ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានគូសបញ្ជាក់ពីភាពខ្លាំងនៃភាពជាដៃគូរវាងប្រទេសទាំងពីរ និងលើកសរសើរពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំឥណ្ឌាមកកាន់រដ្ឋធានីវ៉ាស៊ីនតោន ដែលមានការរៀបចំទទួលយ៉ាងអធិកអធម ដោយមានកិច្ចប្រជុំពិភាក្សាជាច្រើនកាលពីថ្ងៃព្រហស្បតិ៍នៅសេតវិមាន។
នៅក្នុងពិធីជល់កែវស្វាគមន៍ដែលប្រើទឹកសុដាដែលធ្វើពីខ្ញី ដោយសារមេដឹកនាំទាំងពីរមិនពិសារស្រានោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងដូចនេះថា៖ «ខ្ញុំសូមស្វាគមន៍ប្រទេសដ៏អស្ចារ្យទាំងពីរ មិត្តភ័ក្តដ៏អស្ចារ្យទាំង២ និងប្រទេសមហាអំណាចទាំងពីរ»។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌានេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលសហរដ្ឋអាមេរិកដើម្បីទាក់ទាញប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ស្របពេលដែលរុស្ស៊ីកំពុងឈ្លានពានប្រទេសអ៊ុយក្រែន ហើយភាពតានតឹងរបស់អាមេរិកជាមួយប្រទេសចិន ក៏កំពុងកើនខ្លាំងផងដែរ។
សហរដ្ឋអាមេរិកនិងឥណ្ឌា កំពុង«សហការគ្នានៅស្ទើរគ្រប់វិស័យទាំងអស់»។ លោក Biden លើកឡើងដូចនេះ នៅពេលដែលលោកឈរក្បែរនឹងលោកModi នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលជាកាយវិការដ៏កម្រមួយ សម្រាប់មេដឹកនាំឥណ្ឌា។
នាយករដ្ឋមន្ត្រីឥណ្ឌាលោកModi បានថ្លែងសរសើរលោក Biden នៅក្នុងពិធីជប់លៀងអាហារពេលល្ងាចផ្លូវរដ្ឋដ៏អធិកអធមមួយ ដោយមានភ្ញៀវចូលរួមប្រមាណ៤០០នាក់ មកពីគ្រប់ផ្នែកជាច្រើន ដែលក្នុងនោះមានផ្នែកបច្ចេកវិទ្យា ជំនួញ និងវិទ្យាសាស្ត្រផងដែរ។ លោកModi បានថ្លែងសរសើរលោក Biden ក្នុងពិធីជប់លៀងនោះថា៖ «លោកមានលក្ខណៈទន់ភ្លន់ក្នុងការនិយាយស្តី ប៉ុន្តែលោករឹងមាំខ្លាំងណាស់នៅពេលធ្វើចំណាត់ការអ្វីមួយ»។
លោក Biden ថ្លែងថា វិស័យនៃកិច្ចសហប្រតិបត្តិការសំខាន់ៗជាមួយឥណ្ឌារួមមាន បច្ចេកវិទ្យាពិនិត្យសុខភាព ការស្រាវជ្រាវផ្នែកអវកាស អន្តរកាលឆ្ពោះទៅរកថាមពលស្អាត ការកាត់បន្ថយវិបត្តិអាកាសធាតុជាដើម។ លោក Biden បន្ថែមទៀតថា សហរដ្ឋអាមេរិកនិងឥណ្ឌា ពង្រឹងជំនាញរួមគ្នា លើវិស័យបច្ចេកវិទ្យាដ៏សំខាន់និងលេចធ្លោ ដូចជាផ្នែកកំព្យូទ័រនិងបញ្ញាសិប្បនិម្មិត AIជាដើម ដើម្បីបញ្ចៀសការប្រើប្រាស់ឧបករណ៍ទាំងនេះ ក្នុងការផ្តល់ព័ត៌មានខុសនិងសម្រាប់ធ្វើការគាបសង្កត់ជិះជាន់។
លោកBiden ក៏បាននិយាយផងដែរថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ លើ«កិច្ចប្រឹងប្រឹងរួមគ្នា ក្នុងការកាត់បន្ថយសោកនាដកម្មមនុស្សជាតិ ដែលបង្កឡើងដោយអំពើឃោរឃៅរបស់រុស្ស៊ី នៅក្នុងសង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន ដើម្បីការពារគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ស្តីពីបូរណភាពនិងអធិបតេយ្យភាពទឹកដី»៕