រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចូលរួមកិច្ចប្រជុំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌានៅថ្ងៃពុធនេះ ខណៈភាពតានតឹងផ្នែកពាណិជ្ជកម្មនិងការដំឡើងពន្ធគយកំពុងកើនឡើង ដែលការណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាដៃគូនៃប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃពុធនេះលោក Pompeo បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ហើយបន្ទាប់បានជួបប្រជុំជាមួយនឹងសមភាគីរបស់លោកគឺ លោក Jaishankar។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានថ្លែងថា លោក Pompeo និងលោក Modi បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាដៃគូរវាងឥណ្ឌានិងសហរដ្ឋអាមេរិក។
លោក Kumar បានថ្លែងថា «ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាឆ្ពោះទៅរកយុទ្ធសាស្រ្តភាពជាដៃគូកាន់តែស៊ីជម្រៅ»។
លោក Pompeo បានធ្វើដំណើរទៅដល់ទីក្រុងញ៉ូដេលីកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេស អារ៉ាប៊ី សាអូឌីត រាជាណាចក្រអេមីរ៉េតអារ៉ាប់រួម និងប្រទេសអាហ្វហ្គានីស្ថានដើម្បីគៀងគររកសម្ព័ន្ធភាពសកលប្រឆាំងនឹងអ៊ីរ៉ង់។
ដំណើរទស្សនកិច្ចរបស់លោកនៅលើកនេះគឺជា ការភ្ជាប់ទំនាក់ទំនងថ្នាក់កំពូលជាលើកទីមួយរវាងឥណ្ឌានិងអាមេរិកចាប់តាំងពីលោក Modi បានជាប់ឆ្នោតម្តងទៀតកាលពីខែមុន។ ប្រទេសទាំងពីរបានហៅគ្នាទៅវិញទៅមកថាជាដៃគូយុទ្ធសាស្រ្ត បើទោះបីជាមានការសងសឹកដំឡើងពន្ធគយដាក់គ្នាលើទំនិញមួយចំនួននៅក្នុងខែនេះក៏ដោយ។
ប្រទេសឥណ្ឌាបានដំឡើងពន្ធគយលើទំនិញអាមេរិកចំនួន ២៨មុខ រួមមានគ្រាប់ធញ្ញជាតិ និងគ្រាប់ អាល់ម៉ុនកាលពីថ្ងៃទី១៦ ខែមិថុនា ដែលជាការសងសឹកទៅលើសហរដ្ឋអាមេរិកដែលបានបញ្ចប់ការអនុគ្រោះពាណិជ្ជកម្មដល់ប្រទេសឥណ្ឌាកាលពីថ្ងៃទី១ ខែមិថុនាមក។
រដ្ឋបាលលោក Trump បានដំឡើងពន្ធគយលើទំនិញឥណ្ឌាមួយចំនួនរួមទាំងអាលុយមីញ៉ូម និងដែកថែបផងដែរ៕