មន្ត្រី​ការទូតសហរដ្ឋអាមេរិកព្រមានថា អង្គការអូតង់ត្រូវតែសម្របតាមការគំរាមកំហែងជាសាកលដែលកំពុងលេចឡើង

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo និយាយជាមួយរដ្ឋលេខាធិការអង្គការអូតង់ Jens Stoltenberg (ស្តាំ) ក្នុងកិច្ចប្រជុំអំពីអង្គការកិច្ចព្រមព្រៀង​ Atlantic Treaty Organization (NATO) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់រដ្ឋមន្រ្តីការបរទេសរបស់អង្គការអូតង់ កាលពីថ្ងៃព្រហស្បតិ៍ថា សម្ព័ន្ធមិត្តដែលមានប្រទេស២៩ ត្រូវតែផ្លាស់ប្តូរវិធីដោះស្រាយរបស់ខ្លួនទៅតាមព្រឹត្តិការណ៍ដែលគំរាមកំហែងទូទាំងពិភពលោក។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo បាននិយាយថា៖ «យើងត្រូវតែផ្លាស់ប្តូរសម្ព័ន្ធភាពរបស់យើងក្នុងការប្រឈមការគំរាមកំហែងដែលលេចចេញឡើង មិនថាតើវាជាភាពគគ្លើនរបស់រុស្ស៊ី អន្តោប្រវេសន៍ដែលមិនអាចត្រួតត្រាបាន ការវាយប្រហារតាមប្រព័ន្ធកំព្យូទ័រ ការគំរាមកំហែងដល់សន្តិសុខថាមពល ការប្រកួតប្រជែងរបស់ចិន និងបញ្ហាផ្សេងៗទៀតជាច្រើននោះទេ»។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើសុន្ទរកថាទៅកាន់អស់លោករដ្ឋមន្រ្តីការបរទេស នៅពេលដែលពួកអស់លោកបានជួបគ្នា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី២ ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតអង្គការអូតង់។

ជំនួបដែលមានរយៈពេល២ថ្ងៃ មានការសៅហ្មងដោយការខ្វែងគំនិតគ្នាលើបញ្ហាសន្តិសុខ និងបញ្ហាផ្សេងៗទៀត។ ការខ្វែងគំនិតជាមួយប្រទេសតួកគី បានរីកកាន់តែធំឡើងលើផែនការរបស់ប្រទេសនោះ ដែលចង់ទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ហើយសហរដ្ឋអាមេរិក បានទាមទារម្តងហើយម្តងទៀតឲ្យសម្ព័ន្ធមិត្តបង្កើនការចំណាយខាងការពារប្រទេសរបស់ខ្លួន។

លោក Jens Stoltenberg អគ្គលេខាធិការរបស់អង្គការអូតង់ បានព្រមានសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ពីការគំរាមកំហែងនៃភាពគគ្លើនរបស់រុស្ស៊ីកាន់តែខ្លាំងឡើង ដោយនិយាយថា សម្ព័ន្ធមិត្តខាងយោធាដ៏សំខាន់របស់លោកខាងលិច មិនស្វះស្វែងរកការចាប់ផ្តើមសង្គ្រាមត្រជាក់ថ្មីជាមួយរដ្ឋាភិបាលក្រុងម៉ូស្គូទេ ក៏ប៉ុន្តែចាំបាច់កំញ៉ើញភាពគគ្លើនខាងយោធារបស់រុស្ស៊ី៕