ឋានឲ្យព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនាំមកនូវសន្តិភាព និងស្វែងរកបាននូវអន្តរាគមន៍ដើម្បីបន្ធូរបន្ថយភាពតានតឹង៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ