អង្គការទេសន្តរប្រវេសន៍អន្តរជាតិហៅកាត់ថា IOM បានរាយការណ៍ថា បើទោះជាប្រទេសយេម៉ែន កំពុងមានសង្គ្រាមស៊ីវិលដ៏ប្រល័យក៏ដោយ ក៏ក្នុងមួយឆ្នាំៗពលរដ្ឋអាហ្វ្រិកក្រីក្ររាប់ម៉ឺននាក់ បន្តធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Aden ចូលទៅប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ដោយសង្ឃឹមថា នឹងអាចបន្តដំណើរទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងរកការងារធ្វើនៅទីនោះ។
សង្គ្រាមស៊ីវិលអស់រយៈពេលជិត៥ឆ្នាំក្នុងប្រទេសយេម៉ែន បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ បំផ្លាញសេដ្ឋកិច្ចប្រទេសនេះ និងធ្វើឲ្យពលរដ្ឋរាប់លាននាក់ជួបគ្រោះទុរ្ភិក្ស។ អង្គការសហប្រជាជាតិ ចាត់ទុកប្រទេសយេម៉ែន ជាប្រទេសជួបគ្រោះមហន្តរាយមនុស្សជាតិធ្ងន់ជាងគេបំផុតនៅលើលោក។
បើទោះជាស្ថិតក្នុងស្ថានភាពមហន្តរាយបែបនេះក្តី ប្រជាពលរដ្ឋពីតំបន់ជ្រោយខាងកើតទ្វីបអាហ្វ្រិកដែលធ្វើចំណាកស្រុក នៅតែមានះឆ្លងចូលប្រទេសយេម៉ែន ហើយបន្តដំណើរចូលប្រទេសអារ៉ាប៊ីសាអូឌីត ដោយសង្ឃឹមថា រកឃើញជីវិតថ្មីដែលប្រសើរជាងមុន។
កាលពីឆ្នាំមុន អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានរាយការណ៍ថា មានពលរដ្ឋ១៣៨.០០០នាក់ ធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រ Aden ចូលប្រទេសយេម៉ែន។ ចំនួននេះ គឺច្រើនជាងចំនួនពលរដ្ឋចំណាកស្រុក និងជនភៀសខ្លួន ដែលបានធ្វើដំណើរឆ្លងកាត់សមុទ្រមីឌីទែររ៉ាណេឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបដែលមានចំនួន១១០.០០០នាក់ នោះទៅទៀត។
អ្នកនាំពាក្យអង្គការ IOM លោក Paul Dillon និយាយថា ពលរដ្ឋចំណាកស្រុកភាគច្រើនដែលសុខចិត្តផ្សងគ្រោះថ្នាក់ធ្វើដំណើរចូលប្រទេសយេម៉ែន គឺជាជនជាតិអេត្យូពី មកពីតំបន់ជនបទនានាដូចជា តំបន់ Oromia តំបន់ Amhara និងតំបន់ Tigray។ លោក Paul Dillon ថ្លែងថា៖
«គ្រាដែលរឿងដ៏សោកសៅបានកើតមានឡើងនៅតាមផ្លូវសមុទ្រមីឌីទែររ៉ាណេ ត្រូវបានគេកត់ត្រាយ៉ាងច្បាស់ក៏ដោយ ក៏បុគ្គលិកអង្គការរបស់យើងរកឃើញថា មានការរំលោភបំពានជារៀងរាល់ថ្ងៃទៅលើមនុស្សវ័យក្មេងមកពីតំបន់ជ្រោយខាងកើតទ្វីបអាហ្វ្រិក ពីសំណាក់ឈ្មួញរត់ពន្ធ និងឈ្មួញជួញដូរមនុស្សដែលបោកបញ្ឆោតថា នឹងផ្តល់ជីវិតថ្មីប្រសើរដល់ពួកគេ។ ការធ្វើចំណាកស្រុកតាមផ្លូវខាងកើតនេះ នៅតែបន្តកើតមានមិនថមថយឡើយក្នុងអំឡុងពេលមានវិបត្តិសង្គ្រាមក្នុងប្រទេសយេម៉ែន ហើយជនចំណាកស្រុក ហាក់ដូចជា នៅតែមានះពុះពារឆ្លងដែនមិនបារម្ភនឹងគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់ឈូងសមុទ្រសម្រាប់ជនចំណាកស្រុកគ្មានឯកសារនោះទេ»។
លោក Paul Dillon បានថ្លែងបន្តថា ជនចំណាកស្រុកភាគច្រើនមិនដឹងពីគ្រោះថ្នាក់ ដែលពួកគេអាចជួបប្រទះនៅក្នុងប្រទេសយេម៉ែនទេ។ លោកបាននិយាយទៀតថា ក្រៅពីការប្រឈមនឹងគ្រោះថ្នាក់នៃសង្គ្រាម ជនទាំងនោះអាចប្រឈមនឹងការចាប់ជំរិត និងការធ្វើទារុណកម្មជាថ្នូរនឹងប្រាក់ ហើយនឹងការកេងប្រវ័ញ្ជ និងការជួញដូរនានា។
អង្គការ IOM បានឲ្យដឹងទៀតថា ការបង្កើតវិធីស្របច្បាប់មួយសម្រាប់ជនចំណាកស្រុក នឹងផ្តល់ជាមាគាដ៏មានប្រសិទ្ធិភាព និងប្រសើរបំផុតដើម្បីការពារជនចំណាកស្រុកទាំងនោះ ពីការរំលោភបំពាននានា។ អង្គការនេះបានឲ្យដឹងទៀតថា កិច្ចព្រមព្រៀងមួយរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងអេត្យូពី នឹងអនុញ្ញាតឲ្យពលរដ្ឋអេត្យូពី ដែលជាកម្មករ ១០០.០០០នាក់ ធ្វើដំណើរដោយស្របច្បាប់ទៅធ្វើការក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយសុវត្ថិភាព ហើយអង្គការនេះ ស្នើសុំឲ្យបន្តសុពលភាពនៃកិច្ចព្រមព្រៀងនេះ៕
ប្រែសម្រួលដោយ កោះ សុគន្ធី