រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើដំណើរដល់ទីស្នាក់ការកណ្ដាលនៃសហភាពអឺរ៉ុប នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលជាការឈប់សំចតដំបូងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី Morgan Ortagus បាននិយាយនៅថ្ងៃចន្ទនេះថា លោក Pompeo និងជួបជាមួយនឹងមន្ត្រីអឺរ៉ុប «ដើម្បីពិភាក្សាអំពីសកម្មភាពគំរាមកំហែងកាលពីពេលថ្មីៗនេះ និងអំពីការលើកឡើងរបស់ប្រទេសអ៊ីរ៉ង់»។
អ្នកស្រី Ortagus បានបន្ថែមថា លោក Pompeo «នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក និងធានានូវសន្តិសុខនៃផលប្រយោជន៍រួមនៅក្នុងតំបន់មជ្ឈិមបូព៌ា និងនៅជុំវិញពិភពលោក»។
គម្រោងរបស់លោក Pompeo កាលពីដំបូងគឺលោកគ្រោងជួបជាមួយនឹងមន្ត្រីការទូតអាមេរិក និងក្រុមមេដឹកនាំអាជីវកម្មនានានៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។ ប៉ុន្តែ គម្រោងនេះត្រូវបានផ្លាស់ប្ដូរកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដោយលោក Pompeo ត្រូវទៅប្រទេសប៊ែលហ្ស៊ិកមុនវិញ។
នៅថ្ងៃអង្គារស្អែក លោក Pompeo នឹងធ្វើដំណើរទៅកាន់ទីក្រុង Sochi ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Sergey Lavrov។
ដំណើរទស្សនកិច្ចរបស់លោក Pompeo នេះធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុនពេលកិច្ចប្រជុំក្រុមប្រទេស G20 ធ្វើឡើងនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន ដែលនៅទីនោះ ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Putin នឹងចូលរួមផងដែរ។
ដំណើរទស្សនកិច្ចរបស់លោក Pompeo ទៅកាន់ប្រទេសរុស្ស៊ីលើកនេះក៏ធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ីមានភាពតានតឹងកើនឡើងពាក់ព័ន្ធនឹងបញ្ហាអ៊ីរ៉ង់។
សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលនេះជាអ្វីដែលមន្ត្រីអាមេរិកាំងហៅថាជា «ការឆ្លើយតបដោយផ្ទាល់ទៅនឹងសញ្ញាព្រមានអំពីបញ្ហាដែលកើនឡើងយ៉ាងឆាប់រហ័ស» ដែលបង្កឡើងដោយអ៊ីរ៉ង់៕