ការបោះឆ្នោតដ៏ចម្រូងចម្រាសខ្លាំងនៅឆ្នាំនេះ នឹងចាប់ផ្ដើមនៅព្រឹកថ្ងៃអាទិត្យទី២៩ ខែកក្កដានេះហើយ ដោយទទួលអ្នកចេញទៅបោះឆ្នោតចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល ទោះបីជាអ្នកដែលមានសិទ្ធិនិងបានចុះឈ្មោះបោះឆ្នោតខ្លះ នឹងមិនចូលរួមបោះឆ្នោតក៏ដោយ។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប មានពលរដ្ឋជាង៨លាន៣សែននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ។
គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងមានចំនួន២០ រួមទាំងគណបក្សនយោបាយចាស់វស្សា និងគណបក្សនយោបាយថ្មីថ្មោងមួយចំនួន ដែលទើបនឹងបង្កើតឡើងផងដែរ។
គណបក្សនយោបាយដែលមានតួអង្គនយោបាយចាស់វស្សាឬមានចំនួនភ្នាក់ងារនយោបាយច្រើនជាងគេ មានចំនួន៦ រួមមាន គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ចំណែក គណបក្សនយោបាយចំនួន១៤ផ្សេងទៀត គឺជាគណបក្សដែលគេមិនសូវស្គាល់ឈ្មោះឬទើបនឹងបង្កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ មុខថ្ងៃបោះឆ្នោតនេះ ដូចជាគណបក្សខ្មែរក្រោក គណបក្សខ្មែរតែមួយ និងគណបក្សឆន្ទៈខ្មែរជាដើម។
ដោយឡែក គណបក្សប្រឆាំងដ៏ធំជាងគេគឺគណបក្សសង្គ្រោះជាតិ ដែលអ្នកវិភាគខ្លះជឿថាគឺជាគូប្រជែងដ៏សំខាន់ជាងគេជាមួយនឹងគណបក្សកាន់អំណាចនោះ មិនមានឈ្មោះក្នុងសន្លឹកឆ្នោតនោះទេ ដោយសារតុលាការកំពូលរបស់កម្ពុជា បានសម្រេចរំលាយគណបក្សនេះតាមបណ្ដឹងរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកាឆ្នាំមុន។
ជាការឆ្លើយតប គណបក្សសង្គ្រោះជាតិ បានអំពាវនាវឱ្យពលរដ្ឋ ធ្វើពហិការនិងកុំចូលរួមក្នុងការបោះឆ្នោតនេះ ដែលគណបក្សប្រឆាំងនេះ និងសហគមន៍អន្តរជាតិ ចាត់ទុកថាជាការបោះឆ្នោតគ្រាន់តែបំភាន់ភ្នែកប៉ុណ្ណោះ ដើម្បីរក្សាអំណាចរបស់របបដឹកនាំបច្ចុប្បន្ន។
ទោះជាមានពលរដ្ឋខ្មែរមួយចំនួន បានប្រកាសថា ពួកគេនឹងមិនទៅបោះឆ្នោតនៅថ្ងៃនេះក៏ដោយ ក៏រដ្ឋាភិបាលនិងគ.ជ.ប បានអំពាវនាវឱ្យពលរដ្ឋនាំគ្នាចេញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតទាំងជាង២ម៉ឺន២ពាន់ការិយាល័យនៅទូទាំងប្រទេសដែរ៕