ប្រទេស​បារាំង​ធ្វើ​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី

មនុស្ស​ម្នា​តម្រង់​ជួរ​មុន​ពេល​បោះឆ្នោត​ជុំ​ទី​១​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ នៅ​ស្ថានីយ​បោះឆ្នោត​មួយ​នៅ​ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​បារាំង​បាន​រៀបចំ​ការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន។ ការ​បោះ​ឆ្នោត​ប្រធានាធិបតី​បារាំង​លើក​នេះ ជា​ការ​បោះ​ឆ្នោត​ដែល​គេ​មាន​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ។

បេក្ខជន​ដែល​ចូលរួម​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ មាន​ចំនួន ១១ រូប ដែល​មាន​តាំង​ពី​បេក្ខជន​មាន​ទស្សនៈ​ស្តាំ​និយម​ជ្រុល រហូត​ដល់​បេក្ខជន​មាន​ទស្សនៈ​ឆ្វេង​និយម​ជ្រុល។

សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ដែល​ក្នុង​នោះ​មាន​ការ​ដាក់​ពង្រាយ​មន្ត្រី​ប៉ូលិស​ចំនួន ៥ ម៉ឺន​នាក់ ទាហាន ៧ ពាន់​នាក់ ដែល​រួម​មាន​ទាំង​កង​កម្លាំង​ពិសេស​ផង​ដែរ នៅ​តាម​ដង​ផ្លូវ​នានា។

ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំងក្លា​នេះ គឺ​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​នៅ​កណ្ដាល​ក្រុង​ប៉ារីស ដែល​បាន​បណ្ដាល​ឲ្យ​ប៉ូលិស​ម្នាក់​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់។ ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ពួក​ភេរវករ​ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ទទួល​ខុស​ត្រូវ។

បេក្ខជន​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត គឺ​លោក Emmanuel Macron អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ដែល​មាន​ទស្សនៈ​គាំទ្រ​អឺរ៉ុប និង​ពាណិជ្ជកម្ម និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​លោក​ប្រធានាធិបតី Francois Hollande ដែល​ជា​ប្រធានាធិបតី​ប្រកាន់​ទស្សនៈ​សង្គម​និយម នា​ពេល​បច្ចុប្បន្ន។

បេក្ខជន​ដែល​នាំ​មុខ​គេ​ទី​ពីរ គឺ​លោកស្រី Marine Le Pen ដែល​ជា​អ្នក​ប្រកាន់​ទស្សនៈ​ជាតិ​និយម និង​ជា​អ្នក​ដែល​ប្រឆាំង​នឹង​ឥស្លាម។ លោកស្រី​មាន​គោល​បំណង​បញ្ឈប់​ការ​ធ្វើ​អន្តោប្រវេសន៍​ភាគ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​បារាំង ជាពិសេស​ការ​ធ្វើ​អន្តោប្រវេសន៍​មកពី​បណ្ដា​ប្រទេស​កាន់​សាសនា​ឥស្លាម។ លោកស្រី​ក៏​មាន​គោល​បំណង​ចង់​ឲ្យ​បារាំង​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ផង​ដែរ។

បេក្ខជន​នាំ​មុខ​មួយ​រូប​ទៀត គឺ​លោក Francois Fillon ដែល​ជា​អ្នក​ដែល​មាន​ទំនោរ​ទៅ​រក​ការ​កាត់​បន្ថយ​នូវ​ការ​ចំណាយ​របស់​រដ្ឋ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​កែ​ទម្រង់​ស៊ីជម្រៅ​នៅ​ក្នុង​សហភាព​អឺរ៉ុប។

អ្នក​វិភាគ និង​អ្នក​បោះឆ្នោត​នានា ដែល VOA បាន​សម្ភាសន៍ បាន​សម្លឹង​ឃើញ​ការ​បោះឆ្នោត​លើក​នេះ ថា​ជា​ការ​បោះឆ្នោត ដែល​មិន​អាច​ទាយ​ទុក​មុន​បាន ចាប់តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​មក។

បេក្ខជន​ពីរ​រូប ដែល​ឈ្នះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ នឹង​ត្រូវ​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា ខាង​មុខ​នេះ៕