សម្តេចប៉ាប ហ្វ្រង់ស៊ីស (Francis) បានយាងទៅវិមាននិងសារៈមន្ទីរប្រល័យពូជសាសន៍ក្នុងរដ្ឋធានីប្រទេសអាមេនីនៅថ្ងៃសៅរ៍នេះដើម្បីឧទ្ទិសដល់ជនជាតិអាមេនីចំនួន១,៥លាននាក់ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ១៩១៥។ ដំណើររបស់ព្រះអង្គធ្វើឡើងមួយថ្ងៃ បន្ទាប់ពីព្រះអង្គបានថ្កោលទោសការសម្លាប់រង្គាលជនជាតិអាមេនីប្រព្រឹត្តឡើងដោយជនជាតិតួកគីអូតាម៉ាន់ក្នុងពេលសង្គ្រាមលោកលើកទីមួយថាជា«អំពើប្រល័យពូជសាសន៍»ហើយនេះជាពាក្យមួយដែលបានធ្វើឲ្យរដ្ឋាភិបាលទីក្រុងអង់ការ៉ា ខឹងសម្បារកាលពីមួយឆ្នាំមុន។
សម្តេចប៉ាប ហ្វ្រង់ស៊ីសកំពុងតែធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃនៅក្នុងប្រទេសអាមេនី។ រហូតមកដល់ពេលនេះនៅ មិនទាន់មានប្រតិកម្មអ្វីពីប្រទេសតួកគីនៅឡើយទេ។ កាលពីឆ្នាំមុនតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅបុរីវ៉ាទីកង់ឲ្យវិលត្រឡប់ទៅប្រទេសវិញបន្ទាប់ពីសម្តេចប៉ាបហ្វ្រង់ស៊ីសបានប្រើប្រាស់ពាក្យថា អំពើប្រល័យពូជសាសន៍។
នៅថ្ងៃសៅរ៍ជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនេះ សម្តេចប៉ាបបានដាក់កម្រង់ផ្កានៅវិមានរំឮកនោះ ហើយបានឈរឧទ្ទិសនៅពីមុខអណ្តាតភ្លើង ដែលដាក់នៅពីមុខចង្កេះភ្នំក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់(Yerevan )៕