ភាព​តានតឹង​នយោបាយ​នៅ​ក្រោយ​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​អ្នក​ទេសចរ​ចិន​ដី​គោក​នៅ​កោះ​ហុងកុង

អ្នក​តវ៉ា​បង្ហាញ​សញ្ញា​មេ​ដៃ​ចុះ​ក្រោម​ទៅ​កាន់​អ្នក​ដំណើរ​ចិន​កំឡុង​ពេល​បាតុកម្ម​នៅ​ក្នុង​ហាង​ទំនិញ​មួយ​នៅ​ហុងកុង​ កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥។

ការ​ប្រឈម​មុខ​គ្នា​រវាង​អ្នក​ទេសចរ​ចិន​ដី​គោក​និង​បាតុករ​ហុងកុង​បាន​ផ្ទុះ​ឡើង​នៅ​ផ្សារ​ទំនើប​របស់​ហុងកុង​ជាច្រើន​ក្នុង​ខែ​នេះ​ ខណៈ​ពេល​ដែល​សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​និង​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ការ​អំពាវនាវ​របស់​ពួកគេ​ឲ្យមាន​តំណាង​នៃ​ការ​ដឹកនាំមិន​ត្រូវ​បាន​យក​ចិត្តទុក​ដាក់​ដោយ​អាជ្ញាធរ​នោះ​ទេ។

កាលពី​ថ្ងៃ​អាទិត្យ​សបា្តហ៍​មុន​ បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ហាង​ទំនិញ​ហុងកុង​មួយ​ដោយ​បាន​ស្រែក​រិះគន់​ដល់​អ្នក​ទិញ​ទំនិញ​ជនជាតិ​ចិន​ដី​គោក​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

អ្នក​តវ៉ា​ស្រែក​ខ្លាំងៗ​ថា «មនុស្ស​ចង្រៃ​ ត្រឡប់​ទៅ​កាន់​ទឹកដី​អ្នក​ឯង​វិញ​ទៅ» ហើយ​បាន​ឡោមព័ទ្ធ​អ្នក​ទេសចរ​មួយ​ចំនួន​នៅ​ក្នុង​ហាង​នោះ​នៅ​ក្បែរ​ ស្រុក​ Sha Tin ដែល​លាតសន្ធឹង​ពី​ខ្សែ​ផ្លូវ​រថភ្លើង​ហុងកុង​ទៅ​ទឹកដី​ចិន​ដី​គោក។​

Wai Hing Wong ស្ថិត​នៅ​ជាមួយ​ក្រុម Faculty of Orchid Gardening ដែល​ជា​ក្រុម​តវ៉ា​មួយ​ទាមទារ​ឲ្យ​មាន​ស្វ័យភាព​នៃ​រដ្ឋ​ទីក្រុង​នេះ ឬ​ក៏​ទាមទារ​ឲ្យ​ហុងកុង​មាន​ស្វ័យភាព​នៅ​ក្រោម​គោលការណ៍​ «ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ»។

«ខ្ញុំ​គិត​ថា​ មនុស្ស​ម្នា​កំពុង​មាន​ឥវិយាបថ​ថ្មី​មួយ​ចំពោះ​របៀប​តវ៉ា​បែប​បុរាណ​ដែល​ឥឡូវ​នេះ​ពួកគេ​មាន​ភាព​ក្លាហាន​និង​ហ៊ាន​ក្រោកឈរ​តវ៉ា។ ពីព្រោះ​អ្វី​ដែល​យើង​ធ្វើ​អស់​រយៈពេល​២០​ឬ​៣០ឆ្នាំ​ចុង​ក្រោយ​នេះ​ មនុស្ស​ទាំង​នោះ​មាន​អារម្មណ៍​ថា​វា​គ្មាន​ផ្លូវ​នោះ​ទេ រដ្ឋាភិបាល​នៅ​តែ​មិន​ស្តាប់​ពួកយើង»។

ការ​ប្រឈម​មុខ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​មាន​បាតុកម្ម​ស្រដៀង​គ្នា​នេះ​កាល​ពី​សបា្តហ៍​មុន ជា​កន្លែង​មួយ​ដែល​បាតុករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ហាង​លក់​ទំនិញ​ក្នុង​ក្រុង​ Tuen Mun នៅ​ក្បែរ​ព្រំប្រទល់​ហុងកុង​ជាមួយ​ចិន​ដី​គោក។ នៅ​ទីនោះ​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​១២នាក់​និង​បាន​ប្រើ​ផ្សែង​បង្ហូរ​ទឹកភ្នែកដើម្បី​បាញ់​បំបែក​ក្រុម​បាតុករ។ ប៉ូលិស​ម្នាក់​ និង​បាតុករ​មួយ​ចំនួន​ត្រូវ​បាន​រង​របួស។

Joseph Cheng សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់​នៅ​សាកលវិទ្យាល័យ​ហុងកុង​និយាយ​ថា​ការ​តវ៉ា​ទាំង​នោះ​ គឺជា​ការ​បង្ហាញ​នូវ​កំហឹង​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដែល​បរាជ័យ​ក្នុង​ការ​ការពារ​ពលរដ្ឋ​ហុងកុង។​

«វា​ឆ្លុះ​បញ្ចាំង​ពីភាព​បែក​បាក់​និង​ភាព​មិន​ចុះ​សម្រុង​គ្នា​ដែល​កាន់​តែ​កើន​ឡើង​រវាង​សហគមន៍​ក្នុង​ស្រុក ​និង​អ្នក​ទេសចរ​មក​ពី​ចិន​ដី​គោក។ ការ​ខឹង​សម្បារ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន​ក្នុង​ក្រុង​ប៉េកាំង​និង​ប្រឆាំង​អ្នក​ទេសចរ​ចិន​ដី​គោក​ដែល​មក​លេង​នៅ​ហុងកុង​បាន​កើន​ឡើង​ ហើយ​នៅ​កម្រិត​មួយរឿង​ទាំង​ពីរ​នេះ​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ក្នុង​ន័យ​ដែល​ថា​រដ្ឋាភិបាល​ និង​ក្រុម​អភិជន​មិន​ផ្តល់​ដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ពី​គំនិត​ប្រឆាំង​ចិន​នៅ​ក្នុង​សហគមន៍​និង​កំពុង​តែ​ស្វែង​រក​នូវ​ដំណោះស្រាយ​សមរម្យ​មួយ​ដើម្បី​គ្រប់គ្រង​ចំនួន​អ្នក​ទេសចរ​ដែល​មក​លេង​ហុងកុង។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ពលរដ្ឋ​សាមញ្ញ​នៅ​ក្នុង​ក្រុង​ហុងកុង​ចាត់​ទុក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​មាន​ការ​គាប​សង្កត់​ខ្លាំង​ទៅៗ»។

កាលពី​ថ្ងៃ​ពុធ​ អភិបាល​ក្រុង​ហុងកុង​បង្ហាញ​គំនិត​របស់​លោក​ចំពោះ​បាតុកម្ម​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ទៅ​ ដោយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​មាន​ចរិត​ដូច​សត្វ​ពពែ​ ដែល​ជា​សត្វ​នៅ​ក្នុង​ឆ្នាំ​២០១៥​របស់​ចិន។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​មួយ លោក Cy Leung និយាយ​ថា «នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ ខ្ញុំ​សង្ឃឹម​ថា​ពលរដ្ឋ​ទាំង​អស់​នៅ​ហុងកុង​នឹង​យក​គំរូ​តាម​តួអង្គ​ពពែ​និង​រួបរួម​គ្នា​ក្នុង​ន័យ​ផ្លាស់​ប្តូរ​ដើម្បី​អនាគត​របស់​ហុងកុង»។

នៅ​ក្នុង​ការ​ប្រឈម​មុខ​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ទេសចរ​ចិន​ដី​គោក​នា​ពេល​ថ្មីៗ​នេះ​ អ្នក​តវ៉ា​ជាច្រើន​បាន​បង្ហាញ​ពី​កំហឹង​របស់​ខ្លួន​ទៅ​លើ​អ្នក​ជំនួញ​ដែល​ពាក់ព័ន្ធ​ក្នុង​ជំនួញ​មួយ​ដែល​គេ​ហៅ​ថា «ជំនួញ​ស្រប​គ្នា»។ ពួកគេ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ទៅ​ទិញ​ទំនិញ​ដូចជា​ម្សៅ​ទឹក​ដោះ​គោ​និង​ឱសថ​ដែល​មាន​ចំនួន​ច្រើន​ហើយ​មិន​មាន​បង់​ពន្ធ។ បន្ទាប់​មក​ ពួកគេ​លក់​ទំនិញ​ក្នុង​តម្លៃ​ថោកៗ​នៅ​ចិន​ដី​គោក។

អ្នក​តវ៉ា​ទាំង​នោះ​និយាយ​ថា​ការ​ធ្វើ​បែប​នេះ​បាន​តម្លើង​តម្លៃ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ទីក្រុង។​ មនុស្ស​ជាច្រើន​ក៏​បាន​និយាយ​ដែរ​ថា​អតិថិជន​ចិន​ដី​គោក​បាន​ធ្វើ​ឲ្យ​ទំនិញ​ឡើង​ថ្លៃ និង​ការ​ជួល​នានា​ក៏​ឡើង​ថ្លៃ​ដែរ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ ដែល​នេះ​បាន​ធ្វើ​ឲ្យ​ការ​រស់នៅកាន់​តែ​លំបាក​នៅ​ក្នុង​ទីក្រុង។

ការ​ប្រឈម​មុខ​គ្នា​បាន​កើត​ឡើង​បន្ទាប់​ពី​បាតុកម្ម​គាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ទាំង​នេះ​ ដែលបាន​បិទ​ផ្លូវ​របស់​ក្រុង​ហុងកុង​ជាច្រើន​អស់​រយៈពេល​ជិត​៣ខែ​ ដោយ​អ្នក​តវ៉ា​ចេះ​តែ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ចំពោះ​មេដឹកនាំ​ក្រុង។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ Pa Sha បាន​ចូល​រួម​ក្នុង​បាតុកម្ម​ទាំង​នោះ​ ហើយ​ព្រួយ​បារម្ភ​ថា​ការ​ប្រឈម​មុខ​គ្នា​ជាមួយ​អ្នក​ទេសចរ​ចិន​ដី​គោក​នា​ពេល​ថ្មីៗ​កាន់​តែ​ច្រើន​ឡើងៗ​អាច​នឹង​ឈាន​ដល់​ការ​ប្រយុទ្ធ​គ្នា​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ទាមទារ​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ទីក្រុង។

«សារ​ពួកគេ​ប្រើ​ដែល​រួម​មាន​ពាក្យ​រិះគន់​ដែល​ប្រកាន់​ជាតិ​សាសន៍​ជាច្រើន​កំពុង​តែ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ហើយ​សម្រាប់​មនុស្ស​ទាំង​នេះ​ ការ​ចាប់​អារម្មណ៍​របស់​ពួកគេ​បាន​ប្តូរ​ពី​ការ​ប្រយុទ្ធ​ដើម្បី​គោល​នយោបាយ​ល្អ​ប្រសើរ​ជាង​មុន​ ដូចជា​នៅ​ក្នុង​រឿង​ផ្ទះ​សម្បែង​ និង​គោល​នយោបាយ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត​ ទៅ​ជា​ប្រឆាំង​នឹង​ជនជាតិ​ចិន​ដី​គោក​ ជា​ពិសេស​អ្នក​ធ្វើ​ដំណើរ​ចិន​ដី​គោក​ដែល​រួម​មាន​ទាំង​បញ្ហា​របស់​អ្នក​ជំនួញ​ដែល​គេ​ហៅ​ថា​អ្នក​ជំនួញ​ស្រប​គ្នា​ផង​ដែរ»។

បាតុករ​មួយ​ចំនួន​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​កម្មវិធី​ដែល​អនុញាតិ​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង Shenzhen ដែល​ជា​ក្រុង​ភាគ​ខាង​ត្បូង​របស់​ចិន​ អាច​មាន​ទិដ្ឋាការ​ចេញ​ចូល​ច្រើន​ដង។ អ្នក​តវ៉ា​ដែល​ទាមទារ​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ចំពោះ​មេដឹកនាំ​ហុងកុង​សន្យា​ថា​នឹង​បន្ត​មិន​គោរព​ច្បាប់​នៅ​រដូវ​ផ្ការីក​នេះ​ត​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ