ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រណសិរ្ស​ជាតិ​​ប្រកាន់​ស្តាំ​និយម​ជ្រុល​មិន​ទទួល​បាន​ការ​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​បារាំង


លោកស្រី Marine Le Pen មេដឹកនាំ​គណបក្ស​នយោបាយ​ French National Front​ (FN) និង​ជា​បេក្ខជន​នៃ​គណបក្ស​ FN ប្រចាំតំបន់​ Nord-Pas-de-Calais-Picardie នៅ​ក្រោយ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តំបន់​នៅ​ជំុទីពីរ​ត្រូវ​បាន​ប្រកាស​ ក្នុង​ទីក្រុង​ Henin-Beaumont ប្រទេស​បារាំង។
លោកស្រី Marine Le Pen មេដឹកនាំ​គណបក្ស​នយោបាយ​ French National Front​ (FN) និង​ជា​បេក្ខជន​នៃ​គណបក្ស​ FN ប្រចាំតំបន់​ Nord-Pas-de-Calais-Picardie នៅ​ក្រោយ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​តំបន់​នៅ​ជំុទីពីរ​ត្រូវ​បាន​ប្រកាស​ ក្នុង​ទីក្រុង​ Henin-Beaumont ប្រទេស​បារាំង។

គណបក្ស​ប្រកាន់​ស្តាំ​និយម​ជ្រុល​របស់​បារាំង​ បាន​ទទួល​បរាជ័យ​ក្នុង​ការ​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់ បើ​ទោះ​បី​ជា​បាន​ឈរ​នៅ​លំដាប់​កំពូល​នៅ​ដំណាក់​កាល​ដំបូង​នៃ​ការ​បោះ​ឆ្នោត​នោះ​ក៏​ដោយ។

អ្នក​គាំទ្រ​គណបក្ស​រណសិរ្ស​ជាតិ​បាន​ច្បាស់​នៅ​ក្នុង​អារម្មណ៍​ហើយ​ នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ចេញ​ជា​បន្តបន្ទាប់​នៅ​ទូទាំង​ប្រទេស​បារាំង។ បើ​ទោះ​បី​ជា​បាន​ឈ្នះ​សំឡេង​បាន​៦​តំបន់​ក្នុង​ចំណោម​តំបន់​ទាំង​១៣​នៅ​ជុំទី​មួយ​ក៏​ដោយ​ គណបក្ស​នេះ​បាន​បរាជ័យ​ក្នុង​ការ​រក្សា​សំឡេង​ទាំង​នោះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​តំបន់​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ។

ក៏​ប៉ុន្តែ​ អ្នក​វិភាគ​ម្នាក់​គឺ​លោក​ Marta Lorimer​ នៃ​សកល​វិទ្យាល័យសេដ្ឋកិច្ច​ក្នុង​ទីក្រុង​ឡុង​ដ៍ (London School of Economics) និយាយ​ថា​ វា​គឺ​ជា​លទ្ធផល​ដ៏​សំខាន់​មួយ។

«ទន្ទឹម​នឹង​នេះ​ដែរ​ ពួក​គេ​ទទួល​បាន​ចំនួន​អ្នក​គាំ​ទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ។ វា​ជា​គណបក្ស​មួយ​ដែល​មាន​ប្រវត្តិសាស្រ្ត​អស់​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ ហើយ​ពួក​គេ​ទើប​តែ​ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ជិត​៧​លាន​សំឡេង»។

មេ​ដឹកនាំ​រណសិរ្ស​ជាតិ​ គឺ​លោក​ស្រី​ Marine Le Pen​ បាន​វាយ​បក​តាម​សំឡេង​ពោរពេញ​ដោយ​ភាព​មិន​ចុះ​ចាញ់។

លោក​ស្រី​និយាយ​ថា​ ពួក​វរជន​លើ​សកលលោក​កំពុង​តែ​ដើរ​តួ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​បារាំង​ក៏​ដូចជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​ ចុះខ្សោយ​ ។ លោក​ស្រី​បន្ត​ថា៖​ «ក្នុង​នាម​ជាអ្នក​ស្នេហាជាតិ​ យើងសង្ឃឹម​ថា​ ប្រទេស​បារាំង​នឹង​ផ្តល់​ជា​កន្លែង​មួយ​ដែល​អាច​ការពារ​ដល់​ប្រជាជន​បារាំង​ទាំង​អស់​បាន»។

ប្រទេស​បារាំង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រាអាសន្ន​ជា​ផ្លូវ​ការ​អស់​រយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​បំផុស​ឡើង​ដោយ​ក្រុមរដ្ឋឥស្លាម​នៅ​ទូទាំង​ក្រុង​ប៉ារីស​ ដែល​បាន​បន្សល់​ទុក​នូវ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១៣០​នាក់។ ក៏​ប៉ុន្តែ​ បើ​តាម​ការ​យល់​ឃើញ​របស់​លោក​ Lorimer ភាព​ភ័យខ្លាច​នឹង​សកម្មភាព​ភេរវកម្ម​របស់​ពួករដ្ឋ​ឥស្លាម​មិន​មែន​មាន​ន័យ​ថា​ នឹង​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ប្រជាប្រិយភាព​របស់​គណបក្ស​រណសិរ្ស​ជាតិ​នោះ​ទេ។

«ពួក​គេ​បាន​ឈ្នះ​ច្រើន​ណាស់​នៅ​តាម​តំបន់​ដែល​ធ្លាប់​តែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​កុម្មុយនិស្ត​ និង​គណបក្ស​ប្រកាន់​ឆ្វេង​និយម​ជ្រុល។​ មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​ទទួល​ការ​ចំណេញពីសាកលភាវូបនីយកម្ម​ ហើយ​ពួក​គេ​ក៏​ប្រហែលជា​មិន​មែន​ជា​អ្នក​ស្នេហាជាតិ​ដែរ​ ក៏ប៉ុន្តែ​ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ អ្វីៗ​នឹង​មាន​ភាព​ប្រសើរ​ឡើង​នៅ​ពេល​ដែល​អ្វីៗ​គី​ផ្តោត​ទៅ​លើប្រទេស​បារាំង​ ហើយ​មិនមែនពី​សហភាព​អឺរ៉ុប​ ឬ​ពិភពលោក»។

លោក​ស្រី​ Marine Le Pen​ បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​របស់​លោក​ស្រី​ថា​ គណបក្ស​របស់​លោក​ស្រី​នឹង​ត្រឡប់​មក​ជាមួយនឹង​ភាព​រឹងមាំ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​លោក​ស្រី​សង្ឃឹម​ថា​នឹង​ អាច​ប្រឈម​មុខ​តទល់​ដើម្បី​ទទួល​បាន​កៅអី​ជា​ប្រធានាធិបតី​បារាំង៕

ប្រែសម្រួល​ដោយ​ នៀម​ ឆេង

XS
SM
MD
LG