សម្តេច​សង្ឃ​ប៉ាប​ហ្រ្វង់​ស៊ីស​អំពាវនាវ​ឲ្យ​ប្រយុទ្ធប្រឆាំង​ការឡើង​កម្តៅផែនដី

ផ្ទាំង​ទូរទស្សន៍​បង្ហាញ​ពី​លិខិត​ចេញ​ផ្សាយ​ថ្មី​របស់​សម្តេច​សង្ឃ​ប៉ាប​ហ្រ្វង់​ស៊ីស​ ចំណង​ជើង​ "Laudato Si (Be Praised), On the Care of Our Common Home" នៅ​ក្នុង​សនិ្នសីទ​មួយ​ក្នុង​បុរី​វ៉ាទីកង់ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៥។

បុរី​វ៉ាទីកង់​បាន​ចេញ​ផ្សាយ​លិខិត​ដ៏​សំ​ខាន់​មួយ​របស់ សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ដោយ​និយាយ​ថា ​ការ​ឡើង​កម្តៅ​ផែនដី​ភាគ​ច្រើនធ្វើ​ឡើង​ដោយ​មនុស្ស​ ហើយ​ព្រះអង្គ​បាន​ហៅ​ការ​ឡើង​កំដៅ​ផែនដី​នេះ​ថា ​ជា​បញ្ហា​ដ៏​សំខាន់​បំផុត​នៅ​ពេល​សព្វ​ថ្ងៃ​នេះ។

លិខិត​ដែល​មាន​១៩១​ទំព័រ ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ ​ប្រាប់​ឲ្យ​ដឹង​ថា ការរក​ឃើញ​ខាង​វិទ្យាសាស្រ្ត​ចង្អុល​បង្ហាញ​ថា ​យើង​កំពុង​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពី​ការឡើង​កម្តៅ​ដ៏​រំខាន​នៃ​ប្រព័ន្ធ​អាកាស​ធាតុ។

លិខិត​នោះ​បាន​បន្ត​ទៀត​ថា «​មនុស្ស​ជាតិ​ត្រូវ​តែ​ទទួល​ស្គាល់​ពី​សេចក្តី​ចាំបាច់ដើម្បី​ផ្លាស់​ប្តូរ​ពី​របៀប​រស់​នៅ ផលិតផល​ហើយ​និងការ​ប្រើ​ប្រាស់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឡើង​កម្តៅ​ផែនដី​នេះ‍»។

សម្តេច​សង្ឃ​ប៉ាប ហ្រ្វង់ស៊ីស ​ក៏​បាន​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃ​ការប្រយុទ្ធ​ប្រឆាំង​សារ​ធាតុ​កខ្វក់​និង​ការ​ពារការ​ផ្គត់ផ្គង់​ទឹក។​ ទ្រង់​ក៏​បាន​អំពាវនាវ​ឲ្យ​លប់​បំបាត់​ការ​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ​ហើយ​ព្រះ​អង្គ​មាន​បន្ទូល​ថា កាបោន​ឥណទាន​(carbon​ credit) ​គ្មាន​ប្រសិទ្ធិភាព​ទេ។

លិខិត​ឯកសារ​សំខាន់​ទី​២​ដែល​ចេញ​ផ្សាយ​ដោយ​សម្តេច​សង្ឃ​ប៉ាប​ហ្វ្រង់​ស៊ីស បាន​ធ្វើ​ឡើង​មុន​ពេល​ចេញ​ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​ព្រះ​អង្គ​នៅ​ខែ​កញ្ញា​ ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ​ហើយ​និង​សន្និសីទ​ដ៏​សំខាន់​មួយ​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ចុង​ឆ្នាំ​នេះ៕​