អ្នក​នយោ​បាយ​បន្ត​ខ្វែង​គំនិត​គ្នា​លើ​ការ​ធ្វើ​ច្បាប់​កំណត់​​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណបក្សសង្គ្រោះជាតិ ក្នុង​វេទិកា​សាធារណ:ជួបជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​​​បណ្ណាល័យ​ Tyson Pimmit Regional Library នៅ​​ក្នុង​ទីក្រុង​ Falls Church រដ្ឋ Virginia កាល​ពីថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២១។ (សឿន វឌ្ឍនា/វីអូអេ)

អ្នក​នយោបាយ​មក​ពី​គណបក្ស​គ្រប់​គ្រង​ប្រទេស​ និង​មេដឹកនាំ​គណបក្ស​ជំទាស់​ បន្តតទល់​គ្នា​នឹង​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​នឹងបើក​ផ្លូវ​ឲ្យ​អ្នកកាន់​តំណែង​បួន​សំខាន់​ៗ​ គឺ​ប្រធាន​សភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី និង​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ទៅ​តាម​ការ​ចង់​បាន​របស់​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន។

ការ​បន្ត​ពាក់​មុខ​យក្ស​ដាក់​គ្នានេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ​ បាន​អនុម័ត​លើ​សេច​ក្ដី​ព្រាង​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ«សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់» ហើយ​នឹងត្រូវ​រដ្ឋ​សភា​លើក​យក​មក​ពិនិត្យ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ។

មេដឹក​នាំ​គណ​បក្ស​ជំទាស់​លោក សម រង្សី ចាត់​ទុក​ថា​ សំណើ​វិសោធនកម្ម​ខាង​លើមិន​មាន​ប្រយោជ​ន៍អ្វី​សម្រាប់​ប្រទេស​ជាតិ​នោះទេ។​ ផ្ទុយ​ទៅ​វិញ​ លោក​យល់​ថា​ការ​ធ្វើ​ច្បាប់កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការកាន់​អំណាច​ និង​ការ​កំណត់​មន្ត្រី​រាជ​ការ​កាន់​តំណែង​ក្នុង​មុខ​ងារ​សាធារណៈ​ឲ្យចូល​និវត្ត​ន៍ចាប់​ពី​អាយុ​៧០​ឆ្នាំ​ឡើងនោះ​ជា​រឿង​ប្រសើរ​ជាង។

កាល​ពី​ថ្ងៃ​ទី ០៨ ខែ​តុលា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ក្នុ​ង​ន័យ​ដើម​ថា​៖«ជា​ជាង​ធ្វើ​ច្បាប់​អត់​ប្រយោជន៍​ខាង​លើ​នេះ​ គួរ​តែ​ធ្វើ​ច្បាប់​មួយ​ទៀត ​ដែល​មាន​សារៈ​ប្រយោជន៍​ខ្ពង់​ខ្ពស់​ជា​ទីបំផុត គឺ​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ និង​អ្នក​កាន់​តំណែង​ក្នុង​មុខងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍ ចាប់​ពី​អាយុ៧០​ឆ្នាំ​ឡើង​ទៅ»។

លោក​បន្ថែម​ថា​៖ «ច្បាប់​បែប​នេះ ​គឺ​ជា​ច្បាប់​ចាំ​បាច់​ ដើម្បី​លើក​តម្កើង​តួនាទី​ និង​លើក​ទឹក​ចិត្ត​យុវ​ជន​ជំនាន់​ក្រោយ​ ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ ​គ្រប់​ជាន់​ថ្នាក់»។

អតីត​មេ​បក្ស​ជំទាស់​រូប​នេះ បាន​បញ្ជាក់​ទៀត ​មាន​ច្បាប់​មួយ​ទៀត ដែល​មាន​សារៈ​សំខាន់​ផង​ដែរ​នោះ​ គឺ​ច្បាប់​កំណត់​អាណត្តិ​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​ ឲ្យ​ត្រឹម​តែ​ ២ ​អាណត្តិ​ គឺ​១០​ឆ្នាំ​ យ៉ាង​ច្រើន​ «ដើម្បីលើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ទប់​ស្កាត់​ជន​ផ្តាច់​ការ​ណា​ម្នាក់​ ដែល​ចង់​ក្រាញ​អំណាច​មួយ​ជីវិត»។

​ការ​ប្រកែក​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ ក្នុង​សំណុំ​រឿង​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​ ដើម្បី​ចូល​កាន់​តំណែង​កំពូលៗ​រដ្ឋ​នេះ​ ធ្វើ​ឡើង​ ​ក្រោយ​ពី​សារព័ត៌មាន​ The Guardian ​បាន​ចេញ​ផ្សាយ​លទ្ធផល​ស្រាវ​ជ្រាវ«The Pandora Papers» ដែល​ដើមឡើយ​ថា​ មេដឹក​នាំ​កម្ពុជា​លោក​ ហ៊ុន​ សែន មាន​លិខិត​ឆ្លង​ដែន​របស់ប្រទេស​ស៊ីប​ ឬ​ (Cyprus) ដែល​ជា​ប្រទេស​ដែន​កោះមួយ​នៅ​ទ្វីប​អឺរ៉ុប។​ ប៉ុន្តែ​ក្រោយ​មក​ កាសែត​នៅ​ចក្រភព​អង់​គ្លេស​មួយ​នេះ​ កែ​តម្រូវ​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ គ្មាន​លិខិត​ឆ្លង​ដែន​របស់​ប្រទេស​ស៊ីប​ទេ។

មុន​កា​រចេញ​សេចក្តី​កែតម្រូវ​របស់​សារព័ត៌មាន​ The Guardianនោះ​ មេដឹក​នាំ​បក្ស​ជំទាស់​លោក​ សម រង្ស៊ី​ បាន​ចោទ លោក ​ហ៊ុន សែន​ ថា​ជា​ជន​ដែល​គ្មាន​ភក្តីភាព​ចំពោះ​ជាតិ​ ដោយ​លើក​ហេតុផល​ថា​ មេដឹកនាំ​កម្ពុជា​រូប​នេះ​បាន​ទិញ​សញ្ជាតិ​និង​លិខិត​ឆ្លងដែន​ពី​ប្រទេសស៊ីប​នោះ។ លោក​ ហ៊ុន សែន ប្រធាន​គណបក្ស​គ្រប់​គ្រង​ប្រទេស​បាន​ច្រាន​ចោល​ភ្លាមៗ​ការ​ចោទ​ប្រកាន់​នេះ រួច​ក៏​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ការ​ទទួលបាន​តំណែង​កំពូលៗ​រដ្ឋ​នេះ​តែ​ម្តង។

អ្នកនាំ​ពាក្យ​រាជ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន មាន​ប្រសាសន៍ថា​ ការចង់​ធ្វើច្បាប់​ដើម្បី​ «កំណត់​អាណត្តិ​កាន់​អំណាច​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​និង​ច្បាប់​កំណត់​អាយុ​ឲ្យ​មន្ត្រី​រាជ​ការចូលនិវត្តន៍»ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​ សម រង្ស៊ី​នោះ​ គឺ​មិន​អាច​ទៅ​រួច​ទេ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «រង្សី​ដូច​គាត់​លើក​ឡើង​គឺ​លើក​ឡើង​តាម​មនោសញ្ចេត​នារបស់​គាត់។ យើង​ធ្វើ​ទៅ​តាម​អ្វី​ក្រឹត្យក្រម​ នូវ​អ្វី​ដែល​ជាការ​ប្រព្រឹត្ត​ទៅ​និង​ដំណើរការ​របស់​គណ​បក្ស​របស់​នីមួយៗ​ដែល​[ប្រកាន់​នូវ​]​របប​សភា​និយម»។

លោក​បន្ថែមថា៖«នា​យក​រដ្ឋ​មន្ត្រី​ឬ​ក៏បេក្ខភាព​របស់​មន្ត្រី ​បើ​គណ​បក្ស​គេ​យល់​ឃើញ​ថា​មន្ត្រី​នោះ​នៅ​មាន​សមត្ថភាព​ធ្វើ​ការ​បាន​ប្រកប​ដោយ​ជោគជ័យ​ប្រកប​ដោយ​ផល។ បក្ស​នី​មួយ​ៗ​ហ្នឹង​ត្រូវ​ថែ​រក្សា​ដែល​ជា​បេក្ខ​ភាព​របស់​មន្ត្រី​នោះ។ គ្មាន​អ្នក​ណា​មួយ​ដែល​ហ៊ាន​សម្រេច​ជំនួស​គណ​បក្ស​របស់​គេ​ទេ»។

បើ​តាម​លោក​ ផៃ ស៊ីផាន សំណើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញស្តីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​នោះ​ «គឺ​ប្រញាប់» ហើយ​ សភា​នឹង​ធ្វើ​ការ​ពិនិត្យ​ និង​សម្រេច​នៅ​ក្នុង​សប្តាហ៍​នេះ។

លោក​ថ្លែង​ថា៖ «​ថ្ងៃ​សុក្រ​ហ្នឹង​ក៏​បញ្ចប់​[ការ​ពិនិត្យ​របស់​]​គណៈ​រដ្ឋមន្ត្រី​ ហើយ​ចាប់​ផ្តើមពី​ថ្ងៃ​ចន្ទ​ ថ្ងៃ​អង្គារ​ទៅ​បាន​ច្បាប់​ហ្នឹង​ ដាក់​ចូល​ទៅ​សភា ដើម្បី​សភា​ពិនិត្យ​មើល»។

អ្នក​នាំ​ពាក្យ​រដ្ឋ​សភា លោក​ ឡេង ប៉េង​ឡុង​ បញ្ជាក់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ សភា​មិន​ទាន់​បាន​ទទួល​សេចក្តី​ព្រាង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ​ទេ។ ប៉ុន្តែ​លោក​មាន​ប្រសាសន៍ថា​ សេចក្តី​ព្រាង​នោះ​នឹង​អាច​មក​ដល់​សភា​ក្នុង​សប្តាហ៍​នេះ​ ក្រោម​ហេតុផល​ថា នេះ​ជា​កិច្ច​ការ​បន្ទាន់​មួយ។ ​

អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុប្រធាន​បណ្តោះ​អាសន្ន​របស់​«គណបក្ស​កែទម្រង់​កម្ពុជា» លោក​ អ៊ូ ច័ន្ទរ័ត្ន​ ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា​ ដំណើរ​ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ មាន​ចេតនា​យក​ឈ្នះគ្នា​ខាង​នយោ​បាយ​ ដែល​មិន​ចំណេញ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក​ថ្លែង​ថា៖ «កា​រកំណត់​សញ្ជាតិ​មួយ​នេះ​មិន​ចំណេញ​ដល់​កម្ពុជា​ទេ​ វាធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្មារតី​ឯកភាព​ជាតិ​ ស្មារតី​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ហ្នឹង​...។ ហើយ​វា​បង្ហាញ​នូវ​ការ​រើស​អើង ​នយោ​បាយ​រវាង​ខ្មែរ​និង​ខ្មែរ​គ្នា​ឯង»។

អ្នក​នយោបាយ​ខ្មែរ​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង​រូប​នេះ​ ក៏​ចង់​ឃើញប្រមុខ​រាជ​រដ្ឋាភិបាល​ពិចារណា កុំ​យកការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​នេះ ​ជាកិច្ចការ​អាទិភាព​សម្រាប់​ប្រទេស​ជាតិ ទោះ​បី​ជា​ច្បាប់​នេះ​អាច​នឹង​ធ្វើ​ទៅ​រួច​ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ក៏​ដោយ បើ​មើល​ទៅ​លើ​ស្ថាប័ន​សភា​ទាំង​ពីរដែល​គ្រប់​ដណ្តប់​ដោយ​សមាជិក​ស្ទើរ​តែ​ទាំង​អស់​មក​ពី​គណបក្ស​កាន់​អំណាច។

អ្នក​វិភាគ​នយោ​បាយ​លោក​ សេង​ សារី​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា ជម្លោះ​ពាក្យ​សម្តី​ដែល​កើត​ជា​បន្ត​រវាង​មេ​ដឹក​នាំ​គណ​បក្ស​កាន់​អំណាច​និ​ង​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ នឹង​កាន់​តែមាន​ភាព​តាន​តឹង​បន្ថែម​ទៀត​ក្នុង​ការចរចា និង​សម្រប​សម្រួល​ផ្នែក​នយោ​បាយ​ មុន​ពេល​បោះ​ឆ្នោត​ នៅ​ឆ្នាំខាង​មុខ​នេះ។ ​

លោក​បន្ថែម​ថា៖ «​វា​អត់​មាន​អ្វី​ចំណេញ​ទាល់​តែ​សោះ​នៅ​ក្នុង​ករណី​ដែល​ជម្លោះ​វោហារសាស្ត្រ​នេះ​នៅ​តែ​បន្ត​ឥតឈប់​ឈរ​ ហើយ​វាធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ មាន​អារម្មណ៍​តប់​ប្រមល់​ក្នុង​ស្ថានភាព​ដែល​កំពុង​មាន​បញ្ហា​រឿង​កូវីដ​១៩​ហើយ​ ហើយ​អ្នក​នយោបាយ​នៅ​តែ​បន្ត​សង្គ្រាម​វោហារសាស្ត្រ​រហូត​ដល់​ឥឡូវ​ទៀត»។

គួរ​បញ្ជាក់​ផង​ដែរថា ​កាល​ពី​ថ្ងៃទី​០៧​ ខែ​តុលា​កន្លងទៅ​ លោក សម​ រង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរនាក់​ទៀត​ និង​អតីត​តំណាងរាស្ត្រ​បក្ស​ជំទាស់​ម្នាក់ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​ «រួម​គំនិត​ក្បត់»​និង​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ក្នុង​សំណុំរឿង​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​មាន​សញ្ជាតិ​ស៊ីប​នោះ៕