សម្តេចប៉ាប Francis បានប្រារព្ធពិធីសូត្រធ៌មមួយនៅកណ្តាលវាលនៅក្នុងប្រទេសហ្សកហ្ស៊ី នៅពេលដែលព្រះអង្គបន្តព្រះរាជបេសកកម្មសន្តិភាពមួយនៅក្នុងតំបន់ Caucase ដែលទទួលឥទ្ធិពលប្រជែងគ្នារវាងប្រទេសរុស្សីនិងពួកបស្ចឹមប្រទេស។
មានព្រះបន្ទូលនៅក្នុងក្រុង Tbilisi ទៅកាន់អ្នកគោរពសាសនានៃសហគមន៍កាតូលិកតូចមួយក្នុងប្រទេសហ្សកហ្ស៊ី សម្តចប៉ាប Francis បាន «លួងចិត្ត» ពួកគេត្រូវការដើម្បីរកវិធីដោះស្រាយជាមួយ «ចលាចល» ដែលពួកគេបានជួបប្រទះក្នុងជីវិតរបស់ពួកគេ។
ការប្រជុំគ្នានេះជាក្រុមមនុស្សតិចបំផុតដែលគេបានឃើញនៅក្នុងឱកាសសូត្រធ៌មនៅកណ្តាលវាលដែលប្រារព្ធដោយសម្តេចប៉ាបក្នុងព្រះរាជទស្សនកិច្ចរបស់ព្រះអង្គក្នុង ១៦ ប្រទេស។
ពួកអ្នកចាត់ចែងពិធីសូត្រធ៌មនេះសង្ឃឹមថាមានមនុស្សច្រើនជាង ៣.០០០នាក់ដែលបានចូលរួមក្នុងពិធីសូត្រធម៌នេះនៅក្នុងកីឡដ្ឋានមួយដែលមានចំណុះ២៥.០០០នាក់ក្នុងរដ្ឋធានីនៃប្រទេសហ្សកហ្ស៊ី។
ពីរថ្ងៃមុនសម្តេចប៉ាបយាងទៅដល់ ព្រឹទ្ធាចារ្យ Ilia នៃព្រះវិហារគ្រឹស្តអូស្សូដក់ Orthodox Georgie បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយចែងថាពួកអូស្សូដក់ មិនអាចចូលរួមក្នុងការសូត្រធ៌មកាតូលិកបានទេពីព្រោះមានការខ្វែងគំនិតគ្នាខាងទ្រឹស្តីដែលមានចាប់តាំងពីឆ្នាំ ១០៥៤ មកដែលបានបែងចែកគ្រឹស្តសាសនាជាសាខាខាងកើតនិងសាខាខាងលិច។
សម្តេចប៉ាប Francis បានជួបជាមួយព្រឹទ្ធាចារ្យ Ilia បន្ទាប់ពីយាងទៅកាលពីថ្ងៃសុក្រហើយព្រះអង្គគ្រោងនឹងមានជំនួបមួយលើកទៀតជាមួយព្រឹទ្ធាចារ្យរូបនេះនៅយប់ថ្ងៃសៅរ៍តាមពេលវេលាប្រទេសហ្សកហ្ស៊ី។
កាលពីថ្ងៃសុក្រ សម្តេចប៉ាប Francis បានអំពាវនាវឱ្យមាន »ការរួមរស់ជាមួយគ្នា» ដោយសន្តិវិធីនៅក្នុងអតីតតំបន់នៃសហភាពសូវៀតដែលមានជម្លោះច្រើននៅពេលព្រះអង្គចាប់ផ្តើមព្រះរាជទស្សនកិច្ចបីថ្ងៃដែលនៅក្នុងនោះព្រះអង្គនឹងយាងទៅទស្សនាប្រទេស Azerbaijan នៅពេលតែប៉ុន្មានខែក្រោយពីព្រះអង្គបានយាងទៅបំពេញព្រះរាជទស្សកិច្ចក្នុងប្រទេសArmenie ដែលជាសត្រូវរបស់ប្រទេស Azerbaijan៕