នៅថ្ងៃសៅរ៍នេះសម្តេចប៉ាប Francis បានធ្វើដំណើរទៅកាន់ក្រុង Tacloban ប៉ែកខាងកើតប្រទេសហ្វីលីពីន ដើម្បីជួយសម្រាលទុក្ខប្រជាជនដែលនៅរស់ពីខ្យល់ព្យុះទីហ្វុង Haiyan ដែលបានបោកបក់បំផ្លិចបំផ្លាញក្រុងនោះកាលពីខែវិច្ឆិកាឆ្នាំ២០១៣ និងបានបណ្តាលឲ្យមនុស្ស៧៣៥០នាក់ស្លាប់ឬបាត់ខ្លួន។
សម្តេចប៉ាប ដែលពាក់អាវភ្លៀងស្តើងបានមានបន្ទូលប្រាប់ហ្វូងមនុស្សប្រមាណ១សែន៥ម៉ឺននាក់ដែលពាក់អាវភ្លៀងឈរនៅកណ្តាលភ្លៀងខ្លាំងនិងមានខ្យល់បោកបក់ថា នៅពេលដែលព្រះអង្គទតការផ្សាយព័ត៌មានតាមទូរទស្សន៍អំពីខ្យល់ព្យុះទីហ្វុងនោះពីក្រុង Rome ព្រះអង្គក៏បានសម្រេចព្រះទ័យជាបន្ទាន់ថានឹងយាងមកធ្វើទស្សនកិច្ចនៅប្រទេសហ្វីលីពីន។
សម្តេចប៉ាបបានទទួលស្គាល់អំពីការលំបាកដែលខ្យល់ព្យុះនោះបានបណ្តាលឲ្យមាន ហើយព្រះអង្គបានមានបន្ទូលថាព្រះអង្គអាច"ដើរ"ជាមួយពួកគេជាមួយ នឹង “ចិត្តស្ងប់ស្ងៀម" តែប៉ុណ្ណោះ។
នៅក្រោយពិធីសូត្រធម៌ សម្តេចប៉ាប Francis បានមានបន្ទូលថាព្រះអង្គត្រូវតែបញ្ចប់ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គមុនពេលកំណត់ដើម្បីចៀសវៀងពីខ្យល់ព្យុះត្រូពិចមួយដែលជិតបោកបក់មកដល់។
សម្តេចប៉ាបដែលបានយាងទៅដល់ប្រទេសហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍បានមានបន្ទូលថា ព្រះរាជទស្សនកិច្ច គឺដើម្បីសម្តែងភាពជិតស្និទ្ធរបស់ព្រះអង្គជាមួយប្រជាជនដែលអត់ធន់នឹងការរងទុក្ខវេទនា ការបាត់បង់ និងការបំផ្លិចបំផ្លាញដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង Haiyan៕