​អ្នក​ការទូត​កំពូល​នៃ​សហរដ្ឋ​អាមេរិក​ថា ​មិនទាន់​មាន​ការ​សម្រេច​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​អ៊ីរ៉ង់​​ទេ

រដ្ឋ​លេខាធិការ​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ថ្លែងក្នុង​សន្និសីទ​កាសែត​ដើម្បីបញ្ចប់ការប្រជុំ​របស់មន្រ្តីការបរទេស​អង្គការអូតង់​កាលពី​ថ្ងៃទីសុក្រទី២៧ ខែ មេសា ២០១៨។

លោក Mike Pompeo រដ្ឋ​មន្រ្តីការ​បរទេស​ថ្មី​របស់​សហរដ្ឋ​អាមេរិក​និយាយ​ថា មិន​ទាន់​មានការ​សម្រេច​ថាតើ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំនឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លែអ៊ែរ​ដែរ​ឬទេ។ លោក​និយាយ​ទៀត​ថា ​ការ​ចរចា​កំពុង​ធ្វើ​ឡើង។

នៅឯ​សន្និសីទ​កាសែត​លើក​ដំបូង​របស់​លោក​ក្នុង​ឋានៈ​ជា​រដ្ឋ​មន្រ្តីការ​បរទេស​ថ្មី ​លោក Pompeo ​បាន​និយាថា «ការ​គ្មានការ​ដោះ​ស្រាយឲ្យ​បាន​ក្រាស់​ក្រែល ​ការ​គ្មានការ​ដោះ​ស្រាយ​បញ្ហា ​កិច្ច​ព្រម​ព្រៀង​មាន​បញ្ហា លោក​ប្រធានា​ធិបតី​ត្រាំ​មិន​ទំនងទុក​កិច្ច​ព្រម​ព្រៀង​នោះ​ហួស​ពីខែ​ឧសភា​នោះ​ទេ‍»។ លោកPompeo បាន​ថ្លែង​នៅ​ក្នុង​ទីក្រុងBrusselsនៅឯ​ជំនួប​របស់​រដ្ឋ​មន្រ្តី​ការបរទេស​អង្គការ​អូតង់ ​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ស្បថ​ចូលកាន់​ដំណែង។

លោក​រដ្ឋ​មន្រ្តីការ​បរទេសPompeoបាន​មាន​ប្រសាសន៍​ទៀត​ថា ​លោក​បាន​ពិភាក្សា​កិច្ច​ព្រម​ព្រៀង​នុយក្លែអ៊ែរ​ដែល​គេ​ស្គាល់​ថា ចំណាត់ការ​នៃ​ផែនការ​ធំ​ទូលាយមួយរួម​គ្នា​ឬ JCPOAជាមួយ​សមភាគី​អង្គការ​អូតង់​ផ្សេង​ទៀត។ លោក​រដ្ឋ​មន្រ្តីការ​បរទេស​ថ្មី​អាមេរិកបាន​និយាយ​ថា ​បញ្ហា​នេះ​ទំនង​ស្ថិត​នៅ​លើគេ​នៅ​ក្នុង​របៀបវារៈ​នៅពេល​ដែល​លោក​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា​បន្ទាប់​ពី​ចាក​ចេញ​ពី​ទីក្រុង Brussels ​នេះ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Pompeo ​ក៏​បានឆ្លើយ​នឹង​សំណើ​ពីការ​ឆ្លើយ​តប​ទៅ​នឹងការ​វាយ​ប្រហាររបស់​រុស្ស៊ី​កាល​ពី​ថ្ងៃ​ពុធ​ទៅលើ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​លោក​ខាង​លិច ​ប្រទេស​អ៊ុយក្រែន ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​និង​ទឹក​ចិត្ត​បុគ្គលិកនៅ​ក្រសួង​ការបរទេស​អាមេ រិក។

នៅ​ពេល​គេសួរ​អំពីកម្លាំង​ការងារ​បាក់ទឹកចិត្ត​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​លោក Pompeo បាន​ឆ្លើយ​ថា ​លោក​បាន​ជួប​ជាមួយ​ពួកមន្រ្តី​ក្រសួងការ​បរទេស​នៅឯ​បេសកកម្ម​អង្គការ​អូតង់​ក្នុង​ទីក្រុង Brussels។ ​លោក​និយាយទៀតថា ​ពួកគេ​ប្រហែល​មានការ​ធ្លាក់​ទឹក​ចិត្ត ​ក៏​ប៉ុន្តែ ​ហាក់​ដូចជា​នៅ​មាន​ស្មារតី​ល្អ៕