តុលាការរាជធានីភ្នំពេញបានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី និងសមាជិកបក្សមួយចំនួនទៀតពីបទ«រួមគំនិតក្បត់»មួយថ្មីទៀតបន្ទាប់ពីលោកសម រង្ស៊ីបានអំពាវនាវតាមប្រព័ន្ធទំនាក់ទំនងសង្គមឲ្យកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋងើបផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនិងក្រុមអតីតតំណាងរាស្ត្រគណបក្សប្រឆាំងរួមមានលោក អ៊េង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាអនុប្រធានបក្សនិងលោក ហូរ វ៉ាន់ ក៏ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែតុលាដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះអយ្យការបានសម្រេចធ្វើការចោទប្រកាន់ខាងលើដោយផ្អែកតាមអង្គហេតុនៃសេចក្តីអំពាវនាវមួយរបស់បុគ្គលសមរង្ស៊ីតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៥ខែតុលាកន្លងទៅ។
អយ្យការចោទថា ខ្លឹមសារអំពាវនាវនៅពេលនោះបង្កប់នូវ«ការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា»«ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិតក្រោមឧបាយកលអំពាវនាវញុះញង់កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋឲ្យផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ការចោទប្រកាន់បទឧក្រិដ្ឋជាថ្មីទៀតរបស់តុលាការទីក្រុងភ្នំពេញមកលើលោកសមរង្ស៊ី និងក្រុមសហការីរបស់លោកកើតឡើងយ៉ាងប្រញាប់ប្រញាល់បន្ទាប់ពីមេដឹកនាំបក្សជំទាស់បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៥តុលា ដោយចោទថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជាជនដែលគ្មានភក្តីភាពជាតិចំពោះជាតិព្រោះលោកបានទិញសញ្ជាតិនិងលិខិតឆ្លងដែនពីប្រទេសអឺរ៉ុបមួយឈ្មោះស៊ីបឬសាយប្រឹស (Cyprus)។ លោក ហ៊ុន សែន ប្រធានគណបក្សគ្រប់គ្រងប្រទេសបានច្រានចោលភ្លាមៗការចោទប្រកាន់នេះ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាធានីភ្នំពេញលោកប្លង់សុផលបដិសេធមិនផ្តល់ការអធិប្បាយលើសំណួរទាក់ទងនឹងភាគីនៅពីក្រោយការប្តឹងលោកសម រង្ស៊ីដែលនាំឲ្យមានបទចោទប្រកាន់ព្រហ្មទណ្ឌបន្ថែមមកលើមេបក្សជំទាស់នេះទៀតនោះ។
អ្នកវិភាគនយោបាយលោកសេងសារី ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជាមានភាពតានតឹងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីមានជម្លោះពាក្យសម្តីរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងទិញសញ្ជាតិពីប្រទេសស៊ីបនោះ។
លោកកត់សម្គាល់បន្ថែមថាចំណាត់ការតុលាការមកលើក្រុមមេដឹកនាំគណបក្សជំទាស់ នឹងធ្វើឲ្យបាត់ឱកាសផ្សះផ្សារនយោបាយរបស់គណបក្សទាំងពីរហើយថាលោក សម រង្ស៊ី ក៏ទំនងជាត្រូវបង្ខំចិត្តលះបង់សញ្ជាតិបារាំងបើលោកចង់មកចាប់ផ្តើមជីវិតនយោបាយនៅកម្ពុជាឡើងវិញ។
លោកបញ្ជាក់ថា៖ «អីចឹងហើយកត្តាទោសទណ្ឌក៏ជាកត្តាដែលមិនអាចធ្វើឲ្យឯកឧត្តម សម រង្ស៊ីត្រឡប់មកឆាកនយោបាយវិញ។ ហើយច្បាប់ហ្នឹងក៏កាន់តែរុញមួយគន្លាក់ទៀតដែលធ្វើឲ្យឯកឧត្តមសមរង្សីហ្នឹងត្រូវតែលះបង់សញ្ជាតិបើសិនជាក្នុងករណីមានការលើកលែងទោសឬក៏ក្នុងករណីអីហ្នឹងត្រូវត្រូវលះបង់សញ្ជាតិបារាំងដែលគាត់មាន...ដើម្បីមកត្រឡប់មកធ្វើនយោបាយឡើងវិញ»។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ទៀតថាជម្លោះនយោបាយនៅកម្ពុជាស្ថិតនៅជាក្តីបារម្ភរបស់អ្នកឃ្លាំមើលសិទ្ធិមនុស្សពីក្រៅប្រទេសកម្ពុជាហើយប្រទេសប្រជាធិបតេយ្យសំខាន់ៗដូចជាសហរដ្ឋអាមេរិកក៏បន្តតាមដានពីដំណើរធាក់ថយក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជា។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូលោក អំ សំអាត និយាយថាព្រឹត្តការណ៍នយោបាយដែលបានកើតឡើងចុងក្រោយនេះមិនខុសពីព្រឹត្តិការណ៍នយោបាយកន្លងមកទេតួយ៉ាងព្រឹត្តការណ៍នៃផែនការរបស់លោកសមរង្ស៊ីធ្វើមាតុភូមិនិវត្តន៍កាលពីថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៩។ ក្រោយព្រឹត្តិការណ៍នោះលោកថាមានករណីប្តឹងផ្តល់ក្រុមគណបក្សជំទាស់ជាបន្តបន្ទាប់។
លោកលើកទឹកចិត្តឲ្យអ្នកនយោបាយងាកទៅរកការផ្សះផ្សារជានាគ្នាវិញជាជាងការព្យាបាទគ្នាតាមផ្លូវការតុលាការដែលបានកើតឡើងច្រំដែលទៅតាមព្រឹត្តិការណ៍នយោបាយធំៗនោះ។
លោកប្រាប់វីអូអេថា៖ «ដំណោះស្រាយដ៏ល្អហ្នឹងគឺការឯកភាពជាតិការសាមគ្គីជាតិខ្មែរតែមួយហើយអ្នកនយោបាយទាំងអស់ប្រកួតប្រជែងគ្នាតាមបែបលទ្ធិប្រជាធិបតេយ្យបានន័យថា ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវយុត្តិធម៌ហ្នឹងរាល់ប្រាំឆ្នាំម្តងនោះវាជារឿងល្អបំផុត»។
ក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីទី៦ ខែតុលា ពីទីក្រុងហ្សឺណែវប្រទេសស្វីសលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិនៅប្រទេសកម្ពុជាស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការតាមរុកកួនអ្នកជំទាស់ជំរុញឲ្យមានការផ្សះផ្សាយនយោបាយនៅកម្ពុជា ព្រមទាំងបញ្ចប់ការក្តោបក្តាប់អំណាចផ្តាច់មុខ។ ប្រេសិតអ.ស.ប.រូបនេះលើកឡើងយ៉ាងដូច្នេះក្នុងរបាយកាណ៍ដំបូងរបស់លោកដែលបានបង្ហាញនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បកាលពីពេលថ្មីៗនេះ។
សេចក្តីប្រកាសរបស់ប្រេសិតសិទ្ធិមនុស្សរូបនេះធ្វើឡើងនៅចំពេលដែលកាសែត The Guardian ចេញការតម្រូវសេចក្តីរាយការណ៍ខ្លួនថាមេដឹកនាំកម្ពុជាលោក ហ៊ុន សែនមិនស្ថិតក្នុងចំណោមបុគ្គលដែលបានទទួលលិខិតឆ្លងដែនរបស់ប្រទេសស៊ីបទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាឲ្យអាជ្ញាធរយុត្តិធម៌កម្ពុជាសិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយថ្មីមួយដើម្បីកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់តំណែងសំខាន់ៗក្នុងការដឹកនាំជាតិក្នុងនោះមានតំណែងនាយករដ្ឋមន្ត្រី។ លោកលើកឡើងថាសំណើវិសោធកម្មរដ្ឋធម្មនុញ្ញនេះគឺ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស»។
ប៉ុន្តែលោកសម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនប្រទេសបារាំងតបតវិញដោយបានលើកឡើងតាមបណ្តាញសង្គមហ្វេសប៊ុកថាកាលពីថ្ងៃទី៧ខែតុលាក្នុងន័យដើមថា៖ «កាសែតThe Guardian ទើបតែបានបញ្ជាក់ថាទោះបីហ៊ុន សែនខ្លួនឯង មិនទាន់បានទិញសញ្ជាតិសាយប្រឹស(Cyprus)យ៉ាងណាក៏ដោយក៏មានអ្នកនៅជុំវិញគាត់និងជិតស្និតជាមួយគាត់បានទិញសញ្ជាតិCyprusនេះយ៉ាងពិតប្រាកដ»។
កាលពីខែមីនាឆ្នាំ២០២១តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ភរិយានិងសហការីរបស់លោកដែលជាថ្នាក់ដឹកនាំកំពូលៗចំនួន៧ នាក់ទៀត ឲ្យជាប់ពន្ធនាគារម្នាក់ៗចាប់ពី ២០ ដល់ ២២ ឆ្នាំ។ពួកគេត្រូវបានចោទប្រកាន់ពីបទឧបឃាតប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ ២០១៩ នៅពេលលោក សម រង្ស៊ី ប្រកាសវិលត្រឡប់ចូលប្រទេសវិញ។
មុនពីរថ្ងៃនៃការប្រកាសចូលមកប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះលោក សម រង្ស៊ីបានថ្លែងថាផែនការលោកនឹងនាំឲ្យមានចលនារើបម្រាស់ដ៏ធំមួយពីសំណាក់ប្រជាជនដោយអហិង្សា ដើម្បីបង្ខំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ ប៉ុន្តែផែនការរបស់លោកសម រង្ស៊ីមិនបានជោគជ័យ នោះឡើយ៕