នៅថ្ងៃអាទិត្យនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង Cucuta ប្រទេសកូឡុំប៊ី ដែលជាទីក្រុងជាប់ព្រំដែនជាមួយនឹងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីជួបជាមួយនឹងជនភៀសខ្លួនវ៉េណេស៊ុយអេឡា។ ជនជាតិវ៉េណេស៊ុយអេឡាជាច្រើននាក់បានរត់គេចពីភាពអត់ឃ្លាន និងអំពើហិង្សានៅក្នុងប្រទេសកំណើតរបស់ពួកគេមកកាន់ទីក្រុង Cucuta។
លោក Pompeo បានឈប់សំចតនៅប្រទេសមួយចំនួននៅទ្វីបអាមេរិកខាងត្បូងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីគៀងគរការគាំទ្រចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងការប្រឆាំងនឹងប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro និងរបបដឹកនាំរបស់លោក។
កាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសប៉េរូ លោក Pompeo បានជួបជាមួយនឹងប្រធានាធិបតីប៉េរូលោក Martin Vizcarra និងរដ្ឋមន្ត្រីការបរទេសប៉េរូលោក Nestor Popolizio។ លោក Pompeo បានសរសើរ «ប្រជាពលរដ្ឋប៉េរូ» ចំពោះការណ៍ដែលប្រទេសប៉េរូទទួលជនភៀសខ្លួនវ៉េណេស៊ុយអេឡារាប់សែននាក់។
ចំណែកឯនៅទីក្រុងអាសង់ស្យង ប្រទេសប៉ារ៉ាហ្គាយវិញ លោក Pompeo បានជួបពិភាក្សាជាមួយនឹងប្រធានាធិបតីប៉ារ៉ាហ្គាយលោក Mario Abdo Benitez អំពីវិបត្តិប្រទេសវ៉េណេស៊ុយអេឡា សិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆ្លងប្រទេស និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងតំបន់។
កាលពីថ្ងៃសុក្រ លោក Pomepo បានជំរុញឲ្យប្រជាពលរដ្ឋនៅទ្វីបអាមេរិកខាងត្បូងឲ្យជំទាស់ទៅនឹងសំណើវិនិយោគ និងជំនួយរបស់ប្រទេសចិន និងរុស្ស៊ី ដោយលោកបាននិយាយថា សហរដ្ឋអាមេរិកគឺជាមិត្តភក្ដិ និងដៃគូវិនិយោគប្រសើរជាងនេះសម្រាប់ប្រទេសដៃគូនៅក្នុងទ្វីបអាមេរិកខាងត្បូង៕