សម្ដេចប៉ាប Francis បានអំពាវនាវកាលពីថ្ងៃអាទិត្យទី២៩ ខែតុលា ឱ្យមានបទឈប់បាញ់គ្នានៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ព្រមទាំងបានអំពាវនាវជាថ្មីម្ដងទៀតឱ្យមានការដោះលែងចំណាប់ខ្មាំង ដែលក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់នៅតំបន់ហ្កាហ្សា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សម្ដេចប៉ាបបានមានបន្ទូលនៅក្នុងពិធីបួងសួងប្រចាំសប្ដាហ៍ នៅទីលាន St. Peter's Square ថា «យើងមិនត្រូវបោះបង់ចោលនូវលទ្ធភាពក្នុងការឈប់ប្រើប្រាស់អាវុធនោះទេ»។
ព្រះអង្គមានបន្ទូលបន្តថា «សូមឱ្យមានបទឈប់បាញ់គ្នា» ដោយព្រះអង្គបានលើកឡើងនូវការអំពាវនាវរបស់លោកមហាបូជាចារ្យ ឬលោកឪពុកIbrahim Faltas ដែលធ្វើឡើងតាមកញ្ចក់ទូរទស្សន៍កាលពីពេលថ្មីៗនេះ។ លោកមហាបូជាចារ្យ ឬលោកឪពុកIbrahim Faltas គឺជាអ្នកតំណាងមួយរូបរបស់បុរីវ៉ាទីកង់ ប្រចាំនៅតំបន់ Holy Land។
បន្ទាប់មកសម្ដេចប៉ាប Francis ក៏បានមានបន្ទូលដោយផ្ទាល់បន្ថែមថា៖ «យើងត្រូវតែនិយាយថា ឈប់បាញ់គ្នា ឈប់បាញ់គ្នា។ បងប្អូនប្រុសស្រីទាំងឡាយអ៊ើយ! សូមឈប់ទៅ! សង្គ្រាមជានិច្ចកាលតែងតែនាំមកនូវភាពបរាជ័យ»។
ដោយសំដៅទៅលើ«ស្ថានភាពដ៏អាក្រក់ ទាំងនៅប៉ាឡេស្ទីន និងអ៊ីស្រាអែល» សម្ដេចប៉ាបបានមានបន្ទូលថា «នៅតំបន់ហ្កាហ្សាជាពិសេស សូមផ្ដល់ឱកាសដើម្បីធានាដល់ការផ្តល់ជំនួយមនុស្សធម៌ និងសូមដោះលែងចំណាប់ខ្មាំងជាបន្ទាន់»។ សម្ដេចប៉ាបមានបន្ទូលបែបនេះ សំដៅទៅលើចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវក្រុមហាម៉ាស់ចាប់ កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅនេះ។
មនុស្សដែលកំពុងស្រេកឃ្លានរាប់ពាន់នាក់នៅតំបន់ហ្កាហ្សា បានសម្រុកចូលទៅក្នុងឃ្លាំង និងមជ្ឈមណ្ឌលចែកជំនួយនានារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដោយបានស្រវ៉ាយកម្សៅសម្រាប់ធ្វើនំ និង«របស់របរចាំបាច់»មួយចំនួន។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននេះ កាលពីថ្ងៃអាទិត្យទី២៩ ខែតុលា។
ការអំពាវនាវរបស់សម្ដេចប៉ាប បានធ្វើឡើងស្របពេលដែលកងកម្លាំងអ៊ីស្រាអែល បានបើកប្រតិបត្តិការវាយលុកដោយទ័ពថ្មើរជើងទៅលើក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលប្រតិបត្តិការនេះ ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ហៅថាជាដំណាក់កាលទី២ នៃសង្គ្រាមដែលមានរយៈពេល ៣ សប្ដាហ៍ មកហើយនេះ ដើម្បីកម្ទេចក្រុមហាម៉ាស់៕
ប្រែសម្រួលដោយលោក នៀម ឆេង
សម្ដេចប៉ាបអំពាវនាវឱ្យមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ និងឱ្យដោះលែងចំណាប់ខ្មាំង
បុរីវ៉ាទីកង់ —