កាលពីថ្ងៃច័ន្ទសម្តេចប៉ាប Francis បានធ្វើដំណើរតាមយន្តហោះទៅកាន់ក្រុង Holguin នាប៉ែកខាងកើតនៃប្រទេសគុយបាដែលជាកន្លែងឈប់សំចតទីពីររបស់ព្រះអង្គក្នុងព្រះរាជទស្សនកិច្ចក្នុងប្រទេសជាកោះនេះ មួយថ្ងៃក្រោយពីព្រះអង្គ បានជួបជាមួយបងប្អូន Castro ដែលបានគ្រប់គ្រងប្រទេសគុយបាចាប់តាំងពីឆ្នាំ១៩៥៩មក។
ក្រុង Holguin ឋិតនៅចម្ងាយ៧៤៣គ.ម.ខាងកើតរដ្ឋធានីឡាហាវ៉ាន (Havana) ជាកន្លែងចាប់កំណើតនៃជំនឿសាសនាគ្រិស្តនិកាយកាតូលិកនៅលើកោះនោះហើយគេបានស្គាល់ក្រុងនេះដោយសារមានឈើឆ្កាងមួយឋិតនៅលើភ្នំមួយនៅជិតក្រុងនេះជាច្រើនសតវត្សរ៍មកហើយ។ ក្រុងនេះក៏ជាតំបន់កំណើតរបស់លោក Fidel Castro និងលោក Raul Castro ដែលជាមេដឹកនាំកុម្មុយនិស្តនៃប្រទេសគុយបាផងដែរ។
សម្តេចប៉ាបបានជួបជុំជាមួយមនុស្សរាប់ម៉ឺននាក់ដែលបានប្រមូលផ្តុំគ្នានៅក្នុងទីលានបដិវត្តន៍ (Revolution Plaza) នៃក្រុង Holguin ដោយព្រះអង្គបានសុំដល់ប្រជារាស្ត្រគុយបាឱ្យធ្វើតាមសេចក្តីអញ្ជើញរបស់ព្រះយេស៊ូដើម្បីពុះពារនឹងការទប់ទល់ដល់ការផ្លាស់ប្តូរ។
នៅពេលបន្ទាប់មកព្រះអង្គនឹងយាងទៅទស្សនាក្រុង La Loma de la Cruz ដែលនៅទីនោះមានឈើឆ្កាងមួយ និងមានកន្លែងមើលពីលើភ្នំមួយដែលឋិតនៅលើក្រុង Holguin ដែលជាក្រុងធំទីបីរបស់ប្រទេសគុយបា។
បន្ទាប់មកទៀតព្រះអង្គនឹងយាងទៅកាន់ក្រុង Santiago ដែលជាក្រុងធំទីពីររបស់ប្រទេសគុយបាដែលនៅទីនោះព្រះអង្គនឹងយាងទៅទស្សនាទីសក្ការបូជានៃ Virgin of Charity ដែលជាសន្តីរបស់ប្រទេសគុយបានៅក្នុងក្រុង Cobre ដែលនៅជិតទីនោះ។
នៅពេលជាមួយគ្នានេះ ក្រុមអ្នកប្រឆាំងមួយចំនួននៅក្នុងប្រទេសគុយបាបានរិះគន់សម្តេចប៉ាបដែលមិនបានយល់ព្រមតាមសំណើពួកគេដែលបានសុំចូលគាល់ព្រះអង្គនៅក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនៅក្នុងប្រទេសគុយបា៕