លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeoនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូលនានាជាលើកដំបូងជាមួយមេដឹកនាំរបស់រដ្ឋាភិបាលប៉ាគីស្ថានដែលទើបជាប់ឆ្នោតនាពេលថ្មីៗនេះនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដខណៈទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានធ្លាក់ចុះ។
ទស្សនៈផ្សេងគ្នាជុំវិញវិធីសាស្រ្តប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់ និងដើម្បីបញ្ចប់ជម្លោះដែលបានសម្លាប់មនុស្សអស់រយៈពេល១៧ឆ្នាំក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែបន្តរារាំងដល់ក្តីសង្ឃឹមនៃដំណើរទស្សនកិច្ចដើម្បីបំបែកភាពទាល់ច្រកនៅក្នុងទំនាក់ទំនងដ៏ស្មុគស្មាញរវាងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បើទោះបីជាភាគីទាំងពីរបានចូលរួមជាផ្លូវការនៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មយ៉ាងណាក៏ដោយ។
នាយអគ្គសេនាធិការចម្រុះលោក Joseph Dunfordនឹងអមដំណើរជាមួយលោក Pompeo នៅពេលលោកទៅដល់ប្រទេសប៉ាគីស្ថាន ដែលបង្ហាញពីការផ្តោតសំខាន់ទៅលើទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។
ក្រុមប្រតិភូអាមេរិកាំងនឹងរៀបចំការចរចាជាផ្លូវការជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Shah Mehmood Qureshi និងក្រុមការងាររបស់លោក។ ក្រុមមន្រ្តីបានប្រាប់ VOA ថា ក្រុមប្រតិភូក៏នឹងមានការប្រជុំដាច់ដោយឡែកជាមួយលោកនាយករដ្ឋមន្រ្តី Imran Khan ដែលទើបចូលកាន់តំណែងបាន២សប្តាហ៍កន្លងទៅ និងជាមួយលោកឧត្តមសេនីយ៍ Javed Bajwa មេបញ្ជាការយោធាប៉ាគីស្ថានផងដែរ។
ខណៈប្រកាសអំពីគោលនយោបាយសម្រាប់តំបន់អាស៊ីខាងត្បូងកាលពីឆ្នាំមុនរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីបំបែកភាពទាល់ចក្រនៅក្នុងសង្គ្រាមដែលគាំទ្រដោយសហរដ្ឋអាមេរិកប្រឆាំងនឹងពួកតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Donald Trump បានចោទប្រកាន់ប្រទេសប៉ាគីស្ថានថាបានលេងល្បិចដោយផ្តល់ការគាំទ្រដោយសម្ងាត់ដល់ពួកបះបោរ៕