លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងកាលពីថ្ងៃអាទិត្យ ថា អាមេរិកនឹងស្នើឲ្យព្រះរាជបុត្រទាយាទ Mohammed Bin Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត ធានាថា អ្នកដែលធ្វើឃាតអ្នកកាសែតអារ៉ាប៊ីសាអូឌីត លោក Jamal Khashoggi ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។
លោក Pompeo បានថ្លែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីជំនួបនៅក្នុងទីក្រុង ដូហា ជាមួយនឹងលោក Sheikh Mohammed bin Abdulrahman Al Thani រដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា ថា «យើងនឹងបន្តសន្ទនាជាមួយនឹងព្រះរាជបុត្រទាយាទនិងបណ្តាមេដឹកនាំអារ៉ាប៊ីសាអូឌីត អំពីការធានាថា នឹងមានការទទួលខុសត្រូវចំពោះមរណភាពដែលពិបាកទទួលយកចំពោះលោក Jamal Khashoggi»។
លោក Khashoggi ត្រូវបានសម្លាប់ នៅពេលដែលលោកធ្វើទស្សនកិច្ចទៅកាន់ស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី កាលពីខែ តុលា កន្លងទៅនេះ។ ដំបូងឡើយ ប្រទេសអារ៉ាប៊ីសាអូឌីត អះអាងថា លោក Khashoggi បានចាកចេញពីស្ថានកុងស៊ុលដោយខ្លួនឯងដោយសុវត្ថិភាព ប៉ុន្តែក្រោយមកបានសារភាពថា លោក Khashoggi ត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុលនោះ នៅក្នុងអ្វីដែលមន្ត្រីអារ៉ាប៊ីសាអូឌីតហៅថាជាប្រតិបត្តិការទុច្ចរិត។
តួកគីបានឲ្យដឹងថា បទបញ្ជាឲ្យសម្លាប់អ្នកកាសែតរបស់កាសែត Washington Post រូបនេះ គឺមានការបញ្ជាមកពីថ្នាក់លើរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ប៉ុន្តែមន្ត្រី អារ៉ាប៊ីសាអូឌីតនៅតែបន្តអះអាងថា មិនមែនជាបទបញ្ជារបស់ព្រះរាជបុត្រទាយាទនោះឡើយ។
លោក Pompeo បានបន្តដំណើរទៅកាន់ទីក្រុង Riyadh បន្ទាប់ពីជំនួបនៅក្នុងរដ្ឋធានី ដូហា នៃប្រទេស កាតា ក្រោយពីលោកបានឈប់សំចតនៅក្នុងប្រទេសហ្សកដានី អ៊ីរ៉ាក់ អេហ្ស៊ីប បារ៉ែន និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលនៃទស្សនកិច្ចរយៈពេលមួយសប្តាហ៍ពេញរបស់លោកទៅកាន់តំបន់មជ្ឈិមបូព៌ា៕