កាលពីថ្ងៃអាទិត្យ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក បានទទូចឲ្យកូរ៉េខាងជើងធ្វើដូចវៀតណាមក្នុងការបង្កើតទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិកគឺដូចអ្វីដែលរដ្ឋាភិបាលក្រុងហាណូយបានធ្វើអស់រយៈពេលប្រាំទសវត្សរ៍ ក្រោយពីសង្គ្រាមវៀតណាមប្រឆាំងនឹងសហរដ្ឋអាមេរិកបានបញ្ចប់។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានធ្វើទស្សនកិច្ចនៅរដ្ឋធានីវៀតណាម បន្ទាប់ពីកិច្ចចរចារយៈពេលពីរថ្ងៃនៅទីក្រុងព្យុងយ៉ាង ក្នុងគោលបំណងលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ បាននិយាយថា ទំនាក់ទំនងធម្មតារបស់អាមេរិកជាមួយវៀតណាមប្រហែល២៣ឆ្នាំគឺជាភស្តុតាងបង្ហាញប្រាប់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងថា សហរដ្ឋអាមេរិកអាចបង្កើតទំនាក់ទំនងថ្មីជាមួយអតីតសត្រូវ។
លោក Pompeo បានមានប្រសាសន៍ថា «យើងដឹងថា វាអាចកើតមានយ៉ាងពិតប្រាកដ ពីព្រោះយើងមើលឃើញពីរបៀបដែលប្រទេសវៀតណាមបានធ្វើដំណើរតាមផ្លូវដ៏អស្ចារ្យនេះ»។
លោក Pompeo មិនចាត់ទុកការសំខាន់ ដែលកូរ៉េខាងជើងចោទប្រកាន់ថា សហរដ្ឋអាមេរិកបានធ្វើ «ការទាមទារដូចជនពាល» ដែលតម្រូវឲ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយថា កិច្ចពិភាក្សារបស់ពួកជារឿងគួរឱ្យសោកស្តាយនោះ។ លោក Pompeo បាននិយាយ បើសំណើនេះមានចរិតដូចសំណើជនពាល អ៊ីចឹងពិភពលោកទាំងមូលសុទ្ធតែជនពាល។ លោកបានកត់សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទាមទារជាច្រើនដងឲ្យកូរ៉េខាងជើងលុបចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយបញ្ចប់កម្មវិធីមីស៊ីលផ្លោង៕