អ្នកស្រី Marie Yovanovitch អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន បានប្រាប់សមាជិករដ្ឋសភានៅក្នុងសវនាការផ្ដល់សក្ខីកម្មដែលមានការស្បថស្បែថា អ្នកស្រីមានការភ្ញាក់ផ្អើលនៅពេលមានគេហៅទូរស័ព្ទមកអ្នកស្រីនៅពាក់កណ្ដាលយប់ ដោយប្រាប់អ្នកស្រីឲ្យចាកចេញពីតំណែង និងធ្វើដំណើរត្រឡប់មកសហរដ្ឋអាមេរិកវិញ។
អ្នកស្រីបញ្ជាក់ថា គេប្រាប់អ្នកស្រីថា អ្នកស្រីមិនបានធ្វើអ្វីខុសនោះទេ ប៉ុន្តែកំពុងជួបប្រទះបញ្ហាការទូតបន្ទាន់ មិនមែនបណ្ដាលមកពីភាពចលាចលនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ប៉ុន្តែបណ្ដាលមកពីសារដ៏ខ្លាំងក្លានៅលើ Twitter របស់លោក Trump ដែលប៉ះពាល់ដល់អ្នកស្រី។
សេចក្ដីលម្អិតទាំងស្រុងនៃសវនាការរបស់អ្នកស្រីនេះត្រូវបានផ្សព្វផ្សាយកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ។ អ្នកស្រីបានបញ្ជាក់អំពីបទពិសោធន៍ធ្វើជាមន្ត្រីការបរទេសរយៈពេល ៣៣ ឆ្នាំ របស់អ្នកស្រី នៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកចំនួន ៦ រូប។ អ្នកស្រីនិយាយថា មន្ត្រីការទូតអាមេរិកាំង ជារឿយៗប្រថុយគ្រោះថ្នាក់ ដោយជឿថារដ្ឋាភិបាលនឹងការពារពួកគេ ប្រសិនបើពួកគេជួបបញ្ហាអ្វីមួយ។ ប៉ុន្តែ អ្នកស្រីថា ការយល់បែបនេះគឺមិនត្រឹមត្រូវទៀតនោះទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានការពារការកោះហៅអ្នកស្រី Yovanovitch ភ្លាមៗនេះនៅក្នុងការលើកឡើងរបស់លោកក្នុងកម្មវិធី «សប្ដាហ៍នេះ» របស់ទូរទស្សន៍ ABC News ថា អ្នកស្រីនៅតែជាអ្នកការទូតដ៏ល្អ។
លោក Pompeo និយាយដូច្នេះថា៖ «ឯកអគ្គរដ្ឋទូតធ្វើការតាមបញ្ជារបស់ប្រធានាធិបតី។ នៅពេលដែលប្រធានាធិបតីបាត់បង់ជំនឿលើឯកអគ្គរដ្ឋទូតណាម្នាក់ ឯកអគ្គរដ្ឋទូតនោះត្រូវចាកចេញពីតំណែង ដើម្បីប្រយោជន៍ដល់មន្ត្រីការទូតនោះផ្ទាល់ ក្រសួងការបរទេស និងសហរដ្ឋអាមេរិក»។
ប៉ុន្តែ មន្ត្រីការទូតអាជីពម្នាក់ទៀតបានប្រាប់ VOA ថា ការខ្វះការគាំទ្ររបស់លោក Pompeo ចំពោះអ្នកស្រី Yovanovitch គឺជារឿងមិនធម្មតា។
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអ្នកស្រី Laura Kennedy និយាយថា៖ «អ្នកស្រី Yovanovitch គឺជាអ្នកមានវិជ្ជាជីវៈប្ដូរផ្ដាច់ដ៏ស្មោះត្រង់បំផុតម្នាក់ ដែលខ្ញុំស្គាល់។ ការពិតគឺថា អ្នកស្រីមិនទទួលបានការទំនាក់ទំនងដោយផ្ទាល់ណាមួយពីលោករដ្ឋមន្ត្រីការបរទេសនោះទេ»។
អ្នកស្រី Yovanovitch បានផ្ដល់សក្ខីកម្មថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសហភាពអឺរ៉ុបលោក Gordon Sondland បានប្រាប់អ្នកស្រីឲ្យសរសេរសារគាំទ្រលោក Trump នៅលើ Twitter ដើម្បីរក្សាតំណែងរបស់ខ្លួន។ អ្នកស្រី Kennedy ថា នេះគឺជារឿងដែលមិនគួរគិតឡើងនោះទេ។
អ្នកស្រីនិយាយដូច្នេះថា៖ «... ជាការពិត យើងគាំទ្រគោលនយោបាយនៃរដ្ឋបាលប្រធានាធិបតីណាដែលយើងបម្រើការងារនៅក្នុងអាណត្តិនោះ។ ការងាររបស់យើងគឺយើងមានកាតព្វកិច្ចនៅក្នុងការគាំទ្រគោលនយោបាយនោះជាសាធារណៈ។ ប៉ុន្តែជាថ្មីម្ដងទៀត យើងដែលជាមន្ត្រីការទូតអាជីព ដែលដូចជាមន្ត្រីរដ្ឋការសាធារណៈផ្សេងទៀតផងដែរ បានប្ដេជ្ញាគាំទ្ររដ្ឋធម្មនុញ្ញ មិនមែនគាំទ្របុគ្គលណាម្នាក់នោះទេ»។
អតីតមន្ត្រីការទូតមួយចំនួនទៀតនិយាយថា នៅឯក្រសួងការបរទេស គេស្ទើរតែបាត់បង់ភាពជឿជាក់លើលោក Pompeo រួចទៅហើយ ហើយគេខ្លាចថា វាបានប៉ះពាល់រួចមកហើយដល់កិច្ចប្រឹងប្រែងជ្រើសរើសបុគ្គលិក៕
ប្រែសម្រួលដោយ ភី សុភាដា