សម្តេច​ប៉ាប​បួងសួង​ឲ្យ​មាន​សន្តិភាព​ក្នុង​បុណ្យ​​ណូអែល​

សម្តេច​ប៉ាប​ប្រទាន​ពរ​ដល់​ពិភពលោក​ទាំង​មូល​ពី​ព្រះវិហារ​ St. Peter's Basilica ទីក្រុង​ Vatican កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។

សម្តេច​រ៉ូម៉ាំង​កាតូលិក ​Pope Francisបាន​ធ្វើ​ពិធី​បួងសួងប្រចាំ​ឆ្នាំ​ក្នុងពិធី​បុណ្យ​ណូអែលទៅ​កាន់​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ប្រមូល​ផ្តុំ​គ្នានៅ​ទីលាន St. Peter’s Square ​ដែល​នៅ​ទី​នោះ​ព្រះអង្គ​បាន​ថ្កោល​ទោស​អ្វី​ដែល​ព្រះអង្គ ​បាន​ហៅ​ថា​ការ​ធ្វើ​ទុក្ខ​បុកម្នេញដោយ​ព្រៃ​ផ្សៃទៅ​លើ​ជនជាតិ​ភាគតិច​ដោយក្រុម​រដ្ឋ​អ៊ីស្លាមដែល​បាន​កាន់​កាប់​ផ្នែក​មួយដ៏​ធំនៃ​ប្រទេស​ស៊ីរី​និង​ប្រទេស​អ៊ីរ៉ាក់​នៅ​ដើម​ឆ្នាំ​នេះ។

បុណ្យណូអែល​ជាថ្ងៃ​ដ៏ពិសិដ្ឋ​មួយ​សម្រាប់​អ្នកកាន់​គ្រឹស្តសាសនា​ដែលបាន​បា្ររព្ធ​ពិធី​នៃ​ការចាប់​កំណើត​របស់​ព្រះ​យ៉េស៊ូ​មួយ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

សម្តេចប៉ាប​បាន​ពិភាក្សា​ជម្លោះ​និង​វិបត្តិ​សំខាន់​ៗ​ជា​ច្រើន​ដែល​កំពុង​បន្ត​កើត​មាន​ឡើង​នៅ​ក្នុង​ពិភពលោក ​ដោយ​ព្រះ​អង្គ​ជំរុញឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​នានា​ដូចជា ​អ៊ុយក្រែន ​នីហ្សេរីយ៉ា​ និង​សាធារណរដ្ឋ​អាហ្វ្រិកកណ្តាល​ហើយ​បាន​ថ្កោល​ទោសការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន​របស់​ពួក​តាលីបាន​ប្រឆាំងនឹង​សិស្ស​សាលា​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

សម្តេចប៉ាប​ក៏​បាន​ធ្វើ​ការ​ជូន​ពរ​ដល់​ជន​រងគ្រោះ​ដោយ​សារ​ជំងឺ​អេ​បូឡា​ (Ebola) ​ជាពិសេស​ប្រជាពលរដ្ឋ​នៃ​ប្រទេស​លីបេរីយ៉ា (Liberia) សៀរ៉ាឡេអូន (Sierra Leone) និង​ប្រទេស​ហ្គីណេ​ (Guinea) ហើយ​និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ថែទាំ​ដល់អ្នកទាំង​នោះ។

​នៅ​ក្នុង​ទីក្រុង Bethlehem នៃ​តំបន់ West Bank ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ម្សិលមិញ​ ​អ្នកកាន់​គ្រឹស្ត​សាសនា​បានជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​សាសនា​នៅ​ព្រះវិហារ​គ្រឹស្ត​សាសនា Nativity ដែល​ជាទី​កន្លែង​ព្រះ​យ៉េស៊ូ​បាន​ប្រសូត្រ៕